លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ​នេះ បានស្នើឲ្យមន្ដ្រីសុខាភិបាលរបស់​កម្ពុជា​សហការ​ជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែល​កំពុង​ស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុ ៦ឆ្នាំឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​កុមារ​មាន​អាយុ​៥​ឆ្នាំ នៅវិមានសន្ដិភាព លោក​ ហ៊ុន សែន បញ្ជាក់​ថា៖ «ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមាន​បំណង​បញ្ជូន វ៉ាក់​សាំង​ពី​កម្ពុជា​ទៅ​ក្នុង​ប្រទេស​ថៃ ដើម្បីស្នើឱ្យអាជ្ញាធរថៃជួយយកវ៉ាក់សាំងយកពីយើង ចាក់​ជូ​ន​ប្រជាជន​យើង​នៅ​ទីនោះ ក្នុង​ពេល​ប្រជាជន​ថៃ​មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់គ្រាន់»។

ទោះបីជាកម្ពុជាបានសម្រេចនូវការចាក់វ៉ាងសំាងជូនប្រជាពលរដ្ឋបានរហូតដល់ ៨៥,៦៨ រយភាគ​​ក៏ពិតមែន ប៉ុន្តែក្នុងចំនួននេះ ក៏នៅ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ដោយខ្លះទទួលបានវ៉ាក់សាំង និងខ្លះទៀតមិនទាន់បានចាក់នៅឡើយ។

លោក​នាយករដ្ឋមន្រ្តីថ្លែងថា៖ «ពិតហើយ​ឥឡូវ​នេះ​ចំនួន​ពលរដ្ឋ​ប្រជាជន​នៅ​ក្នុង​ប្រទេសថៃ​បាន​ចា​ក់​វ៉ាក់សាំង​ច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើង ក្នុងតួលេខជំរឿនរបស់យើង ប្រជាពលរដ្ឋរបស់យើងមានរហូតទៅដល់​១៦លាន៩សែននាក់។ ហើយ​ប្រសិនបើ​ក្នុង​វេប​សាយ Worldometers គឺបានដាក់ថា កម្ពុជា​មាន​ប្រជាជន​រហូត​ដល់​១៧​លាន​នាក់​ឯណោះ អ៊ីចឹងសួរថាក្រៅពី១៦លាននាក់នេះ ចុះប្រជាជនប្រមាណទៀត នៅឯណា អ៊ីចឹង​បាន​សេចក្ដី​ថា យើងនៅសល់៩សែន ឬ១លាននាក់ទៀត ដែលកំពុងនៅព្រះរាជាណាចក្រថៃ កូរ៉េខាងត្បូង ម៉ាឡេ ឬនៅប្រទេសក្រៅ»។

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​បន្ថែមថា​ ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ទៅប្រទេសថៃបាន លុះ​ត្រា​តែមាន​ការអនុញ្ញាតពីរដ្ឋាភិបាលថៃ ទើបកម្ពុជាអាចបញ្ជូនវ៉ាក់សាំងទៅបាន ព្រោះ​កម្ពុជាត្រូវ​អនុវត្តន៍តាមច្បាប់របស់ថៃ។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជានៅពេលនេះ ​ការចាក់​វ៉ាក់សំាង​កូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺ​ប្រជាពលរដ្ឋ​អាច​ចាក់​បាន​តែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យ​តែ​មាន​កន្លែង​ចាក់។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១  ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សរុបដូសទី១ បានចំនួន ១៣,៧០៩,៤៨៧នាក់  ដូសទី២បានចំនួន ១៣,០៦៥,៨៣៤នាក់ និងដូសទី៣បានចំនួន ១,៨៦០,៧២៥នាក់៕