សេរីភាព​​បញ្ចេញ​មតិ​ត្រូវ​បាន​ទទួល​ស្គាល់​​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ចែង​ក្នុង​​​រដ្ឋ​ធម្ម​នុញ្ញ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដោយ​​ផ្អែក​ទៅ​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​ ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ មាត្រា​៤​ ស្តី​ពី​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ ចែង​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​គ្រប់​យ៉ាង​​ទាំង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ គំនិត​យោបល់​ និង​ការ​បោះ​ពុម្ព​ផ្សាយ​ជាដើ​ម​។​ តែ​ទោះ​ជា​យ៉ាង​ណា​រាល់​ការ​​​​​​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​មិន​ប៉ះ​ពាល់​ដល់​កិត្តិយស ​ឬ​កេរ្តិ៍​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ មិន​ប៉ះ​ពាល់​ទៅ​ដល់​របប​សា​ធា​រណៈ​ទូទៅ​ ក៏​ដូចជា​សន្តិសុខ​ជាតិ​​ ដែល​ទាំង​អស់​នេះ​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់​។

​ខាង​ក្រោម​នេះ​គឺជា​ការ​ផ្តល់​បទ​សម្ភាសន៍ អំពី​យល់​​ឃើញ​​​​​​រ​បស់​ព្រះសង្ឃ​ និង​​​​យុវជន​​​​​ ​​​​​ ដល់​ Newsroom Cambodia លើ​​សិទ្ធិសេរីភាព​​​នៃ​​ការ​​បញ្ចេញ​​មតិ​ក្នុង​​ប្រទេស​​កម្ពុជា​។​

ព្រះតេជគុណ​ ផាត​ ភន ព្រះជន្មាយុ ២៥ព្រះវស្សា​ ជា​និស្សិត​នៃ​​សាកល​​វិទ្យាល័យ​​បញ្ញា​សាស្ត្រ​​កម្ពុជា​មា​ន​សង្ឃ​ដីការ​ថា ​សិ​ទ្ធិ​បញ្ចេញ​មតិ​នៅក្នុង​​ប្រទេស​​កម្ពុជា​​គឺ​​វា​​អាស្រ័យ​ទៅ​តាម​​ស្ថានភាព​​ជាក់​​ស្តែង​​នៃ​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​​ម្នាក់​​ៗ​។

ព្រះតេជគុណបញ្ជាក់​ថា៖ ​«និយាយ​​អ្វី​ផ្សេង​ៗ​ក្រៅ​ពី​​រឿង​​នយោបាយ​​ សម្រាប់​លោក​បង​គិត​​ថា​​វា​​មិន​​អី​​ទេ​​ ​គឺ​​អាច​​និយាយ​​បាន​​​ ​និយាយ​​អ្វី​​​និយាយ​​ទៅ​​​ ​គឺ​​អាច​​មាន​​សិទ្ធិ​​មួយ​រយ​​​ភាគ​រយ​​ក្នុង​​ការ​​និយាយ​​​ ប៉ុន្តែ​បើ​ពាក់​ព័ន្ធ​រឿង​នយោបាយ​​ក្នុងអារម្មណ៍​របស់​លោក​បង ​​ឬ​តាម​ការ​សង្កេត​​របស់​​លោក​បង​​កន្លង​​មក​ ​ឲ្យ​តែ​ផ្នែក​ណាមួយ​ពាក់ព័ន្ធ​រឿង​នយោបាយ​គឺ​តែងតែ​មាន​បញ្ហា​ជានិច្ច​ ចឹង​ស​បញ្ជាក់​​ឲ្យ​​ឃើញ​ថា​ការ​​បញ្ចេញ​មតិ​រឿង​នយោបាយ​គឺ​វា​អត់​ល្អ​​សម្រាប់​​ប្រទេស​​កម្ពុជា​​យើង​»។

កញ្ញា ឈឿន ណាំហៀង​ អាយុ២២ឆ្នាំ ជា​បុគ្គលិក​នៅ​ក្រុ​មហ៊ុន​​ឯកជន​មួយ​ យល់ឃើញ​​​​ថា​​៖ ​​«ចំពោះ​សិទ្ធិ​​បញ្ចេញ​មតិ​​ក្នុ​ង​​ប្រទេស​​កម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន​គឺល្អ ​ព្រោះ​​ខ្ញុំ​​បាន​​ឃើញ​​មិត្ត​​ៗ​​និស្សិត ​​ឬក៏​អាច​ថា​បងប្អូន​ប្រជាជន​មួយ​ចំនួន​ហ្នឹង​​ ពួកគាត់​ហ៊ាន​និយា​យ ឬ​ចែក​រំលែក​គំនិត​របស់​ពួក​គាត់​មួយ​ចំនួន​ដែរ​ ជាពិសេស​អ្វី​ដែល​យើង​គួរកត់​សម្គាល់​នោះឃើញ​ថា​នៅ​​លើ​​បណ្តា​​ញ​​សង្គម​អីហ្នឹង​​ដែល​ភាគច្រើន​យើង​ឃើញ​មានកា​រ​បញ្ចេញ​មតិ​របស់​ពួកគាត់​ដែរ​»។

កញ្ញាបន្ថែម​ថា​ ទោះបីជា​យ៉ាងណា​ក៏វា​នៅតែ​មានដែន​កំណត់​ក្នុង​លក្ខខណ្ឌ​ខ្លះ​ដែល​វា​អា​ស្រ័យ​ទៅ​តាម​កាលៈទេសៈ​ ទៅ​តាម​សាច់​រឿង​ដែល​ពួកគាត់​ត្រូវ​បញ្ចេញ​មតិ​។

កញ្ញា គង់​ ស្រីរ័ត្ន អាយុ២២ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា​យល់​ឃើញ​ថា ​សិទ្ធិ​​បញ្ចេញ​​មតិ​​ក្នុង​​ប្រទេស​​កម្ពុជា​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​ទេ​ ប្រសិន​បើ​យើ​ង​បញ្ចេញ​មតិ​ពី​ព័ត៌​មាន​ពិត​ហើយ​ប៉ះ​ពាល់​ទៅ​លើ​បុគ្គល​ណាមួយ​​ យើង​អាច​ត្រូវ​បាន​គេ​គំរាម​កំហែង​។

និស្សិតរូបនេះបានបន្តថា៖ «ដោយសារខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ ​ឬ​ផ្ស​​ព្វ​ផ្សាយ​ព័ត៌មាន​ដែរ​អីចឹង​ តែ​ជាក់​ស្តែង​ពេល​យើង​ព្យាយាម​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​របស់​យើង​ វា​មាន​សម្ពាធ​​​ ពិបាក​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រឿង​ទាំងអស់​ហ្នឹង​​ ព្រោះ​បើ​យើង​បញ្ចេញ​ព័ត៌មាន​ទៅ​ពេល​ប៉ះ​ពាល់​បុគ្គល​មាន​អំណាច​ឬអ្ន​ក​ដែល​មាន​ឥទ្ធិពល​វាតែងតែ​មាន​ហានិភ័យ​ដោយសារ​តែ​បញ្ហាហ្នឹង​ ពេល​មាន​ការ​​បញ្ចេញ​ព័ត៌មាន​ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​គឺ​តែងតែ​មាន​ការ​គំរាមកំហែង​ពី​បុគ្គល​ទាំងនោះ​ ចឹង​ធ្វើ​ឲ្យ​យើង​មាន​ភាពភ័យ​ខ្លាច​ដែរ​ ទោះ​បី​យើង​យល់ដឹង​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ក៏​ដោយ​»។

លោក ផេងលី សុផា ​អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ឆ្នាំទី​​៣​​ ​មុខ​​​ជំនាញ​ទំនាក់​ទំនង​​អន្តរ​ជាតិ​​​នៃ​​សកល​​វិទ្យាល័យ​​បញ្ញាសាស្ត្រ​​កម្ពុជា​​ប្រាប់ ​​Newsroom​ Cambodia ​ថា​ សិទ្ធិ​​បញ្ចេញ​​មតិ​​ក្នុង​ប្រទេស​កម្ពុជា​​មាន​​ការ​​បើក​​ចំហ​​សម្រាប់​​ប្រជា​ពលរដ្ឋ​ តែ​ការ​​បញ្ចេញ​​មតិ​​នោះ​ត្រូវ​តែ​​សម​​​ហេតុផល​​ និង​​មិន​​ប៉ះពាល់​​ដល់​​ ​បុគ្គល​​ណា​​ម្នាក់​​និង​ស្រប​តា​មច្បាប់​បាន​កំណត់​​។​

លោកក៏បានបន្ថែមផងដែរថា៖​ «សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​​កម្ពុជា​ត្រូវ​​បាន​ទទួល​​ស្គាល់​​ដោយ​​រ​ដ្ឋ​ធម្ម​នុញ្ញ​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា​​ដែល​ជាច្បាប់កំពូល​ក្នុងប្រទេស​​ ហើយ​ក៏​​ត្រូវ​​បាន​​គោរព​​ដោយ​​អង្គភាព​​និ​ង​​ស្ថាប័ន​​​ពាក់ព័ន្ធ​ទាំងអស់​​ក្នុងប្រទេស​ដែរ​​ ចឹងហើយ​​សិទ្ធិ​ទាំងអស់​​នោះ​ទៀត​សោត​​ក៏​ត្រូវ​តែមាន​​ការ​​កំណត់​ដោយ​ច្បាប់​ដែល​មិនមាន​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ​​ ប៉ះពាល់​កេរ្តិ៍ឈ្មោះ​អ្នកដទៃ​ជាដើម​​ ទាំងអស់​ហ្នឹង​យើង​អាច​មាន​សិទ្ធិ​បញ្ចេញមតិ​បាន​ហើយ​ វា​អត់​ជា​បញ្ហាទេ​»។

លោក​​ រ៉ឹម សុខវី​ ​សហ​ស្ថានិក​ The Thinker Cambodia បាន​​ប្រាប់​ Newsroom Cambodia ថា​​​ សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​គឺ​ល្អ​ តែ​នៅ​មាន​កម្រិត​ នៅ​មាន​បញ្ហា​ខ្លះ​ដែរ​។

លោក​បញ្ជាក់ថា៖ «ប្រសិនបើយើង​បញ្ចេញ​គំនិត​ទាក់ទង​នឹងរឿងទូទៅ​​ វា​អត់​មាន​បញ្ហា​​អីទេ​​ តែ​បើ​យើង​​បញ្ចេញ​មតិ​យោបល់​ទាក់ទង​នឹងរឿង​នយោ​បាយ​​​វាមាន​បញ្ហា​ នឹង​ជា​បញ្ហា​ដែល​ខ្ញុំ​មើល​ឃើញ​រាល់ថ្ងៃ​ ជា​ពិសេស​ពេល​មាន​ការរិះគុណ​ពី​ប្រជាពលរដ្ឋ​ឬយុវជន​ទាក់ទង​ទៅនឹង​ការដឹក​នាំ​ប្រទេស​ ពេលខ្លះ​បើយើង​បញ្ចេញមតិ​ទៅមានកា​រគាំទ្រច្រើន​ វាធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​យើង​ ព្រោះខ្ញុំ​ធ្លាប់​ឃើញ​មាន​ច្រើន​ករណី​ដែរ​ហើយ​ ទាក់ទង​នឹង​រឿង​ការពារ​បរិស្ថាន​ហ្នឹង​ក៏ចឹង​​ ពេលខ្លះ​ពលរដ្ឋ​មើល​ឃើញ​រឿង​ហ្នឹង​ថាវាអត់​ល្អ​ហើយពួកគាត់​ទៅរិះ​គុណ​អីទៅ​ ចឹង​វា​ធ្វើឲ្យ​មាន​បញ្ហា»​។

សហស្ថានិករូបនេះក៏បានលើកករណីសកម្មជនព្រៃឈើចំពោះការ​បញ្ចេញមតិផងដែរ​ថា​៖ «ពេល​ដែល​គាត់​ការ​ពារអី​ទៅ​​ ហើយគាត់​រិះគុណ​ទៅលើ​សកម្មភាព​របស់​មន្រ្តីអីចឹង​ ពេលគាត់​និយាយ​ចេញ​​ទៅ​គាត់​ចង់កែតម្រូវ​អីចឹងហា៎​ ក៏ប៉ុន្តែ​​ខាងនោះ​គេមើល​មក​គិតថា​គាត់​មាន​និន្នាការ​នយោបាយ​ក៏ទៅ​ប​ង្ក្រាប់​​ ទៅ​ចាប់​ដាក់​គុក​ចាប់អី​ចឹង​ហា៎​»៕​