ចាប់​តាំង​ពី​កម្ពុជា​​​មាន​ផ្ទុះ​​ជំងឺ​កូវីដ១៩​​ពី​ដើម​ឆ្នាំ​២០២០​​មក ​យើង​ឃើញ​ថា​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រង​ផល​ប៉ះ​ពាល់​ដល់​ជីវ​ភាព​រស់​នៅ​របស់​ពួក​គេ​  ជា​ពិសេ​ស​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជីវ​ភាព​ក្រីក្រ​។ ខណៈ​ដែល​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​​ជា​ច្រើន​រង​ផល​ប៉ះពាល់​ខ្វះ​ខាត​ស្បៀង​អាហា​រ​អំឡុង​ពេល​ជំងឺ​កូវីដ​១៩​នេះ ​គេ​ឃើញ​មាន​យុវ​ជន​មួយ​ក្រុម​បង្កើត​គម្រោង ​Local4local  ដើម្បីប្រ​​​មូល​គ្នា​បរិ​ច្ចាគ​ជាអាហារ ​និង​របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ ដល់​ប្រ​ជាពល​រដ្ឋ​ដែល​ខ្វះ​ខាត​នៅ​រាជ​ធានី​ភ្នំពេញ​។

លោក តាំង ហួងហាវ ស្ថាប​និក​គម្រោង​ Local4local  បាន​ផ្តល់កិច្ច​​សម្ភាសន៍​​ដល់​សិក្ខា​កាម​  Newsroom Cambodia  អំពី​ការ​លើក​ស្ទួយ​វប្បធម៌​នៃ​ការ​ចែក​រំលែក​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​ របស់​គម្រោង​ Local4local។

ស្រីពេជ្រ៖  តើ​​​គម្រោង​ local4local គឺ​​​ជា​​អ្វី​ ?

ហួងហាវ៖ គម្រោង local4local គឺជា​គម្រោង​មួយ​ដែល​ផ្ដល់​អាហារ ​និង​របស់​របរ​ផ្សេង​ៗទៀត​ទៅ​ដល់​អ្នក​នៅតាម​ផ្លូវ​ ដូច​ជា​អ្នក​រត់​ស៊ីក្លូ​តាម​​ផ្លូវ​ អ្នក​រើស​សំ​​រាម​ជា​ដើម​ បើ​និយាយ​ជា​គោល​ដៅ​គឺ​ជំរុញ​ទៅ​លើ​ការ​ចែក​រំលែក​  គឺ​ជំរុញ​វប្បធម៌​នៃ​ការ​ចែក​រំលែក​មិន​ថា​តិច​ក្តី​មិន​ថា​ច្រើន​ក្តី ​គឺគា​ត់​អាច​បរិច្ចាគ​បាន​ទាំង​អស់​។

ស្រីពេជ្រ៖  តើ​​​គម្រោង​ Local4local បាន​បង្កើត​ឡើង​នៅ​ពេល​ណា?

ហួងហាវ៖ គម្រោង​របស់​យើង​គិត​មក​ដល់​ឥឡូវ​បង្កើត​ឡើង​បាន​ចូល​ជិត​ប្រាំបី​ខែហើយ​ មក​ដល់​សព្វ​ថ្ងៃ​និង​ local4local បាន​ចែក​ជាអា​ហារ​ក្ដៅ​បាន​ប្រហែល​ជា​ពីរ​ម៉ឺន​ប្រាំ​ពីរ​ពាន់​កញ្ចប់ ហើយ​បាន​ជួយ​ដល់​ គ្រួសារ​ដែល​នៅ​តំបន់​ក្រហម​​តាម​រយៈ​អង្គការ​ផ្សេងៗ​ក្នុង​នឹង​មាន​គ្រឿង​ផ្សេងៗ​ដូច​ជា ត្រីខ មី អង្ករ ដែល​រៀប​ចំ​ជា​កញ្ចប់ៗ និង​ពេល​ដែល​នៅ​តំបន់​ក្រហម​ប្រហែល​ជិត​ប្រាំ​បី​រយ​គ្រួសារ​។

ស្រីពេជ្រ៖  តើ​ធុង​សហគមន៍​ចល័ត​គឺជា​អ្វី​ ?

ហួងហាវ៖  ធុង​សហគមន៍​ចល័ត​គឺ​ជា​មធ្យោបាយ​មួយ​ដែល​សម្រាប់​អ្នក​មាន​ដាក់​អ្នក​ខ្វះ​ដក​ គឺ​ជា​ធុង​សប្បុរស​មួយ​ដែល​មាន​របស់​របរ​ផ្សេងៗ​ដូចជា​ម្ហូប ខោអាវ របស់​របរ​ស្ងួត ដូច​ជាត្រី​ខ​មី​អី​ផ្សេង​ៗគឺ​គាត់​អាច​បរិច្ចាគ​បាន​ ហើយ​អ្នក​ដែល​គេខ្វះខាត​នៅតាម​ដង​ផ្លូវ​គឺគាត់​អាច​បើក​ធុង​នឹង​ដើម្បី​យក​របស់​របរ​និង​អាហារ​ក្នុង​ធុង​នឹង​ ហើយ​ធុង​សហគមន៍​ចល័ត​គឺ​ជា​ធុង​សប្បុរស​នៅ​លើ​ស៊ីក្លូ​ ដែល​យើង​តាំង​ពាក្យ​ស្លោក​មួយ​ថា «អ្នក​មាន​ដាក់​អ្នក​ខ្វះ​ដក​» ។

ស្រីពេជ្រ៖ តើ​ធុង​សហគមន៍​ចល័តមា​​ន​ប៉ុន្មាន​ទីតាំង​?

ហួងហាវ៖ ឥឡូវ​នេះ​ធុង​សហគមន៍​ចល័ត​មាន​ទីតាំង​រហូត​ដល់​ ១០ កន្លែង ដែល​ចេញ​ដំណើរ​ពី​ម៉ោង​ ៩:៣០ ឬ ១០:៣០ និង​ម៉ោង ៤:០០​ ឬ ៥:០០ ទៅ​តាម​កន្លែង​ដូច​ជាតាម​មាត់​ទន្លេ​  ផ្សារ​ថ្មី  ផ្សារ​រាត្រី​ វត្ត​បុទុម ​និង​កន្លែង​ផ្សេងៗ​ទៀត​ជាដើម​។

ស្រីពេជ្រ៖ តើ​យើ​ង​អាច​បរិច្ចាគ​អ្វីបាន​ខ្លះ​ក្នុង​ធុង​សហគមន៍​ចល័ត​?

ហួងហាវ៖ ធុង​សហគមន៍​ចល័ត​ដែលមាន​ទី​តាំង​ ១០ កន្លែង​ធំៗ​នឹង​ គឺ​យើង​អាច​បរិច្ចាគ​ជា​របស់​ក្ដៅ​ដូច​ជា​បាយកញ្ចប់​ដូចជា​ម្ហូប​អាហារ​ផ្សេងៗ​ ភាគ​ច្រើន​ពួក​គាត់​ក៏អាច​បរិច្ចាគ​ជា​មី​ត្រីខ​ ​​និង​អាច​បរិច្ចាក​ជា​របស់​របរ​ផ្សេងៗ​ទៀត​ដែល​អាច​បរិភោគ​ដូច​ជា​គាត់​បរិច្ចាគ​ជា​នំ​កញ្ចប់​នំ​ប៉័ង​អីក៏​មាន​ដែរ​ កុំ​ឲ្យ​តែ​របស់​នឹង​មាន​សភាព​ខូច​ខាត​ឬ​មាន​ក្លិន​ស្អុយ​ឬក៏​ហួស​ថ្ងៃ​កំណត់​ គឺ​មិន​អាច​បរិច្ចាគ​ក្នុង​ធុង​សហគមន៍​ចល័ត​បាន​ទេ។​ ហើយ​មួយ​រយៈក្រោយ​នេះមាន​បង​ប្អូន​ជាច្រើន​នាក់​ដែល​គាត់នៅ​​តាម​ខេត្ត​ដូច​នៅ​សៀមរា​ប​ កំពង់សោម​ អ្នក​ខ្លះគាត់​ផ្ញើជា​ខោអាវ​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ចែក​ជូន​អ្នកនៅ​តាមដង​ផ្លូវ​មានទាំង​ខោអាវ​ប្រុស​ខោអាវស្រី​។

ស្រីពេជ្រ៖ តើ​​​គម្រោង​ Local4local នឹង​មាន​បង្កើត​ជាគ​ម្រោង​អ្វី​បន្ថែម​ទៀត​ទេ​នៅ​ថ្ងៃ​អនាគត?​

ហួងហាវ៖ នៅពេលអនាគតទៅគម្រោង Local4local ចង់​ពង្រីក​បន្ថែម​ទៀត​ ដែល​យើង​មាន​គម្រោង​ប្រាំ​។ ទីមួយ​គឺ​យើង​មាន​គម្រោង​ ពង្រីក​ធុង​សហគមន៍​ចល័ត​ទៅតាម​កន្លែង​ផ្សេងៗ​ទៀត​នៅរាជធានី​ភ្នំពេញ​ បើ​មាន​ការ​គាំទ្រ​ពី​បង​ប្អូន​តាម​រយៈ​ការ​រៃ​អង្គាស​ និង​ថវិកា​ផ្សេងៗ​ទៀត​ដើម្បី​បន្ត​គម្រោង​នឹង​ ហើយ​ក៏មាន​គម្រោង​បន្ត​ធ្វើ​នៅ​តាម​ខេត្ត​នានា​ដូច​ជា​សៀម​រាប​អី​នឹង​។ ហើយ​ពួក​គាត់​នៅខេត្ត​ក៏បាន​សួរ​មក​ខ្ញំថា​ទៅខេត្ត​គាត់​ថ្ងៃណា​ ហើយ​ខ្ញុំប្រាប់​គាត់​ដែរ​ព្រោះ​ស៊ី​ក្លូឥ​ឡូវ​មាន​តែនៅ​ភ្នំពេញ​ទេ ហើយ​បើ​ថា​ទៅខេត្ត​ខ្ញុំ​បាន​ផ្ដល់​យោបល់​មួយ​ទៅ​គាត់​ថា ​បើ​សិន​ជា​យើង​ធ្វើធុង​សហគមន៍​ចល័ត​ដែរ​ប៉ុន្តែ​មិន​មែន​លើស៊ីក្លូ​គឺ​នៅលើរ៉ឺ​ម៉ក​អី​ចឹង​ទៅ ដែល​គោល​ដៅ​យើង​គឺ​យើង​ចែករំលែក​ទៅដល់​ពួកគាត់​ដូចគ្នា​។

ហើយ​គម្រោង​ទីពីរ​ គឺយើង​សង្ឃឹម​ថានឹ​ងមា​ន​ស្ថានីយន៍​ Local4local ដែល​ជាកន្លែង​សម្រាប់​ពួក​គាត់​អាច​បរិច្ចាគ​បាន​មាន​ទី​កន្លែង​ច្បាស់លាស់​ដើម្បី​បរិច្ចាគ​ជារបស់​របរ​និង​គ្រឿង​ផ្សេងៗ​ហើយ​អ្នក​នៅ​តាម​ដង​ផ្លូវ​ឬ​អ៊ំ​ស៊ី​ក្លូអាច​មក​យក​របស់​របរ​នៅ​ស្ថានីយ​ របស់​ Local4local​ បាន។

ហើយ​គម្រោង​ទីបី​ គឺ​អាច​មាន​ជាការ​ប្រកួត​គំនូ​រ​ផ្សេង​ៗ​ដែល​យើង​បាន​រួម​សហ​ការ​ជាមួយ​ Prudential Cambodia ដែល​ឥឡូ​នឹង​គឺ​យើង​មាន​ពិព័រណ៍​គំនូរ​ស៊ីក្លូ​នា​ពេល​អនាគត​ ហើយការ​ប្រកួត​នឹង​គឺ​យើង​មាន​គម្រោង​ខ្លះៗចង់ធ្វើ​ស៊ី​ក្លូនា​ពេលអនាគត​ទាំង​អស់​នឹង​ទៅជា​ស៊ី​ក្លូ​មែន​ទែន​ដែល​យើង​អាច​ថា​ជា​ស៊ី​ក្លូ​អង្គុយ ​ឬ​ក៏​ស៊ី​ក្លូ​ផ្សេង​ៗទៀត​  ហើយ​មាន​ជា​គំនិត​ច្នៃ​ប្រ​ឌិត​មាន​ជា​គំនូរ​  ហើយ​​មាន​​​សិល្បករ​សិល្បការិ​នី​ច្រើន​មែន​ទែន​ដែល​គាត់​បាន​ចូល​រួម​បញ្ចេញ​ជាគំ​និត​​ជា​យោបល់​តាម​រយៈ​គំនូរ​របស់​គាត់​គូរ​ចេញ​ជា​រូប​រាង​  អាច​ធ្វើ​ជា​រូប​រាង​ពិត​ប្រាកដ​ដែល​មាន​ដំណើរ​ការ​នៅ​លើ​ផ្លូវ​។

ហើយ​គម្រោង​ទីបួន​ គឺ​យើង​នឹង​មាន​ការ​ពង្រីក​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​ឥឡូវ​យើង​មាន​១២​នាក់ យើង​នឹង​សង្ឃឹម​ថានឹង​មាន​ការ​ចូល​រួម​ជាច្រើន​ទៀត​ រួមនិង​ការ​ធ្វើ​ជាស៊ីក្លូ​ tours។ ការ​ធ្វើជា​ស៊ីក្លូ​ tours​ ឧទាហរណ៍​ថាជិះស៊ី​ក្លូ​ទៅផឹក​កាហ្វេ​  ជិះ​ស៊ីក្លូ​ទៅមើល​ពិព័រណ៍​គំនូរ​ឬសិក្ខាសាលា​ផ្សេងៗ​   ហើយ​ការ​ជិះស៊ីក្លូ​នឹង​មិន​មែន​ដូច​ដែល​យើង​ជិះទៅ​មើល​វិមាន​ឯករាជ្យ​មើល​វត្ត​ភ្នំ​ដដែលៗ​​ទេ​គឺ​យើង​រក​វិធី​ណា​ដើម្បី​​មាន​ទាំង​គំនិតថ្មី​ៗ ដែល​ជាការងារ​មួយ​ជូន​ទៅដល់​អ៊ំ​ស៊ី​ក្លូ​ ព្រោះ​ឥឡូវ​ហ្នឹង​មាន​ចំនួន​ថយចុះ​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំដោយ​សារ​កំណើន​នៃ​រ៉ឺម៉ក​ធុក​ធុល​  ហើយ​យើង​សង្ឃឹម​ថា​នឹង​អាច​ផ្ដល់​ការងារ ​និង​ប្រាក់​ចំណូល​ជួយ​ពួក​គាត់​បន្ត​ទៅថ្ងៃអនាគត​ទៀត​។

ហើយ​គម្រោង​ទីប្រាំ​ គឺជាគម្រោង​មួយដែល​ខ្ញុំចង់​ឲ្យក្រុម​ហ៊ុន​ Gra​b ឲ្យ​គាត់​ដាក់​បញ្ចូល​ស៊ីក្លូ​ក្នុងកម្មវិធី Grabដែលមានឈ្មោះ​ថា ក្រេបស៊ីក្លូ (Grab Cyclo) អី​ចឹងទៅ​អាច​មាន​មធ្យោបាយ​មួយ​អាច​ផ្ដល់​ជា​ការងារ​ជូន​ដល់​អ៊ំ​ស៊ីក្លូ ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ជិះស៊ីក្លូ​ពួក​គេអាច​មាន​មធ្យោបាយ​មួយ​សម្រាប់​ហៅស៊ីក្លូជិះ​កម្សាន្ត​ផ្សេងៗ​ ទាំង​អស់​នឹង​គឺដូច​គេនិយាយ​ថាមិន​ត្រឹម​តែ​ឲ្យត្រីទៅពួក​គាត់​ទេ តែ​យើង​ឱ្យ​ជា​ការងារ​មួយ​ផ្ដល់ជាកម្រៃ​សម្រាប់​ឲ្យពួក​គាត់​មាន​ការងារ​ធ្វើហើយ​ជួយ​​ទ្រ​ទ្រង់​ទៅ​ដល់​ជីវភាព​ពួក​គាត់​ទៀត​ ហើយ​ទាំង​អស់​នេះ​គឺជាគម្រោង​ធំៗទាំ​ង​ប្រាំ​របស់​ Local4local។

ស្រីពេជ្រ៖ អរគុណសម្រាប់ការ​ផ្តល់​កិច្ចសម្ភាស។

ហួងហាវ៖ បាទអរគុណ៕