Site icon Newsroom Cambodia

នាវាចម្បាំងអូស្ត្រាលីចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា

នាវាចម្បាំងអូស្ត្រាលីចាកចេញពីកំពង់ផែក្រុងព្រះសីហនុ កាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ រូបភាព៖ ព័ត៌មានកងទ័ពជេីងទឹក មូលដ្ឋានសមុទ្រ

នាវា​ចម្បាំង​អូស្ត្រាលី​ HMAS Anzac​ ​បាន​​ចាក​ចេញ​ពី​កំពង់​ផែក្រុងព្រះសីហនុកាលពី​ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ២០២១ ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ ៣ថ្ងៃ​ដែល​ជា​ផ្នែក​មួយ​បេសកកម្ម​ Indo-Pacific​ Endeavors​ 2021​(IPE 2021​) របស់​ខ្លួន​នៅ​កម្ពុជា​។

ទំព័រ​ហ្វេសប៊ុក​លេខា​ធិការដ្ឋាន​មូលដ្ឋាន​សមុទ្រ​ បាន​ឱ្យ​ដឹង​ថា​ លោកឧត្តម​នាវី​ រស់​ វាសនា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​ បាន​ដឹក​នាំ​នាយ​នាវី​របស់​ខ្លួន​ជូ​ន​ដំណើរ​នៃ​ការ​ចាក​ចេញ​​របស់​នាវា​ HMAS​​ Anzac​(FFH 150)​ របស់​កង​នាវា​ចរ​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃទី២០​ ខែ​តុលា​ ឆ្នាំ២០២១​ ក្រោយ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​មិត្ត​ភាព​នៅ​កម្ពុជា​។

ដោយឡែក​ ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​វិញ​បាន​ផ្សាយ​ក្នុង​ទំ​ព័​រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២១​ ថា​៖ «ថ្ងៃនេះ​ យើង​លា​នាវា​ HMAS​ Anzac​[…]​ អូស្ត្រាលី​សូម​អរគុណ​ដល់​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​នាវា​ ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​ហើយ​យើ​ង​រីករាយ​ដែល​អាច​ពង្រឹង​ការ​ចូល​រួម​របស់​យើង​ ព្រម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក​និង​កង​ទ័ព​ជើងទឹក​» ។

គួរ​បញ្ជាក់​ថា​ នៅ​ខណៈ​បំពេញ​ទស្សនកិច្ច​នេះ​ លោក​ Pablo Kang​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ បាន​ប្រគល់​អំណោយ​ជា​សម្ភារៈ​ការពារខ្លួន​ និង​សម្ភារៈ​វេជ្ជសាស្រ្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩​ ចំនួន​ ៨០០គីឡូក្រាម​ ជូន​ដល់​កង​ទ័ព​ជើង​ទឹកកម្ពុជា​ ព្រម​ទាំង​នាវឹក​អូស្ត្រាលី​បាន​រៀប​ចំ​សិក្ខាសាលា​តាម​ប្រព័ន្ធអនឡាញ​ស្តី​អំពីសន្តិភាព​ សន្តិសុខ​ និងស្ត្រី​ ជាមួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ផង​ដែរ​ ។

ដំណើរ​ទស្សន​កិច្ច​របស់​កង​នាវា​ចរ​អូស្ត្រាលី​នេះ ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ៥ឆ្នាំ​ នៅកម្ពុជា៕

Exit mobile version