ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​បើក​សាលា​រៀន​គ្រប់​កម្រិតទូទាំង​ប្រទេស ទាំង​រដ្ឋ​ និង​ឯកជន ដោ​យ​តម្រូវ​ឲ្យ​​រៀន​តាម​គន្លង​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​តទៅ ខណៈ​​ជំងឺ​កូវីដ​១៩​នៅ​បន្ត​រីក​រាល​ដាល​ច្រើន​នៅ​កម្ពុជា​។

ក្រសួង​អប់រំ​​បាន​ចេញ​សេចក្តី​ណែនាំ​ចេញ​កាល​ពីថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២១កន្លង ​ស្តីពីការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំង​សាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ក្នុង​ស្ថានភាព​នៃ​ការឆ្ល​ងជំងឺ​កូវីដ​១៩។ សេចក្ដីណែនាំ​នោះ​បញ្ជាក់​ថា ដើម្បី​ឈាន​ទៅ​ដំណើរការ​អប់រំ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​កូវីដ១៩​ចា​ប់​ពីថ្ងៃទី០១ ខែវិច្ឆិកា ​ឆ្នាំ២០២១ ក្រសួងនឹងពង្រីក​វិសាលភាព​នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជនគ្រប់កម្រិត ក្នុង​ភូមិសាស្រ្ត​​ទូទាំង​រាជធានី​ខេត្តទាំងអស់។

សេចក្តី​ណែនាំ​នោះ​បញ្ជាក់​ថា៖ «ការ​បើក​ដំណើរ​ការ​ឡើង​វិញ គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ​នៅ​តាមក្រុង ស្រុក ខណ្ឌ ដែល​ជំងឺ​កូវីដ​១៩ អាច​គ្រប់គ្រង​បាន ដោយ​កំណត់​រូបភាព​នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ ១៥ ទៅ​២០​នាក់ និង​ផ្លាស់​វេន និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​វិធានាការ​សុខាភិបាលចាំបាច់​នានា»។

សេចក្តីណែនាំបន្ថែម​ថា ក្នុង​ករណី​មានការ​ឆ្លង​ក្នុង​គ្រឹះស្ថាន​សិក្សា​នោះ ត្រូវ​សម្រេច​ផ្អាក​តែក្រុមសិស្ស ឬ​ថ្នាក់​រៀន​នោះ​ប៉ុណ្ណោះ និង​ត្រូវ​ចាត់​ចែង​យក​អ្នក​វិជ្ជមាន និង​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ។​

ឆ្លើយតបទៅនឹងសេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ នាយិកា​សាលាបឋមសិក្សា​ទន្លាប់ ក្នុង​ស្រុក​សំរោង ខេត្តតាកែវ អ្នកស្រី ចេង ណាវី បានឲ្យដឹងថា ការបើក​សាលារៀន​ឡើង​វិញ​គឺ​ជា​រឿង​ល្អ អាចធ្វើឲ្យសិស្ស​មានពេលរៀនវគ្គបំប៉នបានច្រើនជាមួយលោកគ្រូអ្នកគ្រូ មុន​នឹង​ប្រឡង​ឡើង​ថ្នាក់។ ទទ្ទឹមនឹងនេះអ្នកស្រីក៏បាន​សម្ដែង​ក្តីបារម្ភលើបញ្ហាប្រឈមមួយចំនួនចំ ពោះសិស្សានុសិស្សដែលខ្វះនូវការប្រុងប្រយ័ត្ន និងគ្មានអនាម័យនៅពេលចេញលេងដែលអា ចធ្វើឲ្យ​មានការឆ្លងជំងឺកូដវីដ១៩ពីសិស្សម្នាក់ទៅសិស្សម្នាក់ទៀត។​

អ្នកស្រីលើកឡើង​ថា៖ «​សិស្សានុសិស្ស​ពុំសូវមានការប្រុងប្រយ័ត្ន​ក្នុង​ការពាក់​ម៉ាស​ឲ្យ​បាន​ជាប់​លាប់​នោះទេ​។ ជាពិសេស​ពេលឲ្យគាត់ចេញលេង គឺពិបាកគ្រប់គ្រងណាស់។ បើ​មាន​កូវីដ​កើតឡើង​លើ​នរណា​ម្នាក់នោះនឹងពិបាក អាចឆ្លងទៅច្រើនគ្នាហើយ»។

ស្រដៀងគ្នានេះដែរ នាយកសាលាសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ លោក ឡៅ ម៉ូលីណា ក៏បាន​ឲ្យ​ដឹង​ដែ​រថា នៅសាលារបស់លោក គឺមាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ចំពោះ​សិស្ស និង​គ្រូ​ដោយ​មាន​រៀបចំ​សន្តិសុខ​ត្រៀមចាំដើម្បីវាស់កម្ដៅ និងបាញ់​អាល់​កុល មុន​ពេល​ចូល​សាលា។ លោកបន្តថា ឪពុកម្ដាយភាគច្រើនបានបញ្ជូនកូនមករៀនដោយគិតថា រៀននៅ​សាលា​ចេះជា​ងរៀន​តាម​អ​នឡាញ ហើយតំបន់ខ្លះមិនសូវមានអ៊ីនធឺណិត ឬ​មិនមាន​អ៊ីនធឺណិត​គ្រប់គ្រាន់  ដូចនេះការរៀននៅក្នុងថ្នាក់គឺមានប្រសិទ្​ធភាព​ជាងតាមអនឡាញ ពោលគឺសិស្សឆ្ងល់ភ្លាមអាចសួរ និងទទួលការណែនាំពីគ្រូបានភា្លមផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អាណាព្យាបាលសិស្សគឺមានការបញ្ជូ​នកូនឲ្យមករៀន ស្ទើតែទាំងអស់ ហើយសាលាមានរៀបចំឆ្លាស់វេន ២០នាក់រៀន និង២០នាក់សម្រាក។

សម្រាប់សិស្សដែលមិនទាន់ចាក់វ៉ាក់សាំងក៏ (ខាងសាលា) ឲ្យចូល​រៀន​ដែរ តែត្រូវ​ឲ្យ​ពាក់​ម៉ាស់​ហើយ​មាន​ការប្រុងប្រយ័ត្នជាង​គេ ព្រោះពួកគេប្រឈមខ្លាំង»។

ចំណែកនាយកសាលាបាក់ទូក លោក តូច កន្តាល់ បានឲ្យដឹងដែរ​ថា ​ក្នុង​សាលារៀន​រប​ស់​លោ​ក​នៅ​តែរៀបចំ​វិធានការ​សុវត្ថិ​ភាព ដោយអនុវត្តជាប្រចាំនូវគោលការណ៍​៣កុំ និង​៣​ការពារ​ដដែល។

លោកបន្ថែមថា សាលារបស់លោកបាន បែងចែកសិ​ស្សក្នុង​មួយ​ថ្នាក់​៣០​នាក់​ ឲ្យ​ទៅ​ជា​១៥នាក់ រៀន​ក្នុងថ្នាក់ និង១៥​នាក់​រៀន​តាមអនឡាញ​ទៅ​តាមសេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ។

លោកបញ្ជាក់ថា៖ «សម្រាប់ឪពុកម្ដាយ​មាន​ការអនុញ្ញាត​ឲ្យ​កូន​មក​រៀន​ច្រើន​ ព្រោះទោះ​មិនមក​ក៏​កូវីដ​នៅ​តែ​ប៉ុណ្ណឹង មក​ក៏​កូវីដ​នៅ​តែ​ប៉ុណ្ណឹង សំខាន់​ពួកគាត់​ចេះ​រស់នៅ​ជាមួយ​កូវីដ ហើយ​កូនៗ​របស់​ពួកគាត់បានចាក់ថ្នាំរួចហើយ»៕