គណៈកម្មការ​អន្តរក្រសួង​ដើម្បី​​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ​នៅ​ថ្ងៃ​ចន្ទ​​ សម្រេច​​លុប​ចោល​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ចំពោះ​​​ក្រុម​គ្រូ​ពេទ្យ​ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ដែល​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ពេល​បំពេញ​ការងារ និង​ទទួល​បាន​តេស្ត​អវិជ្ជមាន​​ក្រោយ​បញ្ចប់​ភារកិច្ច​តាម​មន្ទីរ​ពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩។

យោង​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩​​ ចេញ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១​ បញ្ជាក់ថា​ ​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ធ្វើ​បច្ចុប្បន្ន​ភាព​របប​ធ្វើ​ចត្តា​ឡី​ស័ក​​របស់​ក្រុម​គ្រូ​ពេទ្យ​ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​នៅ​តាម​មន្ទីរ​ពេទ្យ​ និងមណ្ឌល​ព្យាបា​ល​ជំ​ងឺ​កូវីដ​-១៩ចំនួន​៣​​ចំណុច។

គណៈកម្មការ​អន្តរក្រសួងដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​បញ្ជាក់​ក្នុង​ចំណុច​ទី​១​​ថា​៖ «លើក​លែង​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ចំ​ពោះ​ក្រុម​គ្រូ​ពេទ្យ​ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​ ដែល​​បាន​អនុវត្ត​តាម​វិធាន​ការ​សុខា​ភិបាល​ខ្ជាប់​ខ្ជួន​ក្នុង​ពេល​បំពេញ​ការងារ​ និង​ទទួល​បាន​បាន​លទ្ធផល​តេស្តកូវីដ​-១៩ អវិជ្ជ​មាន​ PCR (-) ក្រោយ​បញ្ចប់​ភារកិច្ច​នៅ​តាម​មន្ទីរ​ពេទ្យ និង​មណ្ឌល​ព្យាបាល​ជំ​ងឺ​កូវីដ-១៩​ ហើយ​ក្រុម​គ្រូ​ពេទ្យ​ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ទាំង​នេះ​ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​​រយៈ​ពេល​ ៤ថ្ងៃ​ មុន​នឹង​វិល​ចូល​បម្រើ​ការ​ងារ​នៅ​អង្គ​ភាព​ដើម​វិញ»។

សម្រាប់​ចំណុច​ទី​២ និង​ទី​៣ លើក​លែង​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ចំ​ពោះ​ក្រុម​គ្រូ​ពេទ្យ​ និង​អ្នក​ផ្តល់​សេវា​ទូ​ទៅ​ដែល​មិន​មែន​ជា​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​អន្តរា​គមន៍​វេជ្ជ​សាស្ត្រ​  ដូចជា​ការ​វះ​កាត់​ ឬ​ផ្តល់​សេវា​នា​នា​ដល់​អ្នក​ជំ​ងឺ​កូវីដ​។ ចំ​ពោះ​ក្រុម​គ្រូ​ពេទ្យ​ និង​ក្រុ​ម​ផ្តល់​សេវា​ជួរ​មុខ​ដែល​ប៉ះ​ពាល់​អ្នកជំងឺ​ផ្ទាល់​ និង​មិន​បា​ន​អនុវត្ត​តាម​វិធាន​ច្បាស់​លាល់​និង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​ ៧​ថ្ងៃ​៕​