អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​​​​នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ​នេះ​​​ លើកឡើងថា ឱសថ​ឈ្មោះ​ថា​ Molnupiravir អាច​ប្រើប្រាស់​សម្រាប់ព្យាបាលជំងឺកូវីដ​១៩ ក្នុង​​លក្ខខណ្ឌបន្ទាន់នៅកម្ពុជា។

យោង​តាម​វីដេអូ​ឃ្លីប​មួយ​ដែល​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បង្ហោះ​លើ​​គណនី​ YouTube របស់លោកស្រី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ២០២១ បាន​បញ្ជាក់​ថា ​​ឱសថ Molnupiravir គឺ​ជា​ឱសថ​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​កូវីដ១៩។ លោកស្រី​បន្ថែមថា  ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឱសថ Molnupiravir នេះ គឺ​​ដោយសារ​​សង្កេត​ឃើញ​ថា​ឱសថ​នេះ​មាន​គុណ​ភាព ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក៏​ដូច​ជា​ការ​ព្យា​បាល​កន្លង​មក​នេះ​នៅ​បណ្ដា​ប្រ​ទេស​ធំ​ៗមួយ​ចំនួន​។

ក្នុង​វីដេអូ​ឃ្លីប​ដែល​លោកស្រី​បាន​ផ្តល់​សម្ភាសន៍​ឲ្យ​ទូរទស្សន៍ ហើយ​ត្រូវ​បាន​បង្ហោះ​លើ​គណនីយូធូប​របស់​លោក​ស្រី​ដដែល លោក​ស្រី​​បន្ថែមថា ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់ឱសថ​នេះ​​​ក្នុង​លក្ខខណ្ឌបន្ទាន់​ ​គឺ​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​កូ​វីដ​១៩​បន្ថែម​ទៀត ​ជាពិសេស​អ្នក​ជំងឺ​ដែល​​​អាច​មាន​ការវិវឌ្ឍ​​ទៅ​រក​ភាព​ធ្ងន់ធ្ង​រ ហើយ​ការ​​ប្រើ​ប្រាស់ឱសថ Molnupiravir ​នេះគឺ​​ប្រើ​ប្រាស់​រ​យៈ​​ពេល៥ថ្ងៃ។

លោក​​ស្រីបញ្ជាក់​ថា៖ «​តាម​រ​យៈ​​ការ​សិក្សា​​ក៏​បាន​​បង្ហាញ​​ដែរ​​ថា​​ ឱ​សថ​​នេះ​​ជួយ​​កាត់​​បន្ថយ​​បាន​​នូវ​​ហា​និ​​ភ័យ​នៃ​​ការ​​សម្រាក​​ពេទ្យ​​ ក៏ដូច​​ជា​​ហា​​និភ័យ​​នៃ​​ការ​​ស្លាប់​​បាត់​​បង់​​ជីវិត​​ដោយ​​សារ​​ជំងឺ​​កូ​វីដ​១៩​​បាន​​ទៅ​​ដល់​៥០% សម្រាប់​​អ្នក​​ជំងឺ​​ដែល​​គេ​​ស្រាវ​​ជ្រាវ​​ទៅ​​រក​​ឃើញ​​ថា​​ធ្វើ​​រោគ​​វិ​និ​​ច្ឆ័យថ្មីៗ​ថា​​គាត់​​មាន​​ជំងឺ​​កូវីដ​​១៩​»។

​លោក​​ស្រីបន្ថែម​ថា៖ «ឱសថនេះ​ប្រើ​ប្រាស់​សម្រាប់​តែ​ក្នុង​អំ​ឡុង​ពេល​ដែល​មាន​ភាព​អាសន្ន​សុខ​ភាព​សា​ធារណៈ​របស់​យើង​ទេ​ចាស៎!  ហើយ​ការប្រើ​ប្រាស់​នេះ​ទៀតក៏​មាន​ការ​ប្រើ​ប្រាស់​តាម​ដាន​​ព្យាបាល ​ហើយ​ក៏​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ​ឱ្យ​ត្រឹម​ត្រូវ​របស់​ក្រុម​គ្រូ​ពេទ្យ​ពួក​យើង​»។

លោក​​ស្រីបានលើក​ឡើងបន្ថែម​ថា កម្ពុជា​គឺខិតខំ​គ្រប់​លទ្ធ​ភាពទាំង​អស់​ដើម្បី​ស្រាវជ្រាវ​របៀប​ព្យាបាល​ថ្មីៗ​ថែម​ទៀត​ជា​ពិសេស​ស្រាវ​ជ្រាវ​នូវ​ឱ​សថ ឬ​ឧបករណ៍ផ្សេ​ងៗ​ទៀត​ដែល​អាច​ជួយ​  ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​កូ​វីដ១៩នៅ​ប្រទេស​កម្ពុជា៕