ក្រសួង​អប់​រំ យុវជន និង​កីឡា​ កាល​ពី​ថ្ងៃទី៣ ខែ​វិច្ឆិកា បាន​ប្រកាស​លើកពេល​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់ឌុប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​​ទី​​​២៧​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ទៅដើមឆ្នាំ២០២២វិញ​ ដោយ​បញ្ជាក់​ថា ដើម្បី​ទុក​ឱកាស​ជូន​សិស្ស​ថ្នាក់​ទី១២​មាន​​ពេល​វេលា​បន្ថែម​សម្រាប់​រៀន​សូត្រ​ត្រៀម​ប្រឡង។

Newsroom Cambodia នៅថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​នេះ​ បាន​សម្ភាសន៍​យុវជន​ យុវតី​ខ្មែរ​ចំនួន​៥​រូប​ ដែល​ជា​អ្នក​ត្រៀម​ប្រ​ឡងសញ្ញា​បត្រ​មធ្យ​ម​​សិក្សា​​ទុ​តិ​យ​​ភូមិ​ថ្នាក់​ទី​១២​​​ ​ខាង​មុខ​​ ដោយសិស្ស​ខ្លះគាំទ្រ​ចំពោះ​ការពន្យា​ពេល​នេះ ចំណែក​ឯ​សិស្ស​ខ្លះ​ចង់​ប្រឡង​ឱ្យ​បាន​ឆាប់​​។

យុវជន ថុល បញ្ញា អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ​បានលើកឡើងថា លោកចង់​ឲ្យ​មាន​ការ​ប្រឡងឱ្យបានឆាប់។​

លោកថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់​មាន​អារម្មណ៍​ថា សប្បាយរីករាយ ព្រោះមា​នពេ​លបា​នយូរ​ក្នុង​ការមើល​សៀវភៅ និងរៀនបន្ថែមទៀតបង តែក៏មិនសូវសប្បាយ​ចិត្តខ្លាំង​ណាស់​ដែរ​ប​ង ព្រោះថា​​មិន​ចង់​លើក​ពេល​យូរពេក​ចង់​ប្រឡង​ឲ្យ​បាន​ឆាប់ៗ បើយូ​រ​ពេក​ទឹក​ចិត្ត​ក្នុង​ការប្រឡង​វា​មិន​សូវ​មាន​ច្រើន​ទៅ​តាម​ហ្នឹង​បង»។

យុវតី មួន សុធារី អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សំរោងពន្លៃ មកពីខេត្តតាកែវ បាន​លើក​ឡើង​ថា កញ្ញាពេញចិត្តដែលក្រសួងពន្យាពេលប្រឡើងនេះ ព្រោះ​ជា​ពេល​ដែល​កញ្ញា​អាច​បន្ត​មើល​មេរៀន​ដើម្បី​ត្រៀ​មប្រ​ឡងបានលទ្ធផលល្អ។

កញ្ញាលើកឡើងថា៖ «សម្រាប់ខ្ញុំដែល​បានឃើញ​សេចក្តី​ប្រកាស​លើកការ​ប្រឡង​រប​ស់​ក្រសួង​ដល់​ថ្ងៃទី២៧​វិញ ខ្ញុំយល់ថា ជាការមួយដែលល្អសម្រាប់ពួកខ្ញុំជាសិស្សទី១២ ក្នុងការ​ត្រៀម​ខ្លួន​ឲ្យមា​ន​គោល​ជំហរ​ជាងមុន មិនសូវភ័យ ហើយមានពេលវេលាច្រើនដើម្បីមើលមេរៀនត្រៀម ហើយ​សង្ឃឹម​ថា​ដល់​ថ្ងៃប្រឡងចេញ​លទ្ធផល​មក​សម​នឹង​តម្លៃ​នៃ​ពេលវេលា​ដែល​ក្រសួង​បាន​ផ្តល់​ឲ្យ​ ហើយ​ទទួល​បាន​លទ្ធផល​ល្អទាំ​ងអ​ស់គ្នា»។

យុវតី ឆែម ស៊ីណា អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សុខអានទន្លេបាទី មកពីខេត្តតាកែវ បាន​ប្រាប់​ ​Newsroom Cambodia ថា កញ្ញា​គាំទ្រឱ្យ​មាន​ការពន្យា​ពេល​ប្រឡង​នេះ​ ដែល​អាច​ឱ្យកញ្ញាមានពេលសម្រាប់ត្រៀម​​បាន​ល្អ។

កញ្ញាលើកឡើងថា៖ «ការលើកពេលវេលាទៅប្រឡងថ្ងៃទី២៧វិញវាល្អ ព្រោះអាច​ឲ្យ​សិស្ស​មាន​ពេល​វេលាវែង​ជាង​មុន​ក្នុង​ការត្រៀម​ខ្លួនប្រឡង»។

ព្រះ​តេជ​គុណ​ ហយ​ ផាន​​ ព្រះ​ជន​២២​វស្សា ជា​សិស្ស​ថ្នាក់​ទី​១២​ (ក)​ នៅ​ព្រះ​សុរាម្រិត​​​លោក​មាន​សង្ឃ​ដី​ការ​ថា ការណ៍​ដែរ​​​​​​ក្រ​សួង​អប់​រំយុវជន​និង​កី​ឡាបើក​ឱ្យ​មាន​ការ​ប្រ​ឡង​ថ្នាក់​ទី​១២​ នៅថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ លោកមិនទាន់មានទំនុកចិត្តលើខ្លួនឯងចំពោះការប្រឡងនោះទេ។

ព្រះអង្គលើកឡើងថា៖ «សម្រាប់​អាត្មា​ផ្ទាល់​រៀង​ភ័យ​ដោយ​សារ​​តែ​ការ​រៀន​សូត្រ​​​អត់​បាន​ពេញ​លេញ​​ព្រោះ​រៀន​តាម​អន​ឡាញវាមិន​ដូច​យើង​រៀននៅ​ក្នុង​​ថ្នាក់​ផ្ទាល់​ទេ​ បើ​ប្រ​ឡង​ថ្ងៃខាង​មុខអាត្មាគិត​ថា​​នឹង​អាច​ធ្លាក់​ច្រើន»​​។

យុ​វតី​ ឆុំ ចាន់ណា​​ អាយុ​ ១៨​ ឆ្នាំ​រៀន​នៅ​វិទ្យា​ល័យ​​ សន្ធ​ម៉ុកបាន​និយាយ​ថា​​ កញ្ញា​​ចង់​​ប្រឡង​ឆាប់ៗ ​ជាង​ការលើកថ្ងៃប្រឡង ​ទោះ​បី​ជា​រៀន​តាម​អន​ឡាញ​ក៏ដោយ។​​

កញ្ញាលើកឡើងថា៖ «​ខ្ញុំ​​បាន​ត្រៀម​ចិត្ត​រួច​ហើយ​ទោះ​វា​ជាប់ ​ឬ​ធ្លាក់​ក៏​​ទទួល​យក​ដែរ​សម្រាប់​ខ្ញុំ​​នៅ​តែ​ចង់​ប្រ​ឡង​ដដែល​»។

យុវតី​ ដា​ នាថ​​ អាយុ​ ១៩​ ឆ្នាំ​រៀន​វិទ្យា​ល័យ​ព្រែក​កបាស​ ខេត្ត​ព្រៃវែង បានប្រាប់ Newsroom Cambodia ថា កញ្ញា​ចង់​ឱ្យមាន​ការប្រឡង​ឱ្យ​កាន់​តែ​ឆាប់​ដើម្បី​ងាយស្រួ​ល​ក្នុង​ការជ្រើសរើស​មុខវិជ្ជា​​រៀន​នៅ​សាកល​វិទ្យាល័យ។

កញ្ញាលើកឡើងថា៖ «សម្រាប់នាង​​ខ្ញុំ​ចង់​​​​​ប្រ​ឡង​​ឆាប់​ៗ​ដើម្បី​ឱ្យ​ដឹង​ថា​ជាប់​ ឬ​ធ្លាក់ងាយ​​​ស្រួល​សម្រច​ចិត្ត​​រើសមុខ​វិទ្យាចូល​​រៀន​សាក​ល​វិទ្យា​ល័យ​បន្ត​​​​​​ទៀត។ ​​​​​​ខ្ញុំជឿជាក់លើ​ខ្លួន​ឯង​ ៧០%៨០%នឹង​ជាប់ ហើយ​ក៏អត់ភ័យ​ខ្លាច​អី​ដែរ​»៕ ​​