ជម្ងឺកូវីដ-១៩ បាននិង​កំពុងរីករាលដាល​ក្នុងប្រទេសកម្ពុជា​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​។ ចំនូន​ករណី​ឆ្លង​បាន​កើនឡើងក្នុង​រាជធានីភ្នំពេញ ហើយ​ការរីករាល​ដាល​នេះ​ក៏​កំពុង​តែ​វិវឌ្ឍន៍​ទៅ​តាម​​បណ្តាខេត្ត​នានាដែលជាក្តីកង្វល់មួយយ៉ាងខ្លាំង។

ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការ «៣ការពារ ៣កុំ» ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​នេះ ហើយមួយក្នុងចំណោមនោះ គឺការពាក់ម៉ាស ជាពិសេសនៅតាមទីសាធារណៈ។ ប៉ុន្តែ​តាម​ការសង្កេត​កន្លង​ទៅ ចំនួនប្រជាជនដែលពាក់ម៉ាស់នៅមានកម្រិតនៅឡើយ ពោល​គឺ​ប្រជាជន​មួយ​ចំនួន​មិនបានយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវលើវិធានការការពារមួយនេះទេ ។

តើមានមូលហេតុអ្វីដែលបណ្តាលឲ្យប្រជាជនមួយចំនួនមិនអនុវត្តវិធានការពាក់ម៉ាស់នេះ ទាំង​ដែល​មេរោគ​កូវីដ១៩​កំពុង​វា​តទីសឹងតែគ្រប់ទីកន្លែងទៅហើយ?

យោងតាមក្រុមសហគមន៍អនឡាញមួយ (Facebook community) ដែល​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ខែកក្កដា ឆ្នាំ២០២១ ក្នុង​គោល​បំណង​បញ្ចេញ​មតិ​យោបល់​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការរីករាល​ដាលនៃវីរុសកូវីដនេះបានបង្ហាញ​​ថា ប្រជាជន​មួយចំនួន​តូច​មិន​បាន​ពាក់​ម៉ាស់ ព្រោះពួកគាត់យល់ថា ការពាក់ម៉ាស់ធ្វើឲ្យមានផលវិបាកក្នុងការដកដង្ហើម ជាពិសេស​នៅ​ពេល​ពាក់​ក្នុង​រយៈពេលយូរ ស្របជាមួយនឹងអាកាសធាតុក្តៅ ហើយ​​មនុស្ស​មួយចំនួន​មិន​ទម្លាប់​ក្នុង​ការពាក់ម៉ាស់។ ប៉ុន្តែបើយើងគិតឲ្យមែនទែនទៅ វាមិនពិបាកដូចការឆ្លងវីរុសនេះទេ ហើយ​ក៏​មិន​ពិបាក​ខ្លាំងរហូតដល់ធ្វើឲ្យមានហានិភ័យដល់ជីវិតនោះដែរ។

អ្នកខ្លះយល់ថា គាត់បានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចហើយ។ ប៉ុន្តែ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​បានឱ្យដឹងថា វ៉ាក់សាំងនេះការពារមិនឱ្យមានការវិវត្តជម្ងឺទៅរកសភាពធ្ងន់ធ្ងរ ឬ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិតតែប៉ុណ្ណោះ តែ​មិនមែន​បាន​ន័យថា ការចាក់​វ៉ាក់សាំង​អាច​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង ឬចម្លងទៅអ្នកដទៃបាននៅឡើយទេ។

មតិខ្លះទៀតបានយល់ឃើញថា កត្តាដែលបណ្តាលឲ្យប្រជាជនខ្លះមិនពាក់ម៉ាស់ ព្រោះ​ពួក​គាត់​គិតថា មិនមាន​ករណីឆ្លងក្នុងសហគមន៍ដែលគាត់រស់នៅនៅឡើយ ជាពិសេស​ប្រជាជន​មួយ​ចំនួន​នៅ​តាម​បណ្តាខេត្តដែលមិនមានករណីឆ្លង ឬមានតិចតួច។ តែការយល់ឃើញ​បែប​នេះ​គឺ​មាន​គ្រោះថ្នាក់ណាស់ ព្រោះថាយើងមិនអាចមើលដឹងទេថាអ្នកណាមានផ្ទុកវីរុសនេះ ប្រសិនបើ​គាត់មិនទាន់ចេញរោគសញ្ញា ហើយគាត់មានទំនាក់ទំនងជាមួយអ្នកណាខ្លះ មកពីតំបន់ណា ព្រោះប្រជាជនតែងចល័តខ្លួនប្រកបរបរ ឬធ្វើដំណើរជាប្រចាំថ្ងៃ។

ចុះប្រសិនបើមានការឆ្លងតែមួយករណី វានឹងរីករាលដាលពេញសហគមន៍ទៅហើយទេឬ? ដូចនេះ ការមិនអនុវត្តវិធានការការពារនេះពិតជាមានហានិភ័យខ្លាំងណាស់។

អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺការអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេស​គឺការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ ឬ​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ។ នៅតាមសហគម៍នីមួយៗ​​ រដ្ធបាលភូមិ ឃុំ ត្រូវ​មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ និង​ជា​ប្រចាំ ជាពិសេស​ចំពោះ​ច្បាប់​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ស្តីពី​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស់ និងការផាកពិន័យផងដែរ។

ចូរចាំថាការចូលរួមរបស់យើងទាំងអស់គ្នា គឺជា​ការរួមចំណែក​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុសកូវីដ​១៩​នេះ៕​