កម្មករនិយោជិត​​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ​ដែល​បម្រើការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេងៗ សម្តែងការខកចិត្តទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក៦ថ្ងៃ ប្រចាំឆ្នាំ២០២០ ដែលធ្វើឲ្យនិយោជិតម្នាក់ៗខាត់បង់ប្រាក់ចំណូលជាង៤០ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ប្រតិទិន​ឈប់​​សម្រាក​​ការងារ​ប្រចាំ​របស់​​មន្ត្រីរាជការ និយោជិត កម្មករ សរុប​មាន​ចំនួន​២៨ថ្ងៃ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២០ ការ​ឈប់សម្រាក ​ត្រូវបានកាត់​បន្ថយ​មក​នៅ​ត្រឹម​២២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​ស្នើសុំពី​តំណាង​និយោជក​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ 

 ការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យកម្មករនិយោជិត ​នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង ជាង៧៥ម៉ឺននាក់ ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំជាង ៣០លានដុល្លារ ពីការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។ ពួកគេបានស្នើរដ្ឋាភិបាលពិចារណាឡើងវិញអំពីបញ្ហានេះ។ 

លោក ប៉ុន វណ្ណៈ ដែល​ជា​កម្មករ​​បម្រើការ​​នៅ​​រោងចក្រ​មួយ ស្ថិត​នៅ​ម្ដុំកំបូល ក្រុង​ភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ-អន្តរជាតិដែលមាន​ប្រាក់​ឈ្នួល ចំនួន៦ថ្ងៃ ពិតជា​បាត់បង់​អត្ថប្រយោជន៍​ច្រើន​​ដល់​កម្មករ​និយោជិត។ លោក​សង្ឃឹម​ថា​ប្រាក់​ឈ្នួល​អប្បបរមា​នៃវិស័យ​កាត់ដេរ​ឆ្នាំ ២០២០ នឹង​កើន​ឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំ២០១៩ ដើម្បី​ជា​ការប៉ះប៉ូវ​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃដែល​ត្រូវ​បាន​កាត់​បន្ថយ។

លោក វណ្ណៈ បាននិយាយថា៖ «កម្មករយើង​សង្ឃឹម​ថាប្រាក់​ឈ្នួល​អប្បបរមា ២០២០ ​នឹង​កើន​ខ្ពស់ ធៀបនឹង​ឆ្នាំ២០១៩។ ខ្ញុំគិត​ថា​វាជា​រឿង​ធំ ព្រោះ​ខាត​ប្រយោជន៍​ពួក​ខ្ញុំ។ បើគិត​ទៅ មួយ​ឆ្នាំខាត​ប្រហែល​ជាង៤០ដុល្លារ។ អូ៎ បើមានការកាត់​៤ថ្ងៃទៀត រឿងរឹតតែធំហ្មង»។

អគ្គ​លេខា​ធិការ​​នៃ​​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា លោក​ ណាង សុធី ​បាន​ថ្លែង​​ក្នុង​​សន្និសីទ​​ព័ត៌មាន​​ស្តីពី «ការ​កាត់​​បន្ថយ​​ថ្ងៃ​ឈប់​​សម្រាក​​ការងារ​​របស់​​មន្រ្តី​រាជ​ការ និយោ​ជិត និង​កម្មករ»​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា និយោជក​​សំណូមពរ ក៏​ដូច​ជា​​ស្នើ​ឲ្យ​រដ្ឋា​​ភិបាល​​​ពិចារណា កាត់​​បន្ថយ​​​ថ្ងៃ​ឈប់​​​សម្រាក​​​ចំនួន​​៤ថ្ងៃ​បន្ថែម​​ទៀត ព្រោះ​​ថា​ថ្ងៃ​​ឈប់​​សម្រាក​​​២២​ថ្ងៃ​​​សម្រាប់​​​ឆ្នាំ​​២០២០ ​គឺ​នៅ​តែ​​ច្រើន​​ជាង​គេ​​ក្នុង​ចំណោម​​ប្រទេស​​ផ្សេង​​ទៀត​។

កម្មករផ្នែក​ជាង​ម៉ាស៊ីន លោក សាត វុទ្ធី ដែល​បម្រើ​ការងារនៅ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​ឯណោះ​វិញ ថ្លែង​ប្រាប់អ្នក​សារព័ត៌មានថា ការកាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​សម្រាប់​ឆ្នាំ ២០២០ នឹង​ប៉ះពាល់​​ខ្លាំង​ដល់រូប​លោក ក៏ដូចជា​កម្មករ​ទូទៅ ទាំង​អត្ថប្រយោជន៍ផ្សេ​ងៗ ទាំង​ពេលវេលាសម្រាប់​ខ្លួនឯង និងសម្រាប់​ជួបជុំក្រុម​គ្រួសារ។

លោក វុទ្ធី និយាយថា ៖ «បើចំពោះខ្ញុំ ក្នុងនាម​ជាកម្មករ​និយោជិត វាមាន​ផលប៉ះ​ពាល់ខ្លាំង ព្រោះ​ខាតប្រយោជន៍​ច្រើន មិនថា​គេមិន​ថាខ្ញុំទេ។ ក្រៅពីប៉ះពាល់​រឿង​ប្រាក់ឈ្នួល​ រឿង​ពេល​វេលា​ក៏ប៉ះពាល់​​ដែរ។ សព្វថ្ងៃនេះ បើទូទាត់លាត់សើយការចាយវាយប្រចាំង៉ៃ គ្មានសល់អីទេ អីវ៉ាន់ទីផ្សារក៏ឡើងថ្លៃសព្វបែបយ៉ាង ប្រាក់ឈ្នួលឆ្នាំនេះឡើង១២ដុល្លារ តែថ្លៃទឹកថ្លៃភ្លើងវិញឡើងកប់ពពក ភាគច្រើនគឺអីចឹង»។

មិនខុស​​ពីកង្វល់​​​របស់កម្មករ​​និយោជិត​​ផ្នែក​កាត់ដេរ​​សម្លៀក​បំពាក់នោះទេ ​កម្មករ​និយោជិត​​​ដែល​​បម្រើ​ការងារ​​​ផ្នែក​ដេរ​កាបូប​នៅរោង​ចក្រមួយ ស្ថិត​ក្នុង​ខេត្ត​​កំពង់ស្ពឺ កម្មការិនី យន សូនី  លើក​ឡើងខ្លីៗ​ថា គ្មាន​អ្វីក្រៅពី​សោកស្ដាយ​ទេ នៅពេល​ដែលថ្ងៃឈប់​សម្រាកបុណ្យ​ជាតិ-អន្តរជាតិ​ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​៦ថ្ងៃ ហើយ​រដ្ឋាភិបាលគួរតែ​ពិចារណា​ឡើង​វិញ។

សូនី និយាយថា ៖ «ស្ដាយ​ថ្ងៃបុណ្យ រាល់​ឆ្នាំធ្វើ​ការថ្ងៃហ្នឹង គេគុណលុយឲ្យ បើគេកាត់បាត់ បានអីគុណ​ទៀត​។ សម្ដេចគួរតែពិចារណាសាថ្មី»។

ទាក់ទងនឹង​​ការកាត់​​បន្ថយថ្ងៃ​ឈប់​​សម្រាក​បុណ្យ​​ជាតិ-អន្តរជាតិ សម្រាប់ឆ្នាំ ២០២០ នេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​​សហភាពចលនា​កម្មករ​កម្ពុជា ថ្លែង​ប្រាប់​អ្នកសារព័ត៌មានថា ​កម្មករជាង៧៥ម៉ឺននាក់ នឹងខាតបង់ទឹកប្រាក់ជាង ៣០លានដុល្លារ ក្នុង១ឆ្នាំ ពីការថែមម៉ោង នឹងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា និយោជកនឹងទទួលបានផលប្រយោជន៍ច្រើនពីការកាត់ថ្ងៃឈប់សម្រាកនេះ​ ប៉ុន្តែកម្មករនឹងទទួលបានអត្ថប្រយោជន៍តិចតួចពីការឡើងប្រាក់ឈ្នួល១៩០ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២០។

លោក ស៊ីណា មានប្រសាសន៍ថា ៖ «នៅឆ្នាំ២០២០ ប្រាក់ឈ្នួល​កើនដល់​១៩០ដុល្លារ ស្របពេលដែលថ្ងៃឈប់​ត្រូវកាត់បន្ថយ​ចំនួន៦ថ្ងៃ ចឹងបងប្អូន​កម្មករ​ទាំងអស់​នឹងខាតបង់​ប្រាក់ឈ្នួលខ្ទង់ជិត ៣៣លានដុល្លារ ក្នុង១ឆ្នាំ»។

លោកបន្ថែមថា ៖ «ក្រៅពីការចំណេញ ពីការកាត់ថ្ងៃឈប់សម្រាកហើយ និយោជក ក៏ចំណេញលើការកើនឡើងនៃផលិតភាពការងារផងដែរ។ ខណៈដែលប្រាក់ឈ្នួលឆ្នាំ២០២០ របស់កម្មករកើនឡើងតិចតួច»។

ដោយឡែក អគ្គលេខាធិការ​​រង​​​សមាគម​​រោង​ចក្រ​​កាត់ដេរ​​​នៅ​​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា ប្រាប់​អ្នកសារព័ត៌មាន​ តាម​បណ្ដាញទំនាក់ទំនង Telegram ថា ការ​កាត់​​បន្ថយ​ថ្ងៃ​ឈប់​​សម្រាក​​បុណ្យ​​ជាតិអន្តរជាតិ សម្រាប់ឆ្នាំ២០២០ ដោយសារ​តែថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​​យើង​មាន​ចំនួនច្រើន​លើសលុប។ លោកថា ការកាត់បន្ថយនេះនឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

លោក ម៉ូនីកា បានមានប្រសាសន៍ថា ៖ «នេះគឺជា​​ការ​សម្រេច​​ចិត្តដែល​មាន​​លក្ខណៈ​សេដ្ឋកិច្ច​ពិត​ប្រាកដ គឺថា​​កម្ពុជា​ត្រូវ​រក្សា​​និងពង្រឹង​​នូវភាព​ក្រកួត​ប្រជែង​​របស់ខ្លួន​​លើទីផ្សារ​ពិភព​លោក។ ថ្ងៃ​ឈប់​​​សម្រាក​​​បុណ្យ​​ជាតិ​​យើង ហើយ​​និងការ​​ឈប់​​សម្រាក​​​ដែល​​មាន​ចែង​​ក្នុង​ច្បាប់​​ស្តីពី​ការងារ គឺវា​​មាន​​ចំនួន​​​ច្រើន​​លើស​លុប ហើយ​បញ្ហា​​នេះ​វា​បាន​​​ប៉ះពាល់​​ដល់​​ផលិត​ភាព​​​របស់​កម្ពុជា»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាច​ទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាស​ថា​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២០ គឺ​១៩០ដុល្លាក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ គឺ​១៨២ដុល្លារ។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា​​​ បាន​ចេញ​​អនុក្រឹត្យ​មួយ ស្ដីពី «ប្រតិទិន​​​ឈប់​សម្រាក​​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ ២០២០» ដែល​តម្រូវ​ឲ្យ​មាន​ការ​កាត់បន្ថយ​​ថ្ងៃឈប់​សម្រាក​​ចំនួន​៦ថ្ងៃ ដោយ​ក្នុងនោះ​រួមមាន​ថ្ងៃសំខាន់ៗមួយចំនួនដែរ ដូចជា ទិវាកុមារ​អន្តរជាតិ (០១ មិថុនា) កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ (២៣ តុលា) ទិវាសិទ្ធិមនុស្ស​អន្តរជាតិ (១០ ធ្នូ) ជាដើម៕