កញ្ញា ឃ្លាំង គីមហួយ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កាលពីទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្ភាសន៍លោក ផៅ រតនា ជានិសិត្សឆ្នាំទី៣​នៃ​សាកលវិទ្យាល័យ​តូនដឹកថាំង (TON DUC THANG UNIVERSITY) នៅប្រទេសវៀតណាម អំពី​បទ​ពិសោធន៍​នៃ​ភាព​ជា​ប្រធាន​តំណាង​និស្សិតខ្មែរប្រចាំសាកលវិទ្យាល័យ។

ក្នុងអត្ថបទខាងក្រោមនេះ​ ជាការសម្ភាសជាមួយលោក ផៅ រតនា៖

ឃ្លាំង គីមហួយ៖ សួស្តីបង! តើពាក្យថា «ប្រធាន​តំណាង​និស្សិត​ប្រចាំ​សាកល​វិទ្យាល័យ» ​មានន័យ​យ៉ាងដូចម្ដេច​ដែរ​?

ផៅ រតនា៖ សម្រាប់ខ្ញុំពាក្យ «ប្រធានតំណាងនិស្សិតប្រចាំសាកលវិទ្យាល័យ» គឺមាន​ន័យ​ថា​បុគ្គល​ម្នាក់​ដែលគ្រប់គ្រងនិស្សិតមួយក្រុមនៅក្នុងសាកលវិទ្យាល័យ ហើយចាំ​ជួយ​សម្រួល​ពេល​និសិ្សត​ទាំង​នោះជួបបញ្ហាប្រឈម ឬការលំបាកជាដើម។

ឃ្លាំង គីមហួយ៖ តើធ្វើដូចម្ដេចទើបអាចក្លាយ​ទៅ​ជាប្រ​ធាន​តំណាង​និស្សិត​ខ្មែរ​ប្រចាំ​សាកល​វិទ្យាល័យ​​បាន?

ផៅ រតនា៖ ជាទូទៅមុននឹងក្លាយទៅជាប្រធានបាន គឺតម្រូ​វ​ឲ្យ​ឆ្លង​កាត់​ការបោះឆ្នោត​ជា​មុន​សិន។ កាលនោះមាននិស្សិតខ្មែរសរុបចំនួន១០នាក់រួមទាំងខ្ញុំ ហើយពេល​បោះឆ្នោត​ក៏​ទទួល​បាន​សំឡេង​ចំនួន​១០​ពេញតែម្ដង គួបផ្សំទាំងខ្ញុំបោះឲ្យខ្លួនឯងដែរ។

ឃ្លាំង គីមហួយ៖ តើខ្ញុំអាចដឹងពីមូលហេតុបន្តិចបានទេ ហេតុអ្វីបានជាបងចង់ក្លាយ​ជា​តំណាង​និស្សិត​ខ្មែរ​នៅ​ក្នុងសាកលវិទ្យាល័យ​នេះ?

ផៅ រតនា៖ ពេលមកដល់ដំបូងក៏ខ្ញុំគ្មានបំណងចង់ក្លាយជាប្រធានតំណាងនិស្សិតខ្មែរដែរ ហើយ​គេក៏​​មិន​ទាន់​រើស​ភ្លាម​ទេ អ៊ីចឹង​ដំបូងៗ​អំឡុង​ពេល​រៀន​ភាសា​ហ្នឹង​គឺ​យើង​មើល​សកម្មភាព​គេ ហើយគេក៏មើលសកម្មភាពយើងទៅវិញទៅមក។ បន្ទាប់មក​ខាង​សាលា​ជ្រើសរើស​ស្រីម្នាក់​ប្រុស​ម្នាក់​មក​ធ្វើជា​តំណាង​ឈរ​ឈ្មោះបោះ​ឆ្នោត ហើយ​ដោយសារ​មាន​ការគាំទ្រ​ពី​សំណាក់​មិត្តភក្តិ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​ឈ្មោះតែ​ម្ដង​ទៅ។

ម្យ៉ាងវិញទៀតខ្ញុំជាមនុស្សដែលចូលចិត្តជួយយកអាសាគេស្រាប់ហើយ អ៊ីចឹងវាជាឱកាសល្អ សម្រាប់ខ្ញុំដើម្បីអាចជួយសម្រួលបញ្ហាគ្នាយើងដែរកើតមានឡើង។ ទន្ទឹមនឹង​នេះខ្ញុំ​ក៏​មាន​ឱកាស​ដើម្បី​បាន​ជួប​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​សាកល​វិទ្យាល័យ ក៏​ដូចជា​សាកល​វិទ្យាធិការ​ផង​ដែ​រ វា​អាច​បង្កើន​សម្ព័ន្ធ​ភាព និង​ភាព​ស្និទ្ធ​ស្នាល​សម្រាប់​ខ្ញុំ​បាន​យ៉ាង​ល្អ។ ការធ្វើជា​ប្រធាន​តំណាង​និស្សិតខ្មែ​រ​ប្រចាំ​សាកល​វិទ្យាល័យ​នេះ​ក៏​បាន​ជួយ​ពង្រឹង​ដល់​ភាព​ជាអ្នក​ដឹកនាំ​របស់​ខ្ញុំ​ផង​ដែរ។

ឃ្លាំង គីមហួយ៖ ក្នុងនាមជាប្រធានតំណាងនិស្សិតខ្មែរប្រចាំសាកលវិទ្យាល័យ តើបង​ត្រូវ​ធ្វើ​ការងារ​អ្វីខ្លះ?

ផៅ រតនា៖ ក្រៅពីជួយដោះស្រាយបញ្ហារបស់និស្សិតខ្មែរ ខ្ញុំក៏ត្រូវធ្វើ​របាយការណ៍​ទាក់ទង​នឹង​បច្ចុប្បន្ន​ភាព និង​លទ្ធផល​នៃ​ការសិក្សា​របស់​និស្សិត​ប្រចាំ​ខែ​ទៅ​ឲ្យ​សមាគម​និស្សិត​ខ្មែរ​ដែល​ត្រូវ​បាន​បង្កើត​ឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេស​វៀតណា​មផងដែរ។

ឃ្លាំង គីមហួយ៖ យោងតាមបទពិសោធន៍ផ្ទាល់ខ្លួន តើអ្វីទៅជា​ផល​ពិបាក​ជាង​គេ​សម្រាប់​បង​ចំពោះ​តួនាទី​មួយនេះ?

ផៅ រតនា៖ ចំពោះតួនាទីមួយនេះដូចជាមិនសូវមានផលពិបាកប៉ុន្មានទេ តែពេល​ខ្លះ​ពិបាក​ត្រង់​ថា​យើង​ផ្តល់ព័ត៌មានឲ្យគាត់នៅក្នុងគ្រុបឆាត (Group chat) ត្រូវការការឆ្លើយតបជាបន្ទាន់ តែពួកគាត់​ហាក់ដូចមិនសូវខ្វល់។ ឧទាហរណ៍ជាក់ស្តែងអំឡុងពេល​កូវីដនេះ ខាង​អគ្គ​កុង​ស៊ុល​ចង់​ផ្ដល់​ជំនួយដល់និស្សិតខ្មែរដែលជួបការលំបាក ហើយពេលខ្ញុំសួរក្នុងគ្រុបឆាត (Group chat) អំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគាត់ ហាក់បី​ដូចជា​មិនមាន​អ្នកឆ្លើយ​តប​ទាន់​ពេល​វេលាសោះ ដូចនេះពិបាកប្រាប់ទៅខាងគេវិញណាស់។

ឃ្លាំង គីមហួយ៖ តើតួនាទីមួយនេះមានផ្តល់ផលប៉ះពាល់ចំពោះការសិក្សារបស់បងដែរ ឬទេ? តើបង​ដោះស្រាយវាដោយរបៀប​ណា?

ផៅ រតនា៖ និយាយទៅវាមិនបានប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំទេ ព្រោះមុននឹង​ខ្ញុំ​សម្រេច​ចិត្ត​ថា​ធ្វើវា ខ្ញុំបានបែងចែកពេលវេលាច្បាស់លាស់ ហើយក៏​ប្រាកដ​ចិត្ត​ថា​វា​នឹង​មិន​ប៉ះពាល់​ដល់​ការរៀន​សូត្ររបស់ខ្ញុំដែរ។ ប៉ុន្ដែបច្ចុប្បន្ននេះដោយសារខ្ញុំឡើងឆ្នាំទីបីត្រូវសិក្សាច្រើន មួយ​វិញ​ទៀត​ចំនួន​និស្សិត​ខ្មែរក៏កើនឡើងពី​មួយឆ្នាំទៅមួយឆ្នាំ សរុបមក​ដល់​ពេលនេះគឺ​មាន​ចំនួន​៣៣នាក់​ហើយ ដូចនេះ​ខ្ញុំ​ក៏បា​នជ្រើសរើស​អនុប្រធាន​ថែម​ចំនួន​២​នាក់​ទៀត​ដើម្បី​ជួយ​សម្រួល​បន្ទុក​មួយ​នេះ។

ឃ្លាំង គីមហួយ៖ ចា៎! អរគុណ​បង រតនា ដែលបានផ្ដល់​សម្ភាសន៍។

ផៅ រតនា៖ បាទ! អរគុណ៕​