អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporter Without Border)​ ដែល​មា​ន​មូល​ដ្ឋាន​នៅ​សាធារណ​រដ្ឋ​បារាំង​ បាន​ចាត់​ចំណាត់​ថ្នាក់​សន្ទស្សន៍​សិទ្ធិ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ក្នុង​ស្ថានភាព​មួយ​ដ៏ទាប​ ដែល​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​រៀងទី​១៤៤​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ តួលេខ​នេះ​​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ដែល​អង្គកា​រ​នេះ​បាន​ចាត់​ថ្នាក់​តាំង​ពី​ឆ្នាំ២០២០​ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​តួ​លេខ​ប្រែ​ប្រួល​នៅ​ឡើយ​ទេ​។ ការ​ចាត់​ថ្នាក់​បែបនេះ​ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ចាប់អ្នកសារព័ត៌មាន​មួយ​ចំនួន​​ដាក់​ពន្ធ​ធនាគារ​​ ក៏​ដូច​ជា​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ផង​ដែរ​ ។

Newsroom​ Cambodia​ បាន​សម្ភាសន៍​​អ្នក​សារព័ត៌មាន​ចំនួន​៨រូប​ ដែល​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​ប្រទេសកម្ពុជា​ អំពី​​ការ​យល់​ឃើញ​របស់​ពួកគាត់​ចំពោះ​សេរីភាព​សារព័ត៌មាន​​​ក្នុង​ប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​ការ​អំពាវ​នាវ​របស់​ពួក​គាត់​ពី​សាធារណជន​ អ្នកកាសែត​រួម​អាជីព​ដូចគ្នា​ និង​ពី​ភាគី​រដ្ឋាភិបាល​ ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ។

លោកស៊ុន​ ណារិន​ មានអាយុ៣៤ឆ្នាំ​ ជា​អ្នកសារព័ត៌មាន​របស់​សំឡេង​សហរដ្ឋអាមេរិក ​(VOA)​ លើកឡើង​ថា​៖ «និយាយ​ទៅ​យើង​មាន​របាយការណ៍​នៅ​ថ្នាក់​តំបន់​ គេ​បាន​វាយ​តម្លៃ​គឺ​ វា​បាន​ធ្លាក់​ចុះ​ ធ្លាក់​ចុះ​ហ្នឹង​វា​ធៀប​ក្រោយ​ឆ្នាំ​២០១៧​ នៅ​ពេល​ដែល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​ មាន​ការ​បិទ​សារព័ត៌មាន​ The​ Cambodia​ Daily​ មាន​ការ​បិទ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA)​ បន្ទាប់​មក​មាន​ការ​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធ​នាគារ​ហូរ​ហែ​មក​អ៊ីចឹង។​ ស្ថាន​ភាព​ហ្នឹង​ វា​ធ្វើ​ឱ្យ​យើង​អ្នក​កាសែត​មាន​អារម្មណ៍ភ័យខ្លាច​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ក៏​ធ្លាក់ចុះ​ ហើយ​បុគ្គលិក​ខាង​វិស័យ​ហ្នឹង​ក៏​ធ្លាក់​ចុះ​ដែរ​ វា​មាន​ការ​ធ្លាក់ចុះ​ ហើយ​មិន​ទាន់​មាន​ភាព​ប្រសើរ​ទេ​មក​ដល់​ពេល​នេះ​»​ ។

លោក​បន្ត​ថា​ ខាង​មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​មិន​ទាន់​យល់​ច្បាស់​ពី​តម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ឡើយ​ទេ​ ហើយ​ជា​ពិសេស​នៅ​រយៈពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ មាន​សេចក្តី​ជូន​ដំណឹង​ពី​ខាង​មន្ត្រី​រដ្ឋាភិបាលខ្លះ​​​ទាមទារ​ឱ្យ​អ្នក​កាសែត​ត្រូវ​ជូន​ដំណឹង​ជា​មុ​ន​ មុន​ចុះ​យក​ព័ត៌មាន​ ដែល​នាំ​ឱ្យ​សេរី​ភាព​សារព័ត៌មាន​កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ។​

ដើម្បី​លើ​ក​កម្ពស់​សេរី​ភាព​សារព័ត៌មាន​កម្ពុជា​​ លោក ស៊ុន​ ណារិន​ សំ​ណូម​ពរ​ដូច្នេះ​ថា​៖ «ចង់​ឱ្យ​ភាគី​រដ្ឋាភិបាល​ មន្ត្រី​រដ្ឋាភិបាល​ហ្នឹង​ផ្តល់​តម្លៃ​ ហើយ​ពាក្យ​ថា​ផ្តល់​តម្លៃ​ហ្នឹង​គឺ​ចង់​សំដៅ​ឱ្យ​ពួក​គាត់​ត្រូ​វ​យល់​ថា​ សារព័ត៌មាន​ហ្នឹង​មាន​តម្លៃ​សម្រាប់​ពួកគាត់​ មិន​មែន​សារព័ត៌មាន​ហ្នឹង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​រដ្ឋាភិបាល​ទេ​ ។ ពី​មហាជន​វិញ​ ជា​ធម្មតាទេ​ពួក​យើង​ធ្វើ​ព័ត៌មាន​សម្រាប់​មហាជន​ ឱ្យ​គាត់អាន​ គាត់​ស្តាប់​ទៅ​ ផ្តល់​តម្លៃ​ថាព័ត៌មានមាន​តម្លៃ​ទៅ​ ដូច្នេះ​ធ្វើ​ឱ្យ​ពួកគាត់​ទម្លាប់​អាន​ព័ត៌មានទៅ ស្តាប់ព័ត៌មាន​ មើល​ព័ត៌មាន​ជា​ប្រចាំ​វិញ​ទៅ​ ដើម្បី​​ឱ្យ​​​មាន​​​ចំណេះ​ដឹង​​ក្នុង​ការ​គិត​គូរ​ពី​ជីវភាព​ ការ​ប្រែ​ប្រួល​របត់​សង្គម​ ដូច​ជា​ឱ្យ​ពួក​គាត់​មាន​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​»​​​។

ចំណែក​លោក ​វណ្ណ​ សុគន្ធា​ ​អាយុ​៣២ឆ្នាំ​ ជា​អ្នក​សារព័ត៌មាន​សុំ​មិនបង្ហាញ​ឈ្មោះ​ស្ថាប័ន​​ បាន​លើក​ឡើង​ថា​៖ ​«បើ​និយាយ​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​យើង​វិញ​ ខ្ញុំ​អាច​និយាយ​ជា​រួម​ថា​ មាន​សេរី​ភាព​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ ដោយ​សារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ទាំង​អង្គ​ភាព​សារព័ត៌មាន​ ទាំង​អ្នក​សារព័ត៌មាន​ អាច​មាន​សិទ្ធិ​សេរី​ភាព​ ក្នុង​ការ​ប្រកប​ធ្វើ​របស់​ខ្លួន​ហ្នឹង​ដោយ​សេរី​ មិន​មាន​ការ​គាប​សង្កត់​ណា​មួយទេ​ បើ​ទោះ​បី​មាន​បញ្ហាខ្លះៗ​រវាង​អ្នកកាសែត​និង​មន្ត្រី​មែន​ ប៉ុន្តែ​មិន​ដល់​ថ្នាក់​បិទ​សិទ្ធិ​សេរី​ភាព​ដូច​ប្រទេស​មួយ​ចំនួន​ទេ»​។

លោក ​វណ្ណ​ សុគន្ធា ​បាន​អំពាវ​នាវ​ដូច្នេះ​ថា​៖ «ផ្តើម​ពីមហាជន​ សូម​មហា​ជន​វាយ​តម្លៃ​ទៅ​លើ​ក្រុម​សារព័ត៌មាន​មួយ​ចំនួន​បាន​ហើយ​ កុំ​វាយ​តម្លៃ​ទាំងអស់​ បាន​​ន័យ​ថា​ ត្រី​មួយ​ស្អុយ​ មិន​មែន​ត្រី​មួយ​កន្ត្រក​ស្អុយ​នោះ​ទេ​ ដោយ​សារ​វា​ផ្តល់​ភាព​អយុត្តិធម៌​ដល់​សារព័ត៌មាន​ដទៃ​ទៀត​​។ ទីពីរមុន​នឹង​គាត់​ជឿ​លើ​ព័ត៌មានណា​មួយ​ សូម​ឱ្យ​គាត់​ផ្ទៀង​​ផ្ទាត់​គ្នា​សិន​ កុំ​ជឿ​តែ​ម្ខាងៗ​ ហើយ​មួយ​ទៀត​សូម​ឱ្យ​មហាជន​កាត់​បន្ថយ​ការ​តាម​ដាន​ព័ត៌មាន​ឯកជនភាព​ រឿង​ផ្ទៃ​ក្នុង​គ្រួសារ​បុគ្គល​ណា​មួយ​ ងាក​មក​ចាប់​អារម្មណ៍​រឿង​សង្គម​ជាតិ​វិញ»​ ។

លោក​បន្ត​ថា​៖ «សម្រាប់​អ្នក​​សារព័ត៌មាន​ដូច​គ្នា​ សូម​អនុវត្ត​ទៅ​តាម​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សារព័ត៌មាន​​ ធ្វើ​ដូច្នេះ​ដើម្បី​ផ្តល់​តម្លៃ​លើ​ខ្លួន​ឯង​ផង​ និង​អ្នកសារព័ត៌មាន​ដទៃ​ផង​ ហើយ​ជា​ពិសេស​គោរព​ច្បាប់​របស់​រដ្ឋផង​ ហើយមួយ​ទៀត​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន​ ហ៊ាន​និយាយ​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុស​ត្រូវ​ អ្វី​ដែល​ខ្លួន​រាយការណ៍​ត្រូវ​ហ៊ាន​ទទួល​ខុសត្រូវ​ មាន​ន័យ​ថា​អ្នក​សារព័ត៌មាន​គ្រប់​រូប​មាន​​ទំនួល​ខុស​ត្រូវ​ចំពោះ​មហាជន​ទាំង​មូល​តែ​ម្តង»​​ ។

លោក វណ្ណ​ សុគន្ធា​ បន្ថែម​ថា​៖ «ទាក់​ទងរដ្ឋាភិបាល​ អាជ្ញាធ​រ​ ជា​ការ​អំពាវ​នាវ​របស់ខ្ញុំ​ ឃើញ​ថា​កន្លង​មក​ពួក​គាត់​មាន​អនុវត្ត​ជា​មួយ​អ្នក​សារព័ត៌មាន​បាន​ល្អ​ហើយ​ នេះ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ ប៉ុន្តែ​បន្ថែម​លើ​ហ្នឹង​ ក៏​សូម​ឱ្យ​បន្ត​សហការ​ជា​មួយ​អ្នកសារព័ត៌មាន​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​ព័ត៌មាន​ ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ អ្នក​នាំ​ពាក្យ​ មន្ត្រី​ ក៏​ដូច​ជា​អ្នកសារព័ត៌មាន​សុទ្ធ​តែ​ជា​ប្រភេទ​មនុស្ស​ដែល​ជា​អ្នក​បម្រើ​មហាជន​ដូច​គ្នា​​ ។​ ទន្ទឹម​នេះ​ ក៏​សូម​ឱ្យ​មាន​ការ​យោគ​យល់​អធ្យាស្រ័យ​ទៅ​ដល់​អ្នកសារព័ត៌មាន​មួយ​ចំនួន​ បើ​សិន​ជា​មាន​ការ​អនុវត្ត​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​អី​ សូម​ផ្តល់​ការអប់រំ​ ចៀស​វាង​ប្រើ​វិធាន​ការ​ច្បាប់​ដល់​ពួក​គាត់​ភ្លាមៗពេក​ បើ​យើង​អប់រំ​ហើយ​ ធ្វើ​កិច្ច​សន្យា​ហើយ​នៅ​តែ​ដដែលទៀត​ ចាំ​អនុវត្ត​វិធានការច្បាប់»​។

ចំណែក​​អ្នក​នាង អេង​ គីមហុង​ មាន​អាយុ​២៩ឆ្នាំ​ ជា​អ្នក​សារព័ត៌មាន​ដែល​សុំ​មិន​ប្រាប់​ពី​ស្ថាប័ន​ដែរ​នោះ​​​លើក​ឡើង​ថា​៖ «នៅ​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​ជាង​​១០ឆ្នាំមកនេះ​ ជា​ការមើល​ឃើញ​ក្នុង​នាម​បុគ្គល​ ដោយ​មិន​មាន​ការស្រាវ​ជ្រា​វ​អ្វី​ឡើយ​ ក្នុង​នាម​ទស្សនៈ​បុគ្គល​ សម្រាប់​ខ្ញុំ​នៅ​ចំណុច​មួយ​កណ្តាល ​(សេរីភាពសារព័ត៌មាន)​ វា​មិន​តឹង​តែង​ពេក​ហើយ​ ហើយ​ក៏​វា​មិន​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ​ពេក​ដែរ»។

ដើម្បី​លើក​កម្ពស់​សេរី​ភាព​សារព័ត៌មាន​កម្ពុជា​ អ្នក​នាង​បាន​អំពា​វ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ អ្នក​សារព័ត៌មាន​ និង​រដ្ឋាភិបាល​ ដូច្នេះ​ថា​៖ «ពីមហាជន​ ខ្ញុំ​ចង់​ឱ្យ​មហាជន​បែង​ចែក​ឱ្យ​ដាច់​រវាង​អ្ន​ក​សារព័ត៌មាន​វិជ្ជាជីវៈ​ និង​អ្នក​មិន​មាន​វិជ្ជាជីវៈ មហាជន​ឱ្យ​តម្លៃ​ទៅ​ព័ត៌មាន​មិន​មាន​វិជ្ជាជីវៈ​ ដូច​ជា​កា​រ​ live​ ការ​និយាយ​តាម​បណ្តាញ​សង្គម​ Facebook​ ដោយ​អ្នក​ខ្លះ​និយាយ​បញ្ចេញ​បញ្ចូល​ដោយ​ខ្លួន​អី​អ៊ី​ចឹង​»។

អ្នកនាង​បន្ថែម​ថា៖ «ដោយ​ឡែក​ ពី​អ្នក​សារព័ត៌មាន​ដូច​គ្នា​វិញ​ ខ្ញុំ​គិត​ថា​ចំណុច​ហ្នឹង​យើង​ពិបាក​ស្នើ​សុំ​ព្រោះ​បុគ្គល​និង​ស្ថាប័ន​ព័ត៌មាន​ហ្នឹង​មាន​ការ​គិត​រៀងៗ​ខ្លួន​ នៅ​ក្នុង​ន័យ​ហ្នឹង​ ខ្ញុំ​ចង់​ភ្ជាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​តាម​ Online​ មួយ​ចំនួន​ដែល​គាត់​ចូលចិត្ត​អត្ថាធិប្បាយ​តាម​ផ្លូវ​អារម្មណ៍​​ខ្លួន​គាត់​ផ្ទាល់​ហ្នឹង​ នៅពេល​ពួក​គាត់​ចេះ​តែ​កាត់ក្តី​ដោយ​ខ្លួន​គាត់​ផ្ទាល់​ហ្នឹ​ង គាត់​គួរ​តែ​យល់​ដល់​អ្នក​សារព័ត៌មាន​ដែល​គេ​មាន​វិជ្ជាជីវៈ​ មាន​ស្ថាប័ន​ត្រឹម​ត្រូវ​ផង​ ។ សម្រាប់​ពី​ភាគី​រដ្ឋាភិបាល​ ខ្ញុំ​តែង​និយាយ​ដដែលៗ​ គឺ​ចង់​ឱ្យ​ពួក​គាត់​​យោគយល់​ សហការ​ ជា​មួយ​អ្នកសារ​ព័ត៌មាន​ បើ​អត់​ចង់​ឱ្យ​អ្នក​កាសែត​ផ្សាយ​ទៅតែ​ម្ខា​ង​ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួនធំ​ គួរ​តែ​សហការ​ជា​មួយអ្នក​កាសែត​ ក៏​មាន​ដែរ​នូវ​មន្ត្រី​ ឬ​អ្នក​នាំ​ពាក្យ​ដែល​សហការ​ តែ​ខ្ញុំ​ចង់​ឃើញ​រូបភាព​ដែល​សហការ​នេះ​វា​ធំ​ជាង​ការ​ដែល​មិន​សហការ»​ ។

ចំណែក​កញ្ញា​ ទុយ​ អេងលី​ ​មាន​អាយុ​៣៨ឆ្នាំ​ ជា​អ្នក​សារព័ត៌មាន​សេរី ​(freelance)​ យល់​ឃើញ​ថា​៖ «សម្រាប់​សេរី​ភាព​សារព័ត៌មាន​ ខ្ញុំ​មើល​ឃើញ​ថា​ដូច​ជា​អត់​ទាន់​មាន​ភាព​ទូលំ​ទូលាយ​នោះទេ​ យើង​អាច​មើល​ឃើញ​កាល​ពី​ជំនាន់​កូវីដ​ផ្ទុះ​ដំបូងៗ​ កាល​ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​វ៉ាក់សាំងនោះ​ ខាង​​រដ្ឋាភិបាល​បើក​ឱ្យ​តែ​អ្នក​កាសែត​ដែល​លើក​ជើង​ខាង​គាត់​ ប៉ុន្តែ​បើ​យើង​ងាក​មក​អ្នក​សារព័ត៌មាន​ឯករាជ្យ​វិញ​ គឺ​ខាង​រដ្ឋាភិបាល​មិន​ឱ្យ​ចូល​រួម​ក្នុ​ង​សន្និសីទ​កាសែត​ហ្នឹង​នោះទេ»​​។

ពាក់​ព័ន្ធ​នឹងការ​លើក​កម្ពស់​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​វិញ​ កញ្ញា ទុយ​ អេងលី​ អំពាវ​ដូច្នេះ​ថា​៖ «សូម​រដ្ឋាភិបាល​ ខាង​ក្រសួង​ព័ត៌មាន​ សូម​ក្រឡេក​មើល​រឿង​ដែល​អត់​ប្រយោជន៍​កើត​មាន​ក្នុង​សង្គម​ ពេល​ខ្លះ​អ្នក​កាសែត​ online​ គាត់​ទៅ​ live​ អ៊ី​ចឹង​ គ្មាន​វិជ្ជាជីវៈ​ក្រ​មសីល​ធម៌​ យើង​មិន​មែន​ចង់​ឱ្យ​បិទ​កាសែត​ online​ អស់​ហ្នឹង​ដែរ​ព្រោះ​ជា​ឆ្នាំងបាយ​របស់​ពួក​គាត់ដែ​រ​ ប៉ុន្តែ​បើ​ក្រសួង​អាច​ចាត់​វិធានការ​ មាន​វិធី​សាស្រ្ត​ណា​​អាច​បណ្តុះ​បណ្តាល​អប់រំ​ពួក​គាត់​ទៅ​ បើ​គាត់​ធ្វើ​បាន​វា​ក៏​​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល​ របស់​ប្រទេស​យើង​ដែរ​ ។ ចំណែក​ពី​ប្រជា​ពល​រដ្ឋ​វិញ​ ច​ង់​ឱ្យ​ពួក​គាត់​ចេះ​បែង​ចែក​ព័ត៌មាន​ពិត​ ព័ត៌មានមិនពិត​ ហើយ​មួយ​ទៀត​ប្រជាពលរដ្ឋ​ ពួក​គាត់​មិន​ហ៊ាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ពេល​ដែល​យើង​ចុះ​យក​ព័ត៌មាន​ ពួកគាត់​មិន​សូវ​ចូល​រួម​ជា​មួយ​អ្នក​សារព័ត៌មាន​នោះ​ទេ​ ដូច្នេះ​ចង់​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​សហការ​ជា​មួយ​អ្នក​សារ​ព័ត៌មានផង​»​។

ចំពោះ​លោក ​ស៊ឺ​ន​ ចែង​ចើន​ វិញ​ មាន​អាយុ៣៧ឆ្នាំ​ ជា​អ្នក​សារព័ត៌មានខ្មែរ-កម្ពុជាក្រោម​ ពី​កាសែត​ព្រៃនគរ​ និង​សំឡេង​កម្ពុជាក្រោម​ លើក​ឡើងថា​៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​លំហ​សេរី​ភាព​នៅ​កម្ពុជា​នៅ​ចង្អៀត​ វា​មិន​បាន​ទូលំ​ទូលាយ​នៅ​ឡើយទេ​ មួ​យ​ថ្ងៃៗ​ កាន់​តែ​រួម​តូចទៅៗ​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពេល​កម្ពុជា​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ១៩​ សេរី​ភាព​សារព័ត៌មាន​កាន់​តែ​ធ្លាក់​ចុះ​ ដោយ​រដ្ឋា​ភិបាល​យក​លេស​នេះ ​(ការរីករាលដាលកូវីដ១៩)​ ទៅ​បង្កើត​ជា​ច្បាប់​ផ្សេងៗ​ ក្នុង​ន័យ​បំបិទ​សេរីភាព​សារព័ត៌មាន​»។

ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ លោក​បាន​អំពាវ​ដូច្នេះ​ថា​៖ «សម្រាប់​អ្នក​សារព័ត៌មាន​ យើង​គួរ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ យើង​ត្រូវ​មាន​ប្រភព​ច្បាស់​លាស់​ សរុប​ឡើង​វិញ​ ធ្វើ​ម៉េច​គោរព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​បាន​ចែង​ក្នុង​ក្រម​សីលធម៌​អ្នក​កាសែត​ ។ ពី​រដ្ឋាភិបាល​ ខ្ញុំ​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ក​ម្ពុជា​ សូម​បញ្ឈប់​ការ​យាយី​លើ​អ្នក​កាសែត​ បញ្ឈប់​ការ​ចោទ​ប្រកាន់​ កា​រ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធ​ធនាគារ​ ជា​ពិសេស​អាជ្ញា​ធរ​មូលដ្ឋាន​ សូម​ធានា​ដល់​សន្តិ​សុខ​ដល់​អ្នកសារព័ត៌មាន​ កុំ​មាន​ការ​យាយី​ផ្សេងៗ​ មក​លើអ្នក​កាសែត​ពេល​ចុះ​ធ្វើ​សេច​ក្តី​រាយការណ៍»​ ។

លោក​បាន​បន្ត​អំពាវ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សូម​ទម្លាក់​បទ​ចោទ​ប្រកាន់​នានា​លើ​អ្នក​កាសែត​ ហើយ​បើក​លំហ​សេរី​ភាព​សារព័ត៌មាន​​នៅ​ក្នុងប្រទេស​ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​សេរី​ភាព​សារព័ត៌មាន​មួយ​ពិត​ប្រាកដ​ ហើយ​ក៏​អាច​ជា​មុខ​មាត់​រ​បស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ។

រីឯ​លោក សេង ថៃ​ មាន​អាយុ​៣៩ឆ្នាំ​ ជា​អ្នក​សារព័ត៌មាន​របស់​សំឡេង​ប្រជាធិបតេយ្យ​ (VOD) លើក​ឡើង​ថា​៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ ដែល​ខ្ញុំ​បម្រើ​ការងារ​ហ្នឹង​ជាង​១០ឆ្នាំ​មក​ហើយ​ ខ្ញុំ​សង្កេត​ឃើញ​ថា​ សេរីភាព​សារព័ត៌មាន​បច្ចុប្បន្ន​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ មក​ មិន​ទាន់​មាន​ភាព​សេរី​ដូច​កាល​មុន​ឆ្នាំ២០១៧​ នោះទេ​ ដោយ​​សារ​សេរីភាព​ក្នុ​ង​ការ​ចុះ​យកព័ត៌មាន​ត្រូវ​បាន​រឹត​ត្បឹត​ ការ​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋាភិបាល​ក៏​មិន​ទាន់​ទូលំ​ទូលាយ​ ទោះ​បី​ស្ថាប័ន​ខ្លះ​បង្កើត​ឱ្យ​មាន​អ្នក​នាំ​ពាក្យ​ក៏​ដោយ​ តែ​អ្នក​ទាំង​នោះ​មិន​ទាន់​សហការ​ ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ​ ពេញ​លេញ​ ដល់​អ្នក​សារព័ត៌មាន​នៅ​ឡើយ​ទេ»​។

លោក​បន្តថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយ​មាន​សេចក្តី​ជូន​ដំណឹង​ពី​ក្រសួង​ព័ត៌មាន​ និង​ស្ថាប័ន​ផ្សេងៗ​ ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​​ចុះ​យក​ព័ត៌មាន​នៅ​កន្លែង​ស្ថិ​ត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ ដែល​នាំ​ឱ្យ​ការ​អនុវត្ត​សេរី​ភាព​សារព័ត៌មាន​មិន​បាន​ពេញ​លេញ​ និង​ពេលខ្លះ​ អាជ្ញាធរ​ ឬ​សមត្ថកិច្ច​បាន​រារាំង​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នកកាសែត​ ដោយ​មាន​ការ​ដក​ហូត​ឧបករណ៍​កាសែត​ជាដើម​ ។

ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ លោក សេង ថៃ​ អំពាវ​នាវ​ដូច្នេះ​ថា​៖ «សម្រាប់​ប្រជា​ពលរដ្ឋ​ សូម​គាត់​កុំ​ខ្លាច​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ ឬ​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ សូម​ពួក​គាត់​កុំ​មាន​ការ​ភ័យ​ខ្លាច​ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំ​សារ​ប្រជា​ពលរដ្ឋ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ទៅ​វិញ​ទេ​ ។ សម្រាប់​ពី​អ្នក​កាសែត មិន​មាន​អ្វី​ច្រើន​ទេ​ អ្នក​​កាសែត​​គួរ​តែ​ប្រកាន់​នូវ​វិជ្ជា​ជីវៈ​ក្រម​សីលធម៌​របស់​ខ្លួន​នៅ​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​ សរសេរ​ព័ត៌មាន​ ធ្វើ​គោរព​តា​ម​វិជ្ជា​ជីវៈ​»។

លោក​បន្ថែម​ថា៖ «ចំណែកពីរដ្ឋាភិបាល​ សុំ​ឱ្យ​រដ្ឋា​ភិបាល​បើក​ទូលាយ​ ធ្វើ​សហ​ប្រតិបត្តិ​ការ​ជាមួយ​អ្នក​កាសែត​ឱ្យ​បាន​ពេញ​លេញ​ កុំ​ឱ្យ​មាន​កា​រ​រឹត​ត្បឹត​ ឬ​រារាំង​ដល់​អ្នក​កាសែត​ សូម​ផ្តល់​នូវ​កិច្ច​សហ​ការ ​ក្នុង​បទ​សម្ភាសន៍​ ឬ​ការ​សុំ​ឆ្លើយ​តប​ណា​មួយ​ ព្រោះ​អ្នក​កាសែត​ គាត់​ត្រូវ​ការ​ប្រភព​តុល្យភាព​ ហើយ​សុំ​ឱ្យ​មន្ត្រី​រដ្ឋា​ភិបាល​កុំ​ប្រើ​ពាក្យ​អសុរោះ​ កុំ​មើល​ងាយ​អ្នក​កាសែត​ ព្រោះ​អ្នក​កាសែត​យក​ព័ត៌មាន​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ​ គឺដើម្បី​បម្រើ​ប្រយោជន៍​មហា​ជន​ទេ​» ។

​លោក ​លិវ​ លីម៉ឹង​ វិញ​ មាន​អាយុ​២១ឆ្នាំ​ ជា​អ្នក​សារព័ត៌មានដែល​ស្នើ​សុំ​មិន​បញ្ចេញឈ្មោះ​​ស្ថាប័ន​ដែរ​​នោះ​​ បាន​លើក​ឡើង​ថា​៖ «សម្រាប់​ខ្ញុំ​ដែល​ជា​អ្នកសារព័ត៌មាន​ថ្មី​ថ្មោង​មួយ​រូប​ ខ្ញុំ​មើល​ឃើញ​ថា​វិស័យ​សារព័ត៌មាន​ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ មិន​ទាន់​មាន​ភាព​ពេញ​លេញ​ក្នុង​ការ​និយាយ​ស្តី​ ឬ​ក៏​ផ្សព្វ​ផ្សាយ​នៅ​ឡើយទេ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​ពីមុន​ យើង​មើល​ឃើញថា​ មាន​ការ​បើក​ចំហរ​ច្រើន​ពី​សំណាក់​អាជ្ញា​ធរ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ជាក់​ស្តែង​មន្ត្រី​ ឬ​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​ គាត់​រាង​រើស​អើង​ស្ថាប័ន​ដោយសារ​ពួក​គាត់​​ដូច​ជា​មិន​សូវ​សហការ​ដោយ​រុញ​ទៅ​នេះ​ទៅ​នោះ​ បើ​​មិន​មែន​ជា​ស្ថាប័ន​ដែល​ស្រប​នឹង​គោល​ជំហរ​របស់​គាត់​» ។​

ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ លោក លិ​វ​ លីម៉ឹង​ អំពាវ​នាវ​ដូច្នេះ​ថា​៖ «ពី​អ្នក​សារព័ត៌មាន​ ខ្ញុំ​មើល​ឃើញ​ថា​ ឥឡូវ​យើង​មាន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ច្រើន​ព្រោះ​យើង​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល​ ឱ្យ​​តែ​មាន​​ smartphone​ អាច​ធ្វើ​អ្នក​សារព័ត៌មាន​បាន​ហើយ​ តែ​បើ​មាន​វិជ្ជា​ជីវៈ​ឬ​អត់​គឺ​មិន​ដឹង​ទេ?​ ពេល​ខ្លះ​ពួក​គាត់​ទៅ​យក​ព័ត៌មាន​ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់គេ​ គាត់​យក​សិទ្ធិ​អ្នក​សារព័ត៌មាន​ហ្នឹង​លើស​ព្រំដែន​ ដែល​បង្ក​ឱ្យ​កិត្តិស័ព្ទ​ដល់​អ្នកសារព័ត៌មាន​គេ​ពិត​ប្រាកដ​ហ្នឹង​ ធ្លាក់​ទៅ​តាម​ហ្នឹង​ ។ ពី​រដ្ឋា​ភិបាល​ សូម​ឱ្យ​ជួយ​សម្រួល​ដល់​អ្នក​កាសែត​ដែល​ពួក​គាត់​ចុះ​ទៅ​មូលដ្ឋាន​ហ្នឹង​ សូម​ឱ្យ​សហការ​ជា​មួយ​ពួកគាត់​ ដោយ​មិន​ត្រូវ​រើស​អើង​ស្ថាប័ន​នោះ​ទេ​» ។​

ចំណែក​លោក​ ភិន​ រតនា​ មាន​អាយុ២១ឆ្នាំ​ ជា​អ្នកកាសែត​ freelance​ បាន​លើក​ឡើង​ថា​៖ «សម្រាប់​ខ្ញុំ​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ម្នាក់​ ខ្ញុំ​យល់ថា​ សេរី​ភាព​សារព័ត៌មាន​នៅ​ពេលនេះ​​ មាន​ការ​រីក​ចម្រើន​ជាង​មុន ក៏​ប៉ុន្តែ​ក៏​ត្រូវ​ការ​អភិវឌ្ឍ​ កែ​លម្អ​បន្ថែម​ទៀត​ ជា​ពិសេស​ការ​ផ្តល់​ឱ្យ​អ្នក​កាសែត​នូវ​ភាព​ទូលំ​ទូលាយ​ជាង​មុន​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគាត់​ ។​កន្លង​មក​ សម្រាប់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាត់​រាយការណ៍​ពី​បញ្ហា​ចម្រូង​ចម្រាស់​ក្នុង​សង្គម​ គាត់​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ភ័យខ្លាច​ ដែលនាំ​មាន​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​រឿង​ដូច​ជា​ពី​បញ្ហាដីធ្លី​ បញ្ហា​នយោបាយ​ជា​ដើម​ហ្នឹង​ អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​បាន​គេ​គំរាម​កំហែង​ អ្នក​ខ្លះ​វិញ​ ត្រូវ​បាន​អាជ្ញាធរ​ដក​ឧបករណ៍​ព័ត៌មាន​ ដែល​សកម្មភាព​នេះ​សម្តែង​នូវ​ការ​រឹត​ត្បឹត​សេរីភាព​ដល់​អ្នកកាសែត​ ដែល​ធ្វើ​ឱ្យ​ការ​ផលិត​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ»​​ ។

ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ លោក​បាន​អំពា​វ​នាវ​ដូច្នេះថា​៖ «ពីមហាជន​ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​ដឹង​ថា​តួនាទី​អ្នក​សារព័ត៌មាន​គឺ​សំខាន់​ណាស់​សម្រាប់​នាំ​ព័ត៌មាន​ដល់​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​  ប្រជា​ពលរដ្ឋ​គួរ​ចូល​រួម​សហការ​ គាំទ្រ​ដល់​ការងារ​របស់​អ្នក​កាសែត​ ។ ពី​រដ្ឋា​ភិបាល​វិញ​ គួរ​តែ​មាន​ការ​បន្ធូរ​បន្ថយ​នូវ​ការ​រឹតត្បឹត​ ក៏​ដូច​ជា​មាន​ការ​ផ្តល់​ឱកាស​ដល់​អ្នក​កាសែត​រាយការណ៍​ព័ត៌មាន​កាន់​តែ​សេរី​ជាង​មុន​»៕​