សហជីព និងអង្គការសង្គមស៊ីវិលចំនួន៧៨ បានដាក់ញត្តិរួមគ្នា​ទៅក្រសួងការងារ និងក្រសួងរៀបចំដែនដី ដើម្បីជំរុញឲ្យ មានការអនុវត្តច្បាប់ស្ដីអំពីសំណង់ ឲ្យមានប្រសិទ្ធភាពនៅ ក្នុងប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃអង្គារម្សិលមិញ តំណាងសហជីព និងអង្គការសង្គមស៊ីវិល​៧៨ បានយកញត្តិដាក់នៅ ក្រសួងការងារ និងក្រសួងរៀបចំដែនដី ដោយស្នើក្រសួងទាំពីរ ពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់​ បន្ទាប់ពីមានករណីបាក់រលំអគារបន្តបន្ទាប់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។

អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី ​ បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធពុំបាន អនុវត្តច្បាប់ស្តីពីសំណង់ ពេញលេញនោះទេ ទើបបានបណ្ដាលឲ្យមានការបាក់រលំអគារបន្តបន្ទាប់ និងមានមនុស្សស្លាប់។ លោកថាស្ថាប័នទាំងនោះ គួរពង្រឹងអនុវត្តស្តង់ដារសុវត្ថិភាពមួយទៅដល់កម្មករ ដើម្បីចូលរួមដោះស្រាយ និងលើកកម្ពស់សុវត្ថិភាព និងគុណភាពសំណង់ ដែលធានាដល់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

លោក យ៉ាន់ ធី មានប្រសាសន៍ថា៖ «យើងគ្រាន់តែជម្រុញបន្ថែម តាមពិតទៅក្រសួងគាត់មានវិធានការរួចហើយ ប៉ុន្តែអនុវត្តអត់ទាន់បានដល់អ្វីដែលក្រសួងគាត់ចង់បាន។ ចឹងយើងជម្រុញបន្ថែមថា ឲ្យក្រុមហ៊ុន និងការដ្ឋានមួយចំនួន គឺទាំងអស់ គឺត្រូវតែអនុវត្តទៅតាមគោលការណ៍ ក្រសួងដែនដី និងគឺឲ្យកម្មករស្នាក់នៅក្រៅពីការដ្ឋានកំពុងសាងសង់»។

ក្រុមសហជីព បានស្នើទៅក្រសួងទាំងពីរ​ មានចំនួនប្រាំពីរចំណុច ដើម្បីធានាសុវត្ថិភាពដល់កម្មករ ដោយស្នើផ្អាកគម្រោងសាងសង់ទាំងអស់នៅទូទាំងប្រទេស ដោយរង់ចាំឲ្យមានការត្រួតពិនិត្យ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពម៉ៅការបន្តដែលគ្មានអាជ្ញាប័ណ្ណ និងផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករ នៅក្រៅការដ្ឋានសំណង់។ ក្នុងនោះ ពួកគេក៏បានស្នើដល់ រាជរដ្ឋាភិបាល ផ្តល់ទីតាំងសាធារណៈនៅទីរួមខេត្តព្រះសីហនុ និងខេត្តកែប ដើម្បីធ្វើស្តូប រំលឹកការចងចាំព្រឹត្តិការណ៍ នៃការបាក់រលំអគារនៅទីកន្លែងទាំងពីរនេះ។

លោក និន វណ្ណៈ នាយករង គណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មគ្រប់មុខសញ្ញានៅក្នុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលញត្តិពីតំណាងសហជីព។ លោកសន្យាបញ្ជូនញត្តិទៅមន្ត្រីជាន់ខ្ពស់របស់ក្រសួងដើម្បីពិនិត្យ និងឆ្លើយតបវិញ។

លោក និន វណ្ណៈ បញ្ជាក់ថា៖ «ខ្ញុំនឹងពាំនាំជូន ហើយក្នុងនាមខ្ញុំ ជាអ្នកចុះទទួលយកញត្តិ។ ខ្ញុំអាចសាញ៉េទទួលយកទៅបោះត្រា ហើយអាចទាក់ទងគ្នា តាមរយៈទូរសព្ទក៏បាន ឬក៏មកក៏បាន (នៅក្រសួងការងារ)»។

ក្រសួងការងារ បានចេញសេចក្ដីប្រកាសពត៌មាន កាលពីរសៀលថ្ងៃអង្គារ ថាក្រសួងបានទទួលញត្តិ របស់តំណាងសហជីព និងអង្គការសង្គមស៊ីវិលចំនួន៧៨។ ក្រសួងបានបញ្ជាក់ថាចំណុច ដែលទាមទារដោយខាងសហជីពទាំង៧ចំណុច មានចំណុចមួយចំនួនបាននឹងកំពុងអនុវត្តរួចរាល់ហើយ។

ក្រសួងការងារ បានបន្ថែមថា រាល់សំណូមពរទាំងឡាយណា ដែលហួសពីដែនសមត្ថកិច្ច របស់ខ្លួន ក្រសួងនឹងបញ្ជូនទៅកាន់ក្រសួង ស្ថាបន័ពាក់ពន្ធ័ ដើម្បីពិនិត្យ នឹងដោះស្រាយបន្តទៀត។

លោក យ៉ាន ធី បានបន្ថែមថា  មន្ត្រីក្រសួងរៀបចំដែនដី ក៏បានទទួលញតិ្តរបស់លោក ហើយនិងឆ្លើយតបនៅពេលក្រោយ។

ករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាលឲ្យស្លាប់កម្មករសំណង់ ៣៦នាក់ ហើយមនុស្ស ២៣នាក់​ផ្សេង​ទៀតបាន​រង​របួស​ធ្ងន់​ស្រាល។

ក្រសួងដែនដី បានចេញសេចក្តីប្រកាសហាមកម្មករ ស្នាក់នៅក្នុងអគារ កំពុងសាងសង់ បន្ទាប់ពីមានករណី​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ នៅខេត្ត​ព្រះ​សីហនុ បណ្ដាល​ឲ្យ​កម្មករ​សំណង់ដែលស្នាក់​នៅ​ក្នុង​អគារ​ចំនួន​២៨នាក់​បាត់​បង់​ជីវិត និង២៦នាក់​ផ្សេងទៀត​រងរបួស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។