សិស្សខ្មែរឥស្លាម ជិត២០០នាក់ ក្នុងសាលាមួយ នៅខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ បានបោះបង់ការសិក្សា បន្ទាប់ពីអាជ្ញាធរខណ្ឌ បញ្ជាឲ្យគ្រួសារ​របស់ពួកគេ​រុះរើផ្ទះតូចៗ​ចេញពី ច្រាំងទន្លេ​មេគង្គ ដែល​ពួកគេសង់​នៅបណ្តោះ​អាសន្ន។

សហគមន៍ ខ្មែរឥស្លាម និងគ្រូបង្រៀន បានបង្ហាញក្តីបារម្ភ ពីបញ្ហាសិស្ស​ខ្មែរឥស្លាម ជាង១០០នាក់​ ក្នុងចំណោម៣០០ នៃសាលាបឋមសិក្សា ក្បាលជ្រោយសាគូរ៉ា បានឈប់រៀន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីគ្រួសារ​របស់ពួកគេ​ប្តូរទីលំនៅ ដើម្បីឲ្យអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់​សម្រាប់ប្រជុំ កំពូលអាស៊ីអឺរ៉ុប។

នាយិកា​ សាលាបឋមសិក្សា​ក្បាល ​ជ្រោយសាគូរ៉ា លោកស្រី យឺន​ សុភ័ក្រ​ ​បានមានប្រសា​សន៍ ប្រាប់​សិក្ខាកា​ម Newsroom Cambodia កាលពីចុងខែមករា ឆ្នាំ២០២០ថា​ សិស្សពាក់កណ្តាល នៅក្នុងសាលានេះ គឺជាសិស្សខ្មែរឥស្លាម។​ ក្នុងឆ្នាំ២០១៩​-២០២០​ ចំនួនសិស្សមាន​ការកើនឡើ​ងជាងឆ្នាំមុន និងមា​នសិ​ស្សខ្មែរឥ​ស្លាមជាង៣០០​នាក់​។

លោកស្រី ​យឺន​ សុភ័ក្រ​ បានបន្ដទៀតថា នៅកំឡុងចុ​ងខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីថ្ងៃ​ទី២៨-៣០ រ​ហូតមកទល់​ពេល​នេះ ​សិស្សដែ​លមករៀ​នមា​នចំនួនថយចុះ ចំពោះសិស្សខ្មែរឥស្លា​នៅ​សល់ត្រឹមតែ​ជាង ១០០នាក់ ប៉ុណ្ណោះ។

លោកស្រី យឺន​ សុភ័ក្រ​ មានប្រសាសន៍ថា«សិស្ស​ឈប់​មករៀន មានគ្រ​ប់បន្ទប់​ ចាប់ពីថ្នាក់មតេ​យ្យដល់​ថ្នាក់ទី៦ តែចំពោះសិស្សខ្មែរឥស្លាមប៉ុណ្ណោះ»

លោកស្រី យឺន សុភ័ក្រ បានបន្ថែមថា ចំនួនសិស្ស​បោះបង់​ការសិក្សា​ច្បាស់លាស់ ក្រោយពី​កប្រឡងឆមា​សទី១ នៃឆ្នាំនេះ។

លោក អ៊ី យូ ជា​ហាកឹម (ប្រធាន​សហគមន៍​ខ្មែរឥស្លាម) ក្នុងតបន់ចុងកោះ ភូមិ១ សង្កាត់ជ្រោ​យចង្វារ​ បានមាន​ប្រសាស​ន៍ថា គ្រួរសារខ្មែរឥស្លាម ៧៨គ្រួសារ រស់នៅច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារ បញ្ជាឲ្យរុះរើផ្ទះខ្ទមរបស់ពួកគេ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរៀបចំ​សណ្តាប់ធ្នាប់។

លោក អ៊ី យូ បានលើកឡើងថា​ នៅពេលគ្រួសារ​របស់ខ្មែរ​ឥស្លាម​ទាំងនោះ រុះរើផ្ទះខ្ទម កូនៗរបស់ពួកគេ ដែលរៀននៅ សាលាក្បាលជ្រោយសាគូរ៉ា បានបោះបង់ការសិក្សា ដោយត្រូវទៅតាម​ឪពុកម្តាយ​ពួកគេ។

លោក អ៊ី យូ និយាយថា៖ «ក្រោយពីរុះរើផ្ទះ គ្រួសារទាំង៧៨ បានទៅកន្លែងផ្សេង និងកូនៗកំពុងរៀង ជាង១០០នាក់ បានទៅ​ជាមួយ​ឪពុកម្ដាយ​ពួកគេ។​ ហើយនឹង​មានសិស្ស​កំពុងរៀននៅជាមួយ​ឪពុកម្ដាយ​ពួកគេ​នៅលើទូក មានមិនដល់១០០នាក់ នោះទេ»

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ដោយដាក់ ឱសានវាទ ឲ្យគ្រួសារ​ខ្មែរឥស្លាម រុះរើផ្ទះខ្ទម ក្នុងរយៈពេលមួយសប្តាហ៍។

ក្នុងសេចក្តីជូនដំណឹង​ដដែល បានឲ្យដឹងថា អាជ្ញាធរខណ្ឌ​ ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់​ និងសោភណ្ឌភាព សម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប (ASEM) ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូល មកពីបណ្តាប្រទេសផ្សេង នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សេចក្តីជូនដំណឹង លើកឡើថា«ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើចេញនោះទេ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការ​រដ្ឋបាល ចុះរុះរើ​ ដោយមិន​ទទួលខុសត្រូវ នូវរាល់ការ​ខូចខាត ឬបាត់បង់ប្រយោជន៍អ្វីឡើយ»

លោក ឃ្លាំង ហួត មិនអាចទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ បន្ថែមបាននោះទេ។

លោក អ៊ី យូ បានបន្ថែមថា មកដល់ពេលនេះ លោកពុំដឹងថា​គ្រួសារ​ខ្មែរឥស្លាម​ទាំងនោះ ប្តូរទៅរស់នៅ​ទីណានោះទេ ហើយលោក​ក៏ពុំដឹងថា កូនៗរបស់​ពួកគេ​បានបញ្ជូនទៅសិក្សានៅសាលាផ្សេង​ឬយ៉ាងណា​នោះទេ។