អត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២១ មាន ១០០ ,០០១% ធៀបជា​មួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម​១៨ឆ្នាំ មាន​៩៧,៨៩%​។​ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​សុខាភិបាល។​

​បើ​តាម​សារ​​ដែល​បង្ហោះលើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា៖ «បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១​,២២% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ១,៨៩៧,៣៨២​នាក់»។

នៅថ្ងៃជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារ​​​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដែរ​ថា បើ​ទោះបី​ជា​នៅ​កម្ពុជា​មានការ​ចាក់វ៉ាក់សាំងបានជាង១០លាននាក់ ឬ​ស្មើ​នឹង​ជាង​១០០%​នៃ​ចំនួន​គ្រោងដំបូង​ក៏ដោយ ក៏​​នៅ​មាន​ប្រជាជន​រាប់ម៉ឺននាក់​ទៀត​ដែលមិនទាន់​បានចាក់វ៉ាក់សាំង ហើយ​ដែល​ត្រូវ​បន្តចាក់​ជូនឱ្យបានគ្រប់ៗគ្នា។

ក្នុង​សារ​ដដែល​នោះ​បញ្ជាក់ថា៖ «ក្រៅពីប្រជាជន​ដែល​មាន​អាយុ១៨ឡើង​ចំនួន​ជាង​១០​លាន​នាក់​បានចាក់វ៉ាក់សាំង យើង​ក៏​បាន​ចាក់វ៉ាក់សាំង​ជូន​កុមារ និង​យុវ វ័យ​អាយុ១២ ទៅ១៨​ឆ្នាំ​ បានចំនួ​ន​១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និង កុមារអាយុ​ពី​៦ ដល់​១២ បាន​ចំនួន១.៩២០.៥៩៩នាក់ ស្មើនឹង១០១.២២%។ គិតសរុបយើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ជនរួមជាតិ​យើង​ចំនួន​១៣.៧០៩.៤៨៧នាក់ ស្មើនឹ​ង​៨៥.៦៨%​នៃ​ប្រជាជន​សរុប​១៦​លាន​នាក់»។

លោកនាយករដ្ឋមន្រ្តី​បន្ថែម​ថា៖ «ខ្ញុំសូមអំពាវនាវបងប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ពិសេស​វិធានការ៣​ការពារ និង​៣កុំ ព្រោះថា​វ៉ា​ក់សាំង​តែ​មួយ​មុខ បើទោះបី​ចាក់​បាន​ប៉ុន្មាន​ដូស​រហូត​មុជ​វ៉ាក់សាំង​ ក៏មិន​អាច​ការពារ​បានដែរ ប្រសិនជា​បងប្អូន​ធ្វេសប្រហែស​ បោះបង់​ចោល​វិធីការពារ​ខ្លួន​តាមរយៈ​វិធាន​ការ​៣ការពារ និង៣កុំ»។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ប្រមាណ​ជិត១០លាន​ដូស និង​មាន​មនុស្សបា​ន​ចាក់វ៉ាក់សាំងដូសទី៣​ ប្រមាណ​ជិត​២​លាននាក់​រួចមក​ហើយ។ ក្នុង​វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត៕