គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ពង្រឹង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ទិញទំនិញ​នៅ​ផ្សារ​របស់​ខ្លួន​ ស្រប​ពេល​ដែល​ទីផ្សារ​អន​ឡា​ញកំ​ពុង​មានការ​កើន​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ លោក​ ឯក​ និមល​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ កាលពី​ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ថា​ សព្វថ្ងៃ​នេះ​ទីផ្សារ​អន​ឡាញ​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ដែល​ធ្វើឲ្យ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​នៃ​ការ​លក់ទំនិញ​នៅក្នុង​ផ្សារ​របស់​លោក។

ដោយ​មើលឃើញ​ពី​ភាព​ប្រកួតប្រជែង​នេះ​ហើយ​ ទើប​ជំរុញ​ឲ្យ​លោក​ ឯក​ និមល​ ធ្វើការ​កែប្រែ​ស្ថានភាព​ផ្សារ​ទាំងមូល​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ទាំង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់រូប​ កុំ​ឲ្យ​ពួកគាត់​ខកចិត្ត​នៅពេល​ដែល​អញ្ជើញ​មក​ទិញ​ឥវ៉ាន់​នៅក្នុង​ផ្សារ​នេះ។

លោក​ និមល​ មានប្រសាសន៍​ថា​ ៖ «ដូចដែល​យើង​ឃើញ​ហើយ​ រាល់ថ្ងៃ​នេះ​ ក្នុងចំណោម​មនុស្ស១០នាក់​ មាន៧នាក់​ហើយដែល​ចុច​ទូរសព្ទ​មើល​ព័ត៌មាន​។ ដូច្នេះ​ដើម្បី​ប្រឡងប្រណាំង​ជាមួយ​ទីផ្សារ​អន​ឡាញ​ យើង​ដាច់ខាត​ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការងារ​ហ្នឹង​ (បញ្ហា​អនាម័យ​ សណ្ដាប់ធ្នាប់​) ដើម្បីឲ្យ​បងប្អូន​អាជីវករ​យើង​រក្សា​ចំណូល​បាន​ និង​ដើម្បីកុំឲ្យ​អតិថិជន​មានការ​ខកចិត្ត​ពេល​មក​ទិញទំនិញ​ក្នុង​ផ្សារ​នេះ​»។

ជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារបឹងកេងកង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)
ជីវករលក់ត្រី សាច់ និងបន្លែនៅផ្សារបឹងកេងកង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)

សន្តិសុខ​ប្រចាំ​ផ្សារ​បឹងកេងកង​ លោក​ ស្រ៊ុ​ន តារា​ បាន​និយាយ​ថា​ លោក​តែងតែ​ ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ជាប្រចាំ​ ពី​រឿង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ លោក​ថា​ ក្រុម​សន្តិសុខ​ប្រមូល​សំរាម​ក្នុង​ផ្សារ​ពីរ​ដង​ក្នុង១ថ្ងៃ​ដើម្បី​យក​ទៅ​ទុក​ក្នុង​ធុងសំរាម​ធំ​មួយ​នៅ​ក្រៅ​ផ្សារ។

លោក​ តារា​ បាន​និយាយ​ថា​ ៖ «នៅក្នុង​ផ្សារ​នេះ​ យើង​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ ​ដោយ​ផ្សា​ភ្ជាប់​ជាមួយនឹង​រឿង​អនាម័យ​ បរិស្ថាន​ជាប្រចាំ​ ។ យើង​ផ្សព្វផ្សាយ​ប្រាប់​អាជីវករ​ទាំងអស់​ កុំ​ឲ្យ​បេះ​បន្លែ​ទម្លាក់​តាមផ្លូវ​ដើរ​ ត្រូវ​មាន​ថង់​សម្រាប់​ដាក់​សំរាម​។ ហើយ​ជា​រៀងរាល់ថ្ងៃ​ មានកម្ម​ករ​ប្រមូល​សំរាម១ថ្ងៃ​ពីរ​ដង​យ៉ាង​ទៀងទាត់​…»។

អាជីវករ​លក់​សំលៀកបំពាក់​នៅក្នុង​ផ្សារ​បឹងកេងកង​ អ្នកស្រី​ សំបូរ​ មា​នរឹទ្ធ​ បាន​បង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការលក់ដូរ​ប្រចាំថ្ងៃ​របស់​គាត់​។ សព្វថ្ងៃ​ អ្នកស្រី​សង្កេតឃើញ​ថា​ មាន​អ្នកលក់​ផលិតផល​តាម​អន​ឡា​ញច្រើន​។ ចំណែក​ការលក់ដូរ​របស់​គាត់​វិញ​រាង​ស្ងាត់​ ហើយ​ចំនួន​នៃ​ការ​លក់​មានការ​ថយ​ចុះ​ ធ្វើឲ្យ​អ្នកស្រី​ព្រួយបារម្ភ​ មិនដឹង​ថា​អនាគត​ការលក់ដូរ​របស់​គាត់​បន្ត​ធ្លាក់ចុះ​ទៀត​ឬយ៉ាងណា​ទេ។

អ្នកស្រី​ មា​នរឹទ្ធ​ និយាយ​ថា​ ៖ «ខ្ញុំ​លក់​ខោអាវ​នៅ​ផ្សារ​នេះ៣​-៤ឆ្នាំ​ហើយ​ ​តែមួយ​រយៈ​នេះ​រាង​ស្ងាត់​ ថយ​ចុះ​»។

អ្នកស្រី​បន្ថែម​ថា​៖ «បារម្ភ​ដែរ​ អ្នកលក់​អន​ឡា​ញច្រើន​ គេ​លក់​ស្រួល​ជាង​ ធ្វើឲ្យ​យើង​លក់​អត់​សូវ​ដាច់​។អនាគត​មិនដឹង​ម៉េច​ម៉ា​ទេ​»។

ដោយឡែក​ កញ្ញា​ តី​ លក្ខិ​ណា​ អាយុ២៣ឆ្នាំ​ ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡា​ញនៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ប្រាប់​អ្នក​សា​ព័ត៌​ កាលពី​សប្តាហ៍​មុន​នេះ​ថា​ កញ្ញា​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​មា​ណ៣ខែ​មក​ហើយ​។ កញ្ញា​ លក្ខិ​ណា​ បន្ត​ថា​ ការ​លក់​តាម​អន​ឡាញ​គឺ​មាន​ភាព​ងាយស្រួល​ជាង​លក់​តាម​តូប​នៅ​ទីផ្សារ​ ព្រោះ​មិន​ចាំបាច់​ជួល​តូប​ គ្មាន​ភាព​អ៊ូអរ​ដែល​នាំឲ្យមាន​ការ​រំខាន​។ ហើយ​ម្យ៉ាងវិញទៀត​អាច​ឆ្លៀត​ធ្វើ​កិច្ចការ​ផ្ទះ​បាន។

កញ្ញា​ លក្ខិ​ណា​ បាន​ឲ្យដឹង​ថា​ ៖ «ខ្ញុំ​ចាប់ផ្ដើម​លក់​តាម​អន​ឡា​ញប្រ​ហែល៣ខែ​មក​ហើយ​ លក់​ចាប់ពី​ម៉ោង៨ព្រឹក​ដល់ម៉ោង៨យប់​។ ខ្ញុំ​ថា​ការ​លក់​អន​ឡា​ញងា​យស្រួល​ជាង​លក់​តាម​ទីផ្សារ​ ព្រោះ​មិនបាច់​ចំណាយ​ថ្លៃ​ជួល​តូប​ នៅតែ​មួយ​កន្លែង​ មិនបាច់​រញ៉េរញ៉ៃ​ច្រើន​ បើ​គេ​ត្រូវការ​ គេ​នឹង​ខល​កុម្ម៉ង់​ ហើយ​យើង​ចាំតែ​ដឹក​ឲ្យ​គេ​»។

កញ្ញា​ ម៉ាក់​ ម៉ា​រី​ណា​ ជា​ជំនួយការ​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ប្រាប់​អ្នក​សារព័ត៌​មា​តាម​ទូរសព្ទ​ថា​ ចំនួន​នៃ​ការ​កើនឡើង​នូវ​ទីផ្សារ​អន​ឡាញ​ មិនទាន់​អាច​កំណត់​ជា​តួលេខ​ណាមួយ​បាន​នៅឡើយ​ទេ​។ កញ្ញា​ថា​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នេះ​ កំពុង​ស្ថិតនៅ​ក្នុង​ការ​ត្រួតពិនិត្យ​នៅឡើយ។

កញ្ញា​ម៉ា​រី​ណា​ ឲ្យដឹង​ថា​ ៖ «សម្រាប់​ព័ត៌មាន​រឿង​អ្នកលក់​អន​ឡាញ​ មិនទាន់​មានច្បាប់​ចេញ​ជាធរមាន​ ហើយ​ចឹង​ យើង​អត់​ទាន់​មាន​ចំណាត់ការ​ ឬក៏​នីតិវិធី​អី​ទេ​ រង់ចាំ​ការ​ត្រួតពិនិត្យ​សិន​ ដោយ​ឆ្លងកាត់​សភា​ ព្រឹទ្ធសភា​ ដល់​ព្រះមហាក្សត្រ​»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ាង​ ថៃ​ មិន​អាច​សុំ​ការ​ផ្ដល់​បទ​សម្ភាស​បានទេ​ ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​នៅ​តាម​ខេត្ត។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​អនុម័ត​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ហើយ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ ដើម្បី​ពិនិត្យ​និង​អនុម័ត៕