កម្ពុជា​ប្រកាស​​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​ បម្លែង​ខ្លួន​ថ្មី​ «អូមីក្រុង»​ លើក​ដំបូង​បង្អស់​លើ​អ្នក​ដំណើរ​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ទើប​ធ្វើ​ដំ​ណើរមក​ពី​ប្រទេ​ស​ហ្គា​ណា​ នៅ​ប៉ែក​ទ្វីប​អាហ្វ្រិក​ខាង​លិ​ច​ កាល​ពី​យប់​ថ្ងៃ​ទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ បាន​ឱ្យ​ដឹង​ថា​ ក្រសួង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ១៩​ បម្លែង​ខ្លួ​ន​ថ្មី​ឈ្មោះ​ «អូមីក្រុង​»​ លើ​អ្នក​ដំណើរ​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ស្ត្រី​មាន​វ័យ​ ២៣ឆ្នាំ​ ដែល​ទើប​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ហ្គាណា​ ហើយ​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី១២​ ធ្នូ​ ឆ្នាំ២០២១​ ដោយ​លទ្ធផល​វិជ្ជមាន​កូវីដ១៩​ ប្រភេទ​ «អូមីក្រុង»​ លើ​អ្នក​ដំណើរ​រូប​នេះ​ គឺ​បញ្ជាក់​ពី​វិទ្យា​ស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​ទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា៖​ «ស្ត្រី​រូប​នេះ​មាន​ផ្ទៃ​ពោះ​ចំនួន​១៥សប្តាហ៍​ រួច​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពី​ប្រទេស​ហ្គាណា​(អាហ្វ្រិកខាងលិច)​ ឆ្លង​កាត់​តាម​ឌូបៃ​ រួច​បន្ត​ជើង​ហោះ​ហើរ​នៅព្រ​លាន​យន្ត​ហោះ​ទី​ក្រុង​បាង​កក​នៃ​ប្រទេស​ថៃ​(ដោយ​រង​ចាំ​ជើង​ហោះ​ហើរ​ចំនួន​ ១៤ម៉ោង​)​ ទើប​បន្ត​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ២០២១»​ ។

ក្រសួង​សុខា​ភិបាល​បន្ថែម​ថា​ អ្ន​ក​ជំងឺ​ខាង​លើ​មាន​អាសយ​ដ្ឋាន​ស្នាក់​នៅ​ឃុំ​តា​បុក​ ស្រុក​បា​វិត​ ខេត្ត​ស្វាយ​រៀង​ ដែល​នៅពេល​​បច្ចុប្បន្ន​នេះ​ កំពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​ជាតិ​កំ​ចាត់​រោគ​រ​បេង​ និង​ហង់​សិន​ នៅ​រាជ​ធានី​ភ្នំពេញ​ ​។​

ក្រសួង​សុខា​ភិបាល​តាម​រយៈ​សេច​ក្តី​ប្រ​កាស​ព័ត៌មាន​ដ​ដែល​ បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​បន្ត​អនុវ​ត្ត​វិធាន​ការ​សុខា​ភិបាល​ ជា​ពិសេស​វិ​ធាន​ការ​ «៣កុំ​ និង​៣ការពារ​»​ ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ ព្រម​ទាំង​ចូល​រួម​ចាក់​វ៉ាក់​សាំង ​(ថ្នាំបង្ការ)​ កូវីដ​១៩​ ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ​១៩​ ។

នេះ​ជា​ករណី​លើក​ដំបូង​បង្អស់​ដែល​កម្ពុជា​បាន​រក​ឃើញ​ កូវីដ១៩​ បម្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ ហើយ​មក​ដល់​សព្វ​ថ្ងៃ​ ​​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ១៩​ សរុប​ចំនួន​  ១២០,៣៨២ករណី​ ដែល​ក្នុង​នោះ​ មាន​ករណី​ស្លាប់​ចំនួន​ ២,៩៩២ករណី​ និង​មាន​អ្នក​ជា​សះ​ស្បើយ​ចំនួន​ ១១៦,៧៣៤ករណី។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​សុខា​ភិ​បាល​គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ២០២១​។​

គួរ​រំ​លឹក​ផង​ដែរ​ថា​ កម្ពុជា​ធ្លាប់​បាន​ប្រកាស​ហាម​ឃាត់​អ្នក​ដំណើរ​ពី​ប្រទេស​ចំនួន​១០​ នៅ​ទ្វីប​អា​ហ្វ្រិក​កាល​ពី​ថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ហើយ​សម្រេច​​លុប​ចោល​ការ​ហាម​ឃាត់​​នេះ​វិញ​នៅ​ថ្ងៃ​ទី​០៥​ ធ្នូ​ ឆ្នាំ២០២១​ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង១០​ នោះ​ មិ​ន​មាន​ប្រទេស​ហ្គាណា​ឡើយ៕