ក្រសួង​ការបរទេសកម្ពុជា​បាន​បើក​ឱ្យ​មាន​ការផ្តល់​ឡើង​វិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍ដើម្បី​ទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោល​ការណ៍​​លើកលែងទិដ្ឋាការ និងការធ្វើចត្ដាឡីស័ក​ស្របតាមគន្លងប្រក្រតីភាពថ្មី។

យោងតាម​លិខិត​របស់​ក្រសួងការបរទេស​កម្ពុជាចេញ​កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា ​ជម្រាប​ជូន​អគ្គកុង​ស៊ុល និង​កុង​ស៊ុល​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស  បញ្ជាក់​ថា ដោយសារ​ការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពទប់ទល់នឹងជំងឺ​កូវីដ​១៩ រាជ​រដ្ឋា​ភិ​បាល​បាន​សម្រេចកែសម្រួលគោលការណ៍នៃការផ្ដល់ទិដ្ឋាការ និង​របប​នៃ​ការធ្វើ​ចត្ដា​ឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា។

ក្នុង​លិខិត​នោះ​បន្ថែម​ថា កម្ពុជា​សម្រេច​បើកឲ្យ​មាន​ការផ្ដល់​ឡើង​វិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍​បរទេស និង​ភ្ញៀវទេសចរណ៍ទូទៅឡើងវិញ និង ដាក់ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គោល​ការណ៍​លើកលែងទិដ្ឋាការ ។​ ដាក់​ដំណើរការ​​ឡើង​វិញ​នូវ​ការ​ស្នើ​សុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិចត្រូវនិច ប៉ុន្ដែនៅបន្ដផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់។ កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ និង​ការធ្វើ​​ចត្តា​ឡី​ស័ក​​នៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្រប​តាម​គន្លង​ប្រក្រតី​ភា​ពថ្មី តាមការអនុវត្ត​វិធានការ​សុខា​ភិបាល។

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ តុលា ឆ្នាំ​២០២១​នេះ កម្ពុជា​មានករណី​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន​១១៧,៧៧២​​ អ្នក​ជាសះ​ស្បើយ​ចំនួន​១១២,៩៧៧​ និង​មាន​ករណី​ស្លាប់​បាត់​បង់​ជីវិត​ចំនួន​២,៧៣៤​នាក់៕​