តម្លៃ​ប្រេង​សាំងនៅ​កម្ពុជា​​បាននិង​កំពុង​ហក់​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​​ក្រោយ​បាន​ផ្អាក​វិស័យ​​ជាច្រើន​ដោយសារការរាតត្បាត​ជំងឺ​កូវីដ​១៩​។ ​តម្លៃ​សាំង​​កាល​ពី​សប្តាហ៍​មុន​គឺ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ដល់​ទៅ ​៤,៥៥០​រៀល​​ក្នុង​មួយ​លីត្រ​ ចំ​ណែក​​សាំង​ស៊ុប​ពែរ​ឡើង​ដល់​ ៥,០៥០ រៀល​​ក្នុង​មួយ​លីត្រ​។ បញ្ហា​​តម្លៃ​ប្រេង​​សាំង​​ឡើង​​ថ្លៃ​​នេះ​មិន​មែន​តែ​ក្នុង​កម្ពុជា​ទេ ប៉ុន្តែ​នៅ​​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ និង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ក៏​ជួប​ប្រទះ​បញ្ហា​នេះ​​ផង​ដែរ​។

Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋ ចំនួន​៥​នាក់​អំពី​ការយល់ឃើញ និង​ការលំបាក​លើ​បញ្ហា​​តម្លៃ​ប្រេងសាំងឡើងថ្លៃក្នុងពេលបច្ចុប្បន្ននេះ។

កញ្ញា  ហ៊ួ  ស្រីលីន ជា​​និស្សិត​​នៅ​​សកល​​វិទ្យា​ល័យ​​ភូមិន្ទ​​នីតិ​សាស្រ្ត​ និង​​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​​បាន​​​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ដល់​រូបនាង និង​ជីវភាព​ក្នុង​គ្រួសារ​ដោយសារ​តែ​តម្លៃ​សាំង​ឡើង​ថ្លៃ​ខ្លាំង​ពេក។

កញ្ញា ស្រីលីន បាន​ប្រាប់​ Newsroom Cambodia ថា៖ «ការ​ឡើងថ្លៃ​សាំង​នា​ពេល​បច្ចុប្បន្ន​នេះ​  វា​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​រូប​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ដោយសារ​តែ​សាំង​ឡើងថ្លៃ​ទៅ  ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ចាក់​សាំង​រាល់​ថ្ងៃ​នឹង ហើយ​សង្គម​យើង​ជំងឺ​កូវីដ១៩​ ទើប​រួច​ផុត​ប៉ុន្តែ​វាមិន​មែន​ទាំង​ស្រុង​ទេ​  អី​ចឹង​ហើយ​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​នៅ​មាន​កំរិត តាំង​ពី​ពេល​មាន​ជំងឺ​កូវីដ​១៩មក​យើង​រក​អី​អត់​សូវ​បាន​  អីចឹង​ដល់​ពេល​ឡើង​ថ្លៃ​ទៅ​វា​​ពិ​បាក​ដែរ​»។

កញ្ញា ស្រីលី​​​ន បាន​បន្ថែម​ទៀត​ថា​៖ «ហើយ​ចំពោះ​ខ្ញុំ​ជាអ្នក​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​វា​រឹត​តែ​ជា​បញ្ហា​ដោយ​សារ​ខ្ញុំ​ត្រូវ​ការ​ជិះម៉ូតូ​ទៅ​ណាទៅ​ណី ខ្ញុំ​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​នៅ​ពេល​ដែល​ខ្ញុំ​មិន​មាន​ចំណូល​​​វា​ជា​បញ្ហា​ធ្ងន់​ធ្ងរ​សម្រាប់​ខ្ញុំ​»។

លោក ណេត វណ្ណា អាយុ ​៤៧​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅផ្សារ​ច្បារ​អំពៅបាន​និយាយ​ថា​​៖ «និយាយ​ទៅ​សាំង​ឡើង​ថ្លៃនេះ​វា​ប៉ះ​ពាល់​ខ្លាំង​ដែរ​នឹង​ ព្រោះ​ធម្មតា​ចង់​ឱ្យ​តែ​សាំង​ចុះ​ថោក​ទេ  ដូច​ពួក​ខ្ញុំ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​អី​ចឹង​រក​មួយ​ថ្ងៃ​មិន​បាន​ចំណូល​សឹង​តែ​ពីរ​ម៉ឺន​បី​ម៉ឺន [រៀល] ផង​​ហើយ​សាំង​ឡើង​ថ្លៃ​ទៅ​ទៀត ​ចំ​ណែក​អ្នក​ជិះ​ជួន​កាល​ឲ្យ​ថោក​ដ​ដែល​ដល់​អី​ចឹង​ទៅវា​ប៉ះ​ពាល់​ខ្លាំង​»។

លោក វណ្ណា បាន​សំណូម​ពរ​ទៅ​រដ្ឋាភិបាល​ថា​​៖ «សាំង​ឡើង​ថ្លៃ​នេះ​ខ្ញុំ​ចង់​សំ​ណូម​ពរ​ឲ្យ​រដ្ឋា​ភិ​បាល​ធ្វើ​យ៉ាង​ម៉េច​ជួយ​អោយ​សាំង​ធ្លាក់​ចុះ​ត្រឹម​មួយ​លីត្រ​បី​ពាន់​ [រៀល] ជាង​បាន​ហើយ​  ប៉ុណ្ណឹង​វា​អាច​ដោះ​ស្រាយ​ជីវ​ភាព​បាន​  បើ​ចំណូល​មួយ​ថ្ងៃ​រក​បាន​តែ​ពីរ​ម៉ឺន​ [រៀល] អី​នឹង​ សឹង​តែ​​ពិ​បាក​រក​ផង​តាំង​ពី​មាន​កូវីដ​មក​»។

លោក ឆៃ មុត អាយុ២២ឆ្នាំ ជា​អ្នក​លក់​ភេសជ្ជៈ​តាម​ដង​ផ្លូវ​មួយ​កន្លែង​បាន​ប្រាប់​ Newsroom​ Cambodian ថា ​៖​ «សាំង​​ឡើង​ថ្លៃ​នេះ​មាន​ភាព​លំបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចំណាយ​ទៅលើ​ថ្លៃ​សាំង​ ផ្ទះ​របស់​ខ្ញុំនៅ​ឆ្ងាយ​រហូត​ដល់​ផ្សារ​គរគី​ ហើយ​សាំង​ឡើង​ថ្លៃ​ជិត​ដល់​ប្រាំពាន់​​ [រៀល] ឥឡូវ​ហើយ​នឹង​ ហើយ​ផ្ទះ​ខ្ញុំ​នៅឆ្ងាយ​ខ្ញុំ​ត្រូវ​ការ​ប្រើសាំង​ច្រើន​មួយ​ថ្ងៃ​មួយ​លីត​ជាង​ទៅ​ពីរ​លីត្រ​ឯ​ណោះ ​»។​

កញ្ញា វន គីមសួរ អាយុ២១ឆ្នាំ ជាបុគ្គលិកផ្នែកលក់នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី បាន​និយាយ​ថា​៖ «ចំពោះបញ្ហាការឡើងថ្លៃសាំងសម្រាប់ខ្ញុំផ្ទាល់វាពិបាកដោយសារ​កន្លែង​ធ្វើការ​ឆ្ងាយ​ពីផ្ទះ ដូច្នេះ​ការចំណាយ​ទៅលើថ្លៃសាំងគឺអស់ច្រើនហើយនៅពេលដែលចំណាយសាំងច្រើន  ស្របពេល​ដែ​ល​សាំង​កំពុ​ងតែ​ឡើងថ្លៃទៀតដែលធ្វើឲ្យការចំណាយរបស់ខ្ញុំរឹតតែច្រើនទៅតាមនឹងទៀត»។

កញ្ញា គីមសួរ បាន​បន្ថែម​ទៀត​ថា​៖​ « បើ​សិន​ជា​យើង​គ្រាន់​តែសម្លឹង​ទៅលើ​បញ្ហា​របស់​ខ្លួន​ឯង​យើង​គិត​ថា​យើង​ជា​អ្នក​រង​គ្រោះដោយ​សារ​យើង​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​អី​ជាដើម​  ក៏​ប៉ុន្តែ​បើ​សិន​ជាយើង​យល់​ដឹង​ពី​ដើម​ចម​ថា​ហេតុ​អ្វី​សាំង​ឡើង​ថ្លៃ​ហើយ​យើង​មើល​ទៅ​លើ​ទំនោរ​ពិភព​លោក​ថា​ស្រុក​ទេស​ជិត​ខាង​យើង​វា​យ៉ាង​ម៉េច​ដែរ​នោះ​ យើង​នឹង​យល់​ថា​បញ្ហា​ទាំង​អស់​នឹង​គឺ​វា​កើត​មាន​ជា​សកល​លោក​វា​មិន​មែន​ជា​អ្វី​ដែល​រដ្ឋា​ភិបាល​ឬ​​អ្នក​រក​ស៊ី​សាំង​នឹង​គាត់​ធ្វើដោយ​ចិត្ត​ឯង​នោះ​ទេ»។

លោក  ឡាញ់  វឌ្ឍនសាល អាយុ២១ឆ្នាំ   ជាអ្នករចនាក្រាហ្វិកនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា ​៖ «បញ្ហាសាំងឡើងថ្លៃនេះ វាពិតជាជះឥទិ្ធពលដល់ជីវភាពរបស់ខ្ញុំណាស់ ពោលគឺ​បញ្ហាកូវី​ដត្រូ​វបាន​ដោះស្រាយឲ្យ​មាន​ការបើកប្រទេសក៏ពិតមែន ប៉ុន្តែជីវភាព​របស់​ខ្ញុំ​វាមិ​នទាន់​មានការ​កើនឡើង​សមស្រប​នឹង​ការចំណា​យនៅឡើយទេ ហើយបញ្ហាការកកស្ទះក៏បា​ន​កើត​ឡើង​មក​យ៉ាងខ្លាំង បន្ទា​ប់ពី​ការ​បើក​ប្រទេស​ឲ្យ​មកធម្មតា​វិញ អីចឹងការចំណាយសាំងក៏អស់ច្រើន»៕