យ៉ាង​ហោច​ណាស់​សកម្មជន​អង្គការ​មាតាធម្មជាតិចំនួន​៥​រូប​ ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១ ត្រូវ​​បាន​តុលាការ​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ ទៅ​២០​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​ ពី​បទ​ញុះញង់​ និង​សម​គំនិត​ទាក់ទង​នឹង​​រឿង​​បរិស្ថាន​។

​ក្រោយ​ចេញ​​ពី​ពន្ធ​ធនាគារ​​ សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នៅ​កម្ពុជា​​ត្រូវ​បាន​អង្គការ​អន្តរជាតិ​ Front Line Defender​ ប្រកាស​ផ្តល់​ពាន​រ​ង្វាន់​ជូន​ ជា​ពាន​រង្វាន់​សម្រាប់​អ្នក​ការពារ​ជួរ​មុខ​ប្រចាំ​ឆ្នាំ២០២១​ កាល​ពី​ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ កន្លង​ទៅ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ Dubline ​ប្រទេស​អៀរឡង់​ ។

លោក​ សំបាន​ ច័ន្ទដារ៉ា​ សិក្ខា​កាមសារ​ព័ត៌មាន​របស់​ Newsroom Cambodia បានសម្ភាសន៍​​កញ្ញា ​ឡុង​ គន្ធា​ សកម្មជន​មួយ​រូប​​របស់​​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​ ពី​ដំណើរ​រឿង​នៃ​ការ​ចូល​រួម​ការងារ​ជា​សកម្មជន​បរិស្ថា​ន​ ព្រម​ទាំង​ការ​ប្រឈម​​​នា​នា​ជាមួយ​សកម្មភាព​ការពារ​បរិស្ថាន​កន្លង​ទៅ​។

ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​រវាង​លោក​សំបាន​ ច័ន្ទដារ៉ា​ និង​កញ្ញាឡុង​ គន្ធា៖

ច័ន្ទដារ៉ា​៖​ ជម្រាប​សួរ!​ កញ្ញា​ ឡុងគន្ធា

គន្ធា​៖​ ចាស៎​ ជម្រាប​សួរ!​

ច័ន្ទដារ៉ា៖​ ហេតុ​អ្វី​​កញ្ញា​សម្រេច​ចិត្ត​​ចូល​រួម​សកម្មភាព​ជា​សកម្មជន​បរិស្ថាន?

គន្ធា៖​ បាន​ជា​ខ្ញុំ​​ចូល​រួម​សកម្មភាព​ជា​សកម្មជន​បរិស្ថាន​ដោយ​សារ​ដំ​បូង​ ខ្ញុំ​ស្រឡាញ់​បរិស្ថាន​ ខ្ញុំ​ចូល​ចិត្ត​ដើ​រ​កំសាន្ត​តាម​ព្រៃ​ តាម​សមុទ្រ​ បន្ទាប់​មក​ខ្ញុំ​បាន​ឃើញ​ការ​បំ​ផ្លិច​បំផ្លាញ​ធនធាន​អស់​ហ្នឹង​ ដែល​ជា​ពិ​សេស​ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រឹត​ចូល​រួម​នោះ​ គឺ​ការ​បាន​ទៅ​ដល់​សហគមន៍​កោះ​ស្រឡៅ​ និង​ព្រៃព្រះ​​រកា​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ខ្លាំង​មែន​ទែន​។ ខ្ញុំ​ទៅ​ដល់​ ខ្ញុំ​ឃើញ​សម្បូរ​មនុស្ស​វ័យ​ចាស់​ដែល​មិន​សូវ​មាន​កម្រិត​វប្បធម៌​ខ្ពស់​ តែ​ពួក​គាត់​ខំ​ប្រឹង​ណាស់​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ ខណៈ​យើង​វិញ​ជា​យុវជន​មាន​ទាំង​កម្លាំង​កាយ​ និង​ប្រាជ្ញា​​ តែ​ពួក​យើង​បែរ​ជា​មិន​បាន​ចូល​រួម​ជា​មួយ​ពួក​គាត់​ទេ។​ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសពួក​គាត់​ណាស់​ បាន​ជា​ចង់​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្មជាតិ ។

មួយ​វិញ​ទៀត​ ខ្ញុំ​ឃើញ​លោក​អា​ឡិច​ដែល​ជា​ជន​ជាតិ​បរទេស​ តែ​បែរ​ជា​គាត់​មក​ជួយ​ការ​ពារ​ធន​ធាន​ធម្មជាតិ​របស់​យើង​ ខណៈ​ពួក​យើង​ជា​ម្ចាស់​ប្រទេស​មិន​បាន​ចូល​រួម​ការ​ពារ​ធន​ធាន​របស់​ខ្លួន​ឯង​ ជា​រឿង​គួរ​ឱ្យ​ខ្មាស​ពួក​គាត់​ណាស់​ បាន​ជា​ខ្ញុំ​​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្មជាតិ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ កុំ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បន្ទោស​យើង​ជា​អ្នក​ជំនាន់​នេះ​មិន​បាន​គិត​គូរ​ពី​ធនធាន​ធម្មជាតិ​ ។

ច័ន្ទដារ៉ា៖​ កញ្ញា​ស្រឡាញ់​បរិស្ថាន​ និង​បាន​គិត​ចូល​រួម​សកម្មភាព​ការ​ពារ​បរិស្ថាន​ ហេតុ​អ្វី​ជ្រើស​រើស​ចូល​រួម​នឹង​អង្គ​ការ​មាតា​ធម្មជាតិ ​(Mother Nature) មិន​ជ្រើស​រើស​ស្ថាប័ន​ផ្សេង​?

គន្ធា៖​ ដោយ​សារ​កាល​នោះ​ខ្ញុំ​ចូល​ចិត្ត​មើល​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ​ ខ្ញុំ​ចាំ​​បាន​ថា​ ជា​វី​ដេអូ​ដែល​សកម្ម​ជន​របស់​មាតា​ធម្មជាតិ​​ប៉ុន្មាន​រូប​កប់​ក្នុង​ខ្សាច់​ ខ្ញុំ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​សកម្មភា​ព​អ្វី​​ដែល​ពួក​គាត់​ធ្វើ​ ហើយ​ខ្ញុំ​ក៏​បាន​ស្គាល់​ពួក​គាត់​ បន្ទាប់​មក​បាន​សុំ​ថត​វីដេអូ​ជា​មួយ​ពួក​គាត់​ ដែល​វីដេអូ​របស់​ខ្ញុំ​ស្តី​អំពី​ការ​បង្ហូរ​ទឹក​កខ្វក់​របស់​កាស៊ីណូ​មួយ​ចូល​ក្នុង​ឆ្នេរ​សមុទ្រ​នៅ​កោះ​រ៉ុង​សន្លឹម​។ បន្ទាប់​ពី​ខ្ញុំ​បាន​សាក​ល្បង​ថត​រួច​មក​ ខ្ញុំ​គិត​ថា​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ ពួក​គាត់​បាន​ផ្តល់​ឱ្យ​យើង​ធ្វើ​នូវ​អ្វី​ដែល​យើង​ស្រឡាញ់​ ហើយ​ចូល​រួម​ជា​មួយ​ពួក​គាត់​ចាប់​ពី​ពេល​ហ្នឹង​ឯង  ។

ច័ន្ទដារ៉ា៖​ ក្នុង​តួ​នាទី​កញ្ញា​ជា​សកម្មជន​បរិស្ថាន​ តើ​កន្លង​មក​សម្រេច​អ្វី​បាន​ខ្លះ​សម្រាប់​សង្គម​ និង​សម្រាប់​បរិស្ថាន?

គន្ធា​៖​ កន្លង​មក​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​សូវ​ទទួល​បាន​អ្វី​ច្រើន​ទេ​ វា​តិច​តួច​ណាស់​ ខ្ញុំ​ចេះ​តែ​គិត​ថា​ស្តាយ​ ហេតុ​អ្វី​ខ្ញុំ​​ទើប​តែ​ចាប់​ផ្តើម​ យូរ​ហើយ​ខ្ញុំ​ទើប​ចាប់​ផ្តើម​។ កន្លង​មក​ ខ្ញុំ​បាន​ចូល​រួម​ចំណែក​ការពារ​បរិស្ថាន​ ធន​ធាន​ធម្មជាតិ​ ដូច​នៅ​កំពង់សោម​ កាល​ពី​ដំបូង​មាន​បញ្ហា​ច្រើន​មែន​ទែន​ ពេល​ដែល​ពួក​យើង​មិន​ទាន់​ទៅ​ដល់​ ទាំង​បញ្ហា​សំរា​ម​ រឿង​ទឹក​លូ​ចូល​សមុទ្រ​ ការ​សង់​អាគារ​រំលោភ​ឆ្នេរ​ផង។​ តែ​ឥឡូវ​យើង​ឃើញ​ថា​ កំពង់សោម​មាន​ការ​ផ្លាស់​ប្តូរ​ យើង​ចាំ​បាន​ថា​ កាលពី​២០១៧​ ទៅ​២០១៩ ​សមុទ្រ​ប្រែ​ពណ៌​ពី​ខៀវ​ទៅ​កខ្វក់​ តែ​ឥឡូវ​យើង​ឃើញ​មាន​កា​រផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​ ​។

មួយ​ទៀត​យើង​ធ្លាប់​ទៅ​បំបួស​ដើម​ឈើ​ខណៈ​​គេ​កំពុង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ហ្នឹង​ គេ​ចាប់​ផ្តើម​កាប់​ដើម​ឈើ​ តែ​ពេ​ល​យើង​ធ្វើ​យុទ្ធនា​ការ​បំបួស​ដើម​ឈើ​ ឥឡូវ​គេ​ទុក​ដើម​ឈើ​ដែល​យើង​បំបួស​ហ្នឹង​។ យើង​មើល​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ពួក​គាត់​ផ្តើ​ម​រក្សា​ដើមឈើ​ ចំណែក​អាគារ​ដែល​សាង​សង់​រំលោភ​ឆ្នេរ​កោះ​រ៉ុង​សន្លឹម​ហ្នឹង​ ក៏​មាន​កា​រ​រុះ​រើ​។ យ៉ាង​ហោច​ណាស់​ យើង​សប្បាយ​ចិត្ត​នឹង​សមិទ្ធផល​ដែល​យើង​បាន​ធ្វើ​កន្លង​មក​ យើង​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​យុវជន​ងាក​ចាប់​អារម្មណ៍​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្មជាតិ​ ។

ច័ន្ទដារ៉ា៖​ តើ​កញ្ញា​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​ ក្នុង​នាម​ជា​សកម្មជន​បរិស្ថាន​ជា​មួយ​អង្គការ​មាតា​ធម្មជាតិ​ កន្លង​មក​នេះ?

គន្ធា៖​ កន្លង​មក​ សកម្មភាព​យើង​បាន​ប៉ះ​ពាល់​ដល់​អ្ន​ក​មាន​អំណា​ច​ បុគ្គល​មួយ​ចំនួន​ដែល​បាន​ផល​ប្រយោជន៍​ពី​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ កាល​ខ្ញុំ​ចេញ​វីដេអូ​ពី​បញ្ហា​នៅ​កោះ​រ៉ុង​សន្លឹម​ហ្នឹង​ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​ម្ចាស់​ទី​តាំង​ហ្នឹង​គំ​រាម​ប្តឹង​ ដោយ​គេ​សំ​អាង​ថា​ពួក​យើង​យក​ទី​តាំង​គេ​សម្រាប់​វាយ​ប្រហារ​ថ្នាក់​ដឹក​នាំ​ខេត្ត​។ មុន​មាន​ការ​ចាប់​ខ្លួ​ន​ ធ្លាប់​មាន​អាជ្ញាធរ​ទៅ​រក​រឿង​ខ្ញុំ​ដល់​ផ្ទះ​ រក​រឿង​អ្នក​ផ្ទះ​ ។

រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ នៅ​ពេល​ពួក​យើង​មាន​គម្រោង​ដង្ហែរ​ទៅ​ផ្ទះ​សម្តេច​(លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន)​ ដើម្បី​សុំ​ជួប​សម្តេច​ជជែក​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​លុប​បឹ​ង​តា​មោក​អី​ហ្នឹង​។ គេ​ចាប់​ខ្លួន​ពួក​ខ្ញុំ​ដោយ​មិន​បាន​ប្រាប់​ពី​បទ​ចោទ​ប្រកាន់​ឡើយ​ រហូត​ដល់​ពេល​ព្រះ​រាជ​អាជ្ញា​សាក​សួរ​ទើប​ពួក​ខ្ញុំ​បាន​ដឹង​។ ពេល​ពួក​ខ្ញុំ​បាន​ជាប់​ពន្ធធនាគារ​បាន​ជិត​មួយ​ឆ្នាំ​ តុលាការ​បាន​ដាក់​បទ​ចោទ​ប្រកាន់​ពួក​ខ្ញុំ​មួយ​បន្ថែម​ទៀត​ ពី​បទ​​រួម​គំនិត​ក្បត់​ ខណៈ​ខ្ញុំ​នៅ​ក្នុង​ពន្ធធនាគារ​។

ទោះ​បី​ខ្ញុំ​ចេញ​ពី​ពន្ធធនា​គា​រ​ក្តី​ ប៉ុន្តែ​ខ្ញុំ​បី​ដូច​គេ​វាស់​ដី​​ឱ្យ​ដើរ​ យើង​ធ្វើ​អ្វី​នៅ​ក្រោម​ការ​តាម​ដាន​ ក្រោម​គំនាប​។ ទាក់​ទង​នឹង​គ្រួសារ​ ពួក​គាត់​តែង​បារម្ភ​លើ​សុវត្ថិភាព​ខ្ញុំ​ ព្រោះ​ការងារ​ហ្នឹង​ប៉ះ​ពាល់​ដល់​អ្នក​ធំ​ អ្នក​មាន​អំណាច​ មុន​ដំបូង​ពួក​គាត់​ពិបាក​ទទួល​យក​ តែ​នៅ​ពេល​ខ្ញុំ​ពន្យល់​ពួក​គាត់​ ពួក​គាត់​ក៏​យល់​ព្រម​ឱ្យ​ខ្ញុំ​ធ្វើ​​ គ្រាន់​តែ​ឱ្យ​ខ្ញុំ​ប្រយ័ត្ន​ខ្លួន​ គាត់​មិន​ជា​ហាម​ឃាត់​នោះ​ទេ​។ សម្រាប់​មិ​ត្តភាព​ មិត្ត​ភក្តិ​ខ្លះ​នៅ​តែ​រាប់​អាន​យើង​ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ជា​ចង់​រាប់​អាន​យើង​ដូច​គេ​មិន​ចង់​ពាក់ព័ន្ធ​ជា​មួយ​យើង​ទេ​ ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ខ្ញុំ​ចេញ​ពី​ពន្ធធនាគា​រ​ អ្នក​ភូមិ​ស្រុក​ភាគ​ច្រើន​ គេ​សាទ​រ​ គេ​ស្រឡាញ់​អ្វី​ដែល​យើង​ធ្វើ​ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មិន​ពេញ​ចិត្ត​បន្ទោស​ឪពុក​ម្តាយ​ខ្ញុំ​ថា​ ខ្ញុំ​មាន​ការងារ​ល្អ​ត្រឹម​ត្រូវ​ជា​គ្រូ​បង្រៀន​ដែរ​ ម៉េច​បណ្តោយ​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​រឿង​ឱ្យ​ជាប់​គុក​ជាប់​អី​អ៊ី​ច៊ឹង ​។

ច័ន្ទដារ៉ា៖​ កញ្ញា​ដឹង​ស្រាប់​ហើយ​ថា​ សម្មភាព​របស់​កញ្ញា​ ធ្វើ​ឱ្យ​មាន​ការ​ទាស់​ទែង​នឹង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ ឬ​ពេល​ខ្លះ​រង​ការ​គំរាម​កំហែង​ពី​អ្ន​ក​មាន​អំ​ណាច​មួយ​ចំនួន​ផង​ដែរ​ ចុះ​ហេតុ​អ្វី​បាន​ជា​កញ្ញា​នៅ​តែ​បន្ត​ធ្វើ​ជា​សកម្មជន​បរិស្ថាន​ មិន​បោះ​បង់​?

គន្ធា៖​ មុន​នឹង​សម្រេច​ចូល​រួម​ជា​មួយ​អង្គការ​មាតា​ធម្មជាតិ​ ពួក​យើង​ដឹង​ច្បាស់​ហើយ​ តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ខ្ញុំ​ចាំ​បាន​សម្តី​របស់​លោក​គ្រូ​កែម​ ឡី​ គាត់​និយាយ​ថា​ នៅ​ពេល​គាត់​វិភាគ​ គាត់​ដឹង​ថា​នឹង​ត្រូ​វ​ជាប់​ពន្ធ​ធនាគា​រ​ អាច​រត់​ចោល​ស្រុក​ ឬ​ក៏​ត្រូវ​បាត់​បង់​ជីវិត​ តែ​ខ្ញុំ​នៅ​តែ​ធ្វើ​វា​ព្រោះ​ស្រឡាញ់​ យើង​ត្រូ​វតែ​ពុះ​ពារ​គ្រប់​បែប​យ៉ាង​ ព្រោះ​ស្រឡាញ់​មិន​គ្រាន់​តែ​ជា​សម្តី​ទេ​ តែ​ត្រូ​វ​ស្តែង​ជា​សកម្មភាព​ ។

 មួយ​វិញ​ទៀត​ សកម្មភាព​របស់​មាតា​ធម្មជាតិ​ មិន​បាន​ធ្វើ​រឿង​ខុស​ច្បាប់​ទេ​ អ្វី​ដែល​មាតា​ធម្មជាតិ​ធ្វើ​គឺ​ត្រូវ​តាម​ច្បាប់​ ហើយ​មាន​គោល​បំណង​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ ​គ្មាន​ចេតនា​ផ្សេង​ដោយ​កា​រ​ចោទ​ប្រកាន់​របស់​តុលារ​ការ​កន្លង​មក​នោះ​ទេ។

ច័ន្ទដារ៉ា៖​ តើ​ជីវិត​នៅ​ក្នុង​ពន្ធ​ធនាគារ​របស់​កញ្ញា​មាន​ដំណើរ​បែប​ណា​ដែរ​?

គន្ធា៖​ រយៈ​ពេល​នៅ​ក្នុង​ពន្ធ​ធនាគារ​រយៈពេល​ ១៤ខែ​ និង​៦ថ្ងៃ​ ជីវិត​នៅក្នុង​ពន្ធ​ធនាគារ​ដំបូង​គឺ​ពិបាក​ដែរ​ដោយ​សារ​យើង​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ ជា​មួយ​ការ​រស់​នៅ​ជុំ​មនុស្ស​ច្រើន​ ប្រើ​បន្ទប់​ទឹក​រួម​ ជា​ដើម​ហ្នឹង​ យើង​ធ្លាប់​ជា​មនុស្ស​ដែល​ឯករាជ្យ​ ធ្លាប់​មាន​សេរីភាព​ដើរ​ហើ​​រ​ ដល់​ពេល​យើង​នៅ​តែ​មួយ​កន្លែង​ ដំបូង​គឺ​វា​ពិបាក​ ជា​ពិ​សេស​ផ្នែក​ផ្លូវ​ចិត្ត​ ។

នៅ​ក្នុង​ពន្ធ​ធនាគារ​ យើង​មិន​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​បាន​ ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​ យើង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដោយ​អ​យុត្តិធម៌​ ត្រូវ​រស់​នៅ​ជា​មួយ​ភាព​អ​យុត្តិធម៌​ ខ្ញុំ​តែង​តែ​គិត​រហូត​ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​​ខុស​? គេ​ចោទ​ប្រកាន់​ខ្ញុំ​ ទាំង​ដែល​ខ្ញុំ​រក​កំហុស​ទាំង​នោះ​មិន​ឃើញ​ ។ មន្ត្រី​នៅ​ក្នុង​ពន្ធ​ធនាគា​រក៏​ពួក​គាត់​ជួយ​សម្រួល​ដល់​ខ្ញុំ​ច្រើន​ ពួក​គាត់​មាន​ការ​យោគ​យល់​ ខ្ញុំ​មុន​ដំបូ​ង​ពិបាក​គេង​ដោយ​កន្លែង​ចង្អៀត​ ហើយ​ខ្ញុំ​មាន​បញ្ហា​ដង្ហើម​ផង​ ហើយ​គេ​ក៏​ជួយ​សម្រួល​ឱ្យ​យើង​បាន​កន្លែង​ទូលាយ​ ហើយ​​គេ​ក៏​ជួយ​សម្រួល​កុំ​មាន​ការ​ជក់​បារី​ក្នុង​បន្ទប់​អី​ជាដើម​ដែរ​។

ច័ន្ទដារ៉ា៖​ ក្រោយ​ចេញ​ពន្ធ​ធនាគា​រ​ កញ្ញា​និង​សមាជិក​ឯ​ទៀត​ ក៏​ត្រូវ​បាន​អង្គការ​អន្តរជាតិ​ Front Line Defender ផ្តល់​ពាន​រង្វាន់​ជូន​ ខណៈ​រដ្ឋាភិបាល​វិញ​ដាក់​ទោស​ទណ្ឌ​ តើ​ពេល​នោះ​កញ្ញា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​?

គន្ធា​៖ ពេល​ហ្នឹង​ អារម្មណ៍​មាន​ពីរ​ អារម្មណ៍​មួយ​រំ​ភើប​មែន​ទែន​ ព្រោះ​អន្តរជាតិ​ គាត់​បាន​មើល​ឃើញ​ គាត់​ទទួល​ស្គាល់​ថា​សកម្មភាព​ខ្ញុំ​មិន​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ ឬ​រដ្ឋា​ភិបាល​នោះ​ទេ​ ហើយ​ក៏​អរគុណ​ដែល​ពួក​គាត់​ផ្តល់​ពាន​រង្វាន់​នោះ​ដល់​ពួក​យើង​ ពាន​រង្វាន់​នោះ​មិន​មែន​សម្រាប់​តែ​ពួក​យើង​ឡើយ​ តែ​សម្រាប់​ប្រជាជន​ទាំង​អស់​គ្នា​ យុវជន​ សកម្មជន​ទាំងឡាយ​ ដែល​លះ​បង់​ដើម្បី​ការ​ពារ​បរិស្ថាន​ វា​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​​ពួក​យើង​បន្ត​សកម្មភាព​នេះ​បន្ត​ទៀត​ ។

ចំណែក​អារម្មណ៍​មួយ​ទៀត​ យើង​មាន​ការ​អាក់​អន់​ចិត្ត​ ហេតុ​អ្វី​អន្តរជាតិ​មើល​ឃើញ​សម្មភាព​យើង​មិន​ខុស​ច្បាប់​ទេ​ តែ​បែរ​ជា​តុលាការ​កម្ពុជា​មិន​លើក​ទឹក​ចិត្ត​យើង​ជា​យុវជន​ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិ​ ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ការពារ​ធន​ធាន​ធម្មជាតិ​ទេ​ បែរ​ជា​ចោទ​ប្រកាន់​ថា​សកម្មភាព​យើង​ជា​រឿង​ខុស​ច្បាប់​ទៅ​វិញ​ ។

ច័ន្ទដារ៉ា៖​ មក​ដល់​ពេល​នេះ​ តើ​កញ្ញា​មាន​បាន​គិត​គូរ​ហើយ​ឬ​នៅ​ ថា​នៅ​បន្ត​សកម្មភាព​​ការ​ពារ​បរិស្ថាន​ ឬ​ផ្លាស់​ប្តូរ​គោល​ដៅ​?

គន្ធា៖​ ចំពោះ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​រក្សា​គោល​ជំហរ​របស់​ខ្លួន​ឯង​នៅ​ក្នុ​ង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ខ្លួន​ឯង​ក្នុង​កា​រ​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​ ខ្ញុំ​ចង់​ការពា​រ​ តែ​ខ្ញុំ​​អាច​នឹង​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ ចំណែក​ចំពោះ​គោល​ដៅ​វិញ​មិន​ផ្លាស់​ប្តូរ​ទេ​ ។

ច័ន្ទដារ៉ា៖​ តើ​កញ្ញា​មាន​អ្វី​ជា​សំណូមពរ​​?

គន្ធា៖​​ ពី​រដ្ឋាភិបាល​ ខ្ញុំ​ស្នើ​សុំ​កុំ​ឱ្យ​​​រដ្ឋា​ភិបាល​ចាត់​ទុក​យុវជន​ការ​ពារ​បរិស្ថាន​ ឬ​សិទ្ធិ​មនុស្ស​ជា​ដើម​ ជា​ក្រុម​ប្រឆាំង​ គួ​រ​តែ​ចូល​រួម​លើក​ទឹក​ចិត្ត​ពួក​គាត់​ព្រោះ​សកម្មភាព​ពួក​យើង​ជា​ការ​ចូល​រួម​ជា​មួយ​រដ្ឋា​ភិបាល​ដើម្បី​កែ​លម្អ​ចំណុច​ការ​ខ្វះ​ខាត​មួយ​ចំនួ​ន​ ព្រោះ​ពេល​ខ្លះ​រដ្ឋា​ភិបាល​មាន​ការងារ​ច្រើន​ អ៊ី​ចឹង​ការ​ងារ​មិន​អាច​គ្រប់​ជ្រុង​ជ្រោយ​ឡើយ​ ហើយ​មាន​មន្ត្រី​ខ្លះ​អ​សកម្ម​ ជា​ដើម​ ដូច​យើង​មើល​ឃើញ​ជាក់​ស្តែង​ហើយ​ដូច​ជា​បញ្ហា​ព្រៃ​លិច​ទឹក​ជា​ដើម​ហ្នឹង​ ក៏​មន្ត្រី​ខិល​ខូច​ជា​អ្នក​ទន្ទ្រាន​ ។

ខ្ញុំ​សូម​អំពាវ​នាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពួក​ខ្ញុំ​ដែល​ជា​សកម្មជន​បរិស្ថាន​ ពួក​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រាស​ចាក​ច្បាប់​ឡើយ​ ។ ចំពោះ​ប្រជាពលរ​ដ្ឋ​ សូម​ឱ្យ​ពួក​គាត់​ជា​ពិសេស​​យុវជន​ចូល​រួម​ការពារ​បរិស្ថាន​ មិន​មែន​ទាល់​តែ​ចេញ​មុខ​ជា​សកម្មជន​ឡើយ​ គ្រាន់​តែ​ចូល​រួមកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិច​ ចូល​រួម​ស្រឡាញ់​បរិស្ថាន​ ចូល​រួម​កាត់​បន្ថយ​​ការ​ប្រើ​យាន​យន្ត​សម្រាប់​ចម្ងាយ​ជិត​ ចូល​រួម​កាត់​បន្ថយ​ប្រើ​ប្រាស់​ទឹក​ភ្លើង​ដែល​​ខ្ជះ​ខ្ជាយ​ជា​ដើម​ហ្នឹង​ ក៏​បង​ប្អូន​បាន​ជួយ​ដែរ​ ។

រឿង​ចូល​រួម​ការ​ពារ​បរិស្ថាន​ មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ​ វា​ជា​រឿង​របស់​យើង​ទាំ​ង​អស់​គ្នា​ យើង​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ធន​ធាន​ធម្មជាតិ​ដើម្បី​យើង​ទាំង​អស់​គ្នា​ និង​កូន​ចៅ​ជំនាន់​ក្រោយ​។

ច័ន្ទដារ៉ា៖ បាទ​! សូម​អរគុណ​គន្ធា​សម្រាប់​ការ​ផ្តល់បទ​សម្ភាស។

គន្ធា៖ ចាស៎! អរគុណ៕​