លោក ​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​លើកឡើង​ថា ការ​ហៅ​លោក ​មីន​ អោង​ឡាំង​ ជា​នា​យក​រដ្ឋ​មន្ត្រី​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ពី​ក្រុង​ណៃ​ពី​ដោ​នៃ​ដំ​ណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កន្លង​ទៅ​​ គឺជា​ការ​គោរព​សមាស​ភាគី​ចរចារ​ មិនមែនជា​ការ​ទទួល​ស្គាល់​របប​សឹក​យោធា​នោះទេ។

លោក​ផៃ​ ស៊ីផាន បាន​ប្រាប់​ Newsroom Cambodia​ នៅ​ថ្ងៃ​ទី៩​ ខែមករា​ ឆ្នាំ២០២២​ ថា​ ការ​ហៅ​​លោក​មីន​ អោងឡាំង​ មេ​ដឹក​នាំ​របប​សឹក​ភូមា​​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​ពី​ក្រុង​ណៃពីដោ​ កាល​ពី​ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២២​ កន្លង​ទៅ​នោះ​ គ្រាន់​តែ​ជា​ការ​គោ​រព​សមាស​ភាគី​ចរចារ​ខាង​របប​សឹក​ភូមា​​ប៉ុណ្ណោះ ​​មិន​មែន​​ទទួល​ស្គាល់​របប​សឹក​ភូមា​ជា​ផ្លូវការ​ឡើយ​។

លោក​ ផៃ ស៊ីផាន លើកឡើង​បែប​​នេះ​ ​បន្ទាប់​ពី​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​​​​យល់​ថា​ កម្ពុជា​​បាន​ទទួល​ស្គាល់​របប​សឹក​ភូមា​ជា​ផ្លូវការ​​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ២០២២​។

លោកផៃ ស៊ីផាន​ ​បន្ថែម​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ទៅ​កាន់​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ ដើម្បី​ជួប​មេ​ដឹក​នាំ​របប​សឹក​ភូមា​លោកមីន​ អោង​ឡាំង​ នោះ​ កម្ពុជា​បាន​ប្រកាន់​គោល​ជំហរ​នៅ​ជា​មួយ​អាស៊ាន​ហើយ ​និង​បាន​គោរព​កុង​សង់​ស៊ីល​ចំនួន​៥ចំណុច​ ដែល​បាន​អនុម័ត​ដោយ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ឆ្នាំ២០២១។ លោក​ថា​​ ​កម្ពុជា​ទៅ​ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​ ដូច្នេះ​កម្ពុជា​ត្រូ​វ​តែ​គោរព​រាល់​សមាសភាគី​ចរចារ​នានា​ រួម​ទាំង​ភាគី​ប្រដាប់​អាវុធ​នានា​ឯទៀត​ បើ​កម្ពុជា​មាន​ឱកាស​ដើម្បី​ជួប​ចរចារ​ ។

លោកផៃ​ ស៊ីផាន​៖ «មិន​មែន​ជា​ការ​ទទួល​ស្គាល់​ឡើយ​ ប៉ុន្តែ​ភាគី​កម្ពុជា​គោរព​ដល់​អត្តសញ្ញាណ​​ខាង​ភាគី​លោកមីន​ អោងឡាំង»។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​រូប​នេះ​បាន​បន្ថែម​ដោយ​បាន​ប្រៀប​ធៀប​ដល់​ប្រវត្តិ​សាស្រ្ត​កម្ពុជា​នា​អតីត​កាល​ គ្រា​ដែល​កម្ពុជា​ស្ថិត​ក្នុង​សម័យ​អន្តរកាល​ក្រោយ​របប​ខ្មែរ​ក្រហម​​ថា​ កិច្ច​ចរចារ​នា​ពេល​នោះ​ គេ​ហៅ​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​ គេ​ហៅ​ឈ្មោះ​ភាគី​សារ​ធារណ​រដ្ឋ​ប្រ​ជា​មានិត​កម្ពុជា​​ មិន​មែន​មាន​ន័យ​ថា​ទទួល​ស្គាល់​របប​នីមួយៗ​ហ្នឹង​ឡើយ​ តែ​ជា​ការគោរព​។ ដោយ​ឡែក​ សម្រាប់​កិច្ចការ​ជំនួប​លើក​នេះ​វិញ​ លោកថា​ ខាង​កម្ពុជា​គោរព​ដល់​អត្តសញ្ញាណ​របស់​ក្រុម​លោក មីន​ អោងឡាំង​ ហើយ​ ក្រុមលោក មីន​ អោងឡាំង ​ទៅ​វិញ​ទេ​ ដែល​ដាក់​ឈ្មោះ​ខ្លួន​ថា​ជានាយករដ្ឋមន្ត្រី​។

​ក្នុ​ង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី៨​ ខែមករា​ ឆ្នាំ២០២២​ លោក ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​ជាគណៈប្រតិភូអម​ដំណើរ​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ដំណើរ​នេះ​ក៏​បាន​លើក​ឡើង​​​ដែរ​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​មិន​មាន​ន័យ​ថា​កម្ពុជា​ទទួល​ស្គាល់​របប​សឹកភូមា​ឡើយ​។

លោក ប្រាក់ សុខុន​ បញ្ជាក់ថា៖ «បើ​យើង​និយាយ​ពី​ការ​ទទួលស្គា​ល់​វិញ​ វា​ជា​ពាក្យ​មួយ​មិន​ចាំ​បាច់​ក្នុង​ការ​លើក​នៅ​ទី​នេះ​ទេ​ ព្រោះ​ប្រទេស​នានា​បាន​រក្សា​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ជា​មួយ​របប​ក្រុង​ណៃ​ពី​ដោ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ គ្រប់​ស្ថាន​ទូត​ទាំង​អស់​នៅ​តែ​រក្សា​ នេះ​មិន​មែន​ជា​ការ​ទទួល​ស្គាល់​អី​ទេ​ គ្រាន់​តែ​ជា​ការ​បន្ត​បំពេញ​ការងារ​ ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ»​ ។

ក្នុង​​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ចេញ​ពី​ក្រុង​ណៃ​ពី​ដោ​នៅ​ថ្ងៃ​ទី៧​ ខែមករា​ ឆ្នាំ២០២២​ បាន​សរសេរ​ដូច្នេះ​ថា៖​ «តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់​ មីន​ អោង​ ឡាំង​ ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ ​និង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​សហ​ភាព​​មីយ៉ាន់ម៉ា​» ។

អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​​​​យល់​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ទទួល​ស្គាល់​របប​សឹក​ភូមា​ និង​ធ្វើ​ឱ្យ​របប​មួយ​នេះ​ស្រប​ច្បាប់​ ខណៈ​បណ្តា​ប្រទេស​ដទៃ​មិន​បាន​ទទួល​ស្គាល់​លោកមីន​ អោងឡាំង​ ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​ឡើយ​ ។

​លោក​ វណ្ណ​ ប៊ុនណា​ អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​បត្តិកា​រ​ និង​សន្តិភាព​ យល់​ឃើញ​ពី​ទិដ្ឋភាព​ពីរ​យ៉ាង​ទៅ​លើ​ចំណុច​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ ។ ទីមួយ​ លោក​យល់​ថា​ ជា​ការ​ទទួល​ស្គាល់​របប​សឹក​ភូមា​ជា​របប​ស្រប​ច្បាប់​ ឯ​ចំ​ណុច​ទី​២​វិញ​ លោក​ថា​ វា​ជា​បច្ចេក​ទេស​ការ​ទូត​របស់​កម្ពុជា​ក្នុង​ការ​លើក​ជើង​ដល់​សមាសភាគី​ក្រុម​លោកមីន​ អោង​ឡាំង​ ដើម្បី​ឱ្យ​ការ​ចរ​ចារ​មាន​ប្រសិទ្ធិ​ភាព​ ។

លោក​បន្ត​ថា​៖ «ក្នុង​ការ​ចរ​ចារ​នយោបាយ​បញ្ចប់​ជម្លោះ​ វា​តម្រូវ​ឱ្យ​ភាគី​ម្ខាង​ព្យាយាម​យក​ចិត្ត​ភាគី​ម្ខាង​ទៀត​ វា​រាង​លើក​តម្កើង​ លើក​ជើង​ភាគី​ម្ខាង​ទៀត​ដែរ​ ដើម្បី​ទទួល​បាន​លទ្ធផល​ ឧទាហរណ៍​កម្ពុជា​ចង់​បាន​ការ​ធ្វើ​សម្បទាន​ពី​របប​យោធា​ហ្នឹង​ អ៊ីចឹង​ ចង់​មិន​ចង់​ ភាគី​កម្ពុជា​ត្រូវ​តែ​ដាក់​ឈ្មោះ​លោក​ មីន​ អោងឡាំង​ ហ្នឹង​ ជា​នាយក​រដ្ឋមន្ត្រី​ ជា​លក្ខណៈ​ការ​ទូត​ ឬ​ជា​យុទ្ធសាស្រ្ត​ណា​មួយ​ ដើម្បី​ឱ្យ​លោក​ មីន​ អោង​ឡាំង​ មាន​ចិត្ត​ទន់​ ឬ​បង្ហាញ​ថា​ កម្ពុជា​ឱ្យ​តម្លៃ​ខ្លួន​ ដើម្បី​សម្រួល​ដល់​កិច្ច​ចរចារ​ផ្សេង​ទៀត​ផង​»​ ។

លោក​បន្ថែម​ថា​ បើ​​ពិនិត្យ​មើល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ជា​លក្ខណៈ​ការ​ទូត​វិញ​ ​បង្ហាញ​ថា​ កម្ពុជា​ពិត​ជា​ទទួល​ស្គាល់​របប​សឹក​ភូមា​ពិត​មែន​ ហើយ​ស​បង្ហាញ​ថា​កម្ពុជា​ទទួល​ស្គាល់​លោក​មីន​ អោងឡាំង​ ជា​អ្នក​តំណាង​ដល់​មីយ៉ាន់ម៉ា​ទាំងមូល​ ។

ចំណែក​លោក អ៊ុំ​ សំអាន​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា​ ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​ឡើយ​ដែល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ចាំ​បាច់​ហៅ​លោក​ មីន​ អោង​ឡាំង​ ថា​ជា​នាយក​រដ្ឋ​មន្ត្រី​ ព្រោះ​លោក​មិន​មែន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ពី​សំណាក់​ពល​រដ្ឋ​ភូមា​ឡើយ​ ហើយ​សហ​គមន៍​អន្តរជាតិ​ក៏​មិន​បាន​ទទួល​ស្គាល់​រប​ប​សឹក​នេះ​នោះ​ដែរ​ ។

លោក​បន្ត​ថា​៖ «លោកហ៊ុន​ សែន​ ហៅ​លោក​មីន​ អោង​ឡាំង​ថា​ជា​នា​យក​រដ្ឋមន្ត្រី​ ព្រោះ​លោក​ហ៊ុន សែន​ កាល​ពី​ឆ្នាំ១៩៩៧​ ក៏​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដែរ​ អ៊ី​ចឹង​មេ​រដ្ឋ​ប្រហារ​ដូច​គ្នា​ គាត់​ទទួល​ស្គាល់​ជា​ការ​ស្រប​ច្បាប់​ពី​រដ្ឋប្រហារ​ ជា​ការ​យល់​ច្រឡំ​ធំ​ណាស់»​ ។

លោក​បន្ថែម​ថា​ បើ​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន​ ទទួល​ស្កាល់​របប​ក្រុង​ណៃ​ពី​ណោ​ របស់​របប​សឹក​ភូមា​ ជា​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ហើយ​នោះ​ វា​ជា​ផល​លំបាក​ក្នុង​កិច្ច​ចរចារ​ជា​មួយ​បណ្តា​ភាគី​នានា​ឯទៀត​ ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​ភូមា​ ។

លោក​​អំពា​វ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ ធ្វើ​ការ​បក​ស្រាយ​ត្រង់​ចំណុច​នេះ​ ឬ​ធ្វើ​ការ​សរសេរ​សេចក្តីថ្លែង​ការណ៍​រួម​សារ​ជា​ថ្មី​ ដើម្បី​បំបាត់​ការ​សង្ស័យ​ ឬ​ការ​ភាន់​ច្រឡំ​ពី​មតិ​អន្តរជាតិ​ និង​ពី​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ។

គួរ​រំឮក​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ទៅបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ជា​មួយ​របប​ក្រុង​ណៃ​ពី​ដោ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​កាល​ពី​ថ្ងៃ​ទី០៧​ ដល់​ថ្ងៃ​ទី០៨​ ខែ​មករា​ ឆ្នាំ២០២២​ កន្លង​ទៅ​ ដោយ​បាន​ធ្វើ​ការ​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​លោក​មីន​ អោងឡាំង​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ដំណែង​អ្នក​ស្រី​អោង​​ សាន​ស៊ូជី​ ពី​ដំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រប​ច្បាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​បង្អស់​របស់​កម្ពុជា​ និង​ក៏​ជា​លើក​ទី​មួយ​ ដែល​មាន​មេ​ដឹក​នាំ​ប្រទេស​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ជា​មួយ​របប​យោធា​នៃ​ក្រុង​ណៃ​ពី​ដោ​នេះ​ផង​ដែរ​៕​