អតីតបុគ្គលិកស៊ីនទ្រី ជាង១០០នាក់ បន្តតវ៉ា នៅមុខក្រុមហ៊ុន ក្នុងក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារប្រាក់អតីតភាពការងារ១០០ភាគរយ បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារ។

បុគ្គលិក ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ១០៦នាក់ ត្រូវបានប្រកាសបញ្ឈប់ពីការងារបស់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩​ បន្ទាប់ពី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកសិទ្ធ ប្រមូលសំរាមពីក្រុមហ៊ុននេះ យកមកគ្រប់គ្រង ជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើ កំណែទម្រង់ ពីការសម្អាតទីក្រុង។

អតីតបុគ្គលិកម្នាក់ លោក ឆន ដានី បាននិយាយថា ពួកគេសម្រេចចិត្តប្រមូល ផ្តុំតវ៉ានៅ មុខក្រុមហ៊ុន ជាលើកទីពីរ ដោយសារគ្មានដំណោះស្រាយ ពីភាគីក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។

លោកថា ក្រុមហ៊ុន ស្នើបើកប្រាក់ អតីតភាពការងារ ឲ្យពួកគេត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែបុគ្គលិកទាំងនោះ មិនយល់ព្រមហើយបាននាំគ្នាមកតវ៉ា នៅមុខក្រុមហ៊ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ដើម្បីក្រុមហ៊ុន ផ្តល់ប្រាក់ អតីតភាព ១០០ភាគរយមកពួកគេ។

ភាគីក្រុមហ៊ុន​ និងសាលារាជធានីភ្នំពេញ បានសន្យាផ្តល់ដំណោះស្រាយ នៅថ្ងៃទី១៥ ខែមករា ប៉ុន្តែមកដល់ពេលនេះ នៅតែគ្មានដំណោះស្រាយនោះទេ។

លោក ឆន ដានី បាននិយាយថា៖ «ការតវ៉ានេះ គឺយើងទាមទារឲ្យខាងក្រុមហ៊ុន ជួយពន្លឿន ការដោះស្រាយ តាមច្បាប់ការងារ និង ស្នើសុំឲ្យក្រសួង ទទួលពួកយើងចូល​ធ្វើការនៅ​រដ្ឋករស្វយ័ត»

ក្រុមអ្នកតវ៉ា ទាមទារ២ចំណុច ទី១ គឺសុំឲ្យខាង ក្រុមហ៊ុនផ្តល់ប្រាក់អតីតភាពការងារ ១០០ភាគរយមកពួកគេ ទី២ គឺសុំសាលារាជធានីភ្នំពេញ ផ្តល់ការងារនៅ រដ្ឋករស្វយ័ត។

អតីតបុគ្គលិក ស៊ីនទ្រី ផ្នែកទំនាក់ទំនងអតិថិជន និងជាតំណាងអ្នកតវ៉ាមួយរូបផងដែរនោះ លោក សន វុទ្ធា បាននិយាយថា ក្រុមហ៊ុនស៊ិនទ្រី បានផ្ទេរទៅឲ្យរដ្ឋវិញ និងបានចេញ លិខិតបញ្ឈប់បុគ្គលិក ដោយពុំបាន ផ្តល់សំណង និងប្រាក់ អតីតភាពការងារ នោះទេ។ លោកថា ពួកគេកំពុងជួបការលំបាក ដោយសារគ្មានការងារធ្វើ។

លោក វុទ្ធា និយាយថា៖ «ពួកយើងនៅផ្ទះជួល អត់ការងារធ្វើ ត្រូវការលុយ ដើម្បីដោះស្រាយបញ្ហាជីវភាព ហើយក្រុមហ៊ុនមិនបានធ្វើតាមប្រសាសន៍សម្តេច តេជោ ហ៊ុនសែនោះទេ។ ដោយសម្តេចធ្លាប់ មានប្រសាសន៍ថា លោកនឹងមិនឲ្យ បាត់បង់ អត្ថប្រយោជន៍និយោជិកណាទេ»

លោកបន្ថែមថា ​ការតវ៉ាលើកទីពីរ នេះចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ ពួកគេ នឹងបន្តទាមទារ រហូតមាន ដំណោះស្រាយ។

អគ្គនាយក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី និង​​អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក​ ម៉េត មាសភក្តី មិនអាចទាក់ទង ធ្វើការអត្ថាធិប្បាយបាននោះទេ។​