សហគមន៍​ចំនួនបី​ ដែលមាន​ជម្លោះ​ដីធ្លី​ ក្នុងខេត្ត​កោះកុង​ ប្រកាស​បន្តទាមទារ​រកដំណោះស្រាយ​ ក្រោយពីក្រសួង​​រៀបចំ​ដែនដី​ ​ចេញ​សេចក្តី​ប្រកាស​ ពុំទទួល​ដោះ​ស្រាយ​រឿង​បញ្ហា​ដី​ធ្លី ជូនពួកគេ។

ក្រសួង​រៀប​ចំ​ដែន​ដី​ បាន​​ប្រកាស​ កាលពីសប្តាហ៍មុនថា ​ក្រសួង​​ពុំ​ទទួល​ដោះ​ស្រាយ​​សំណើ​រ​ជម្លោះ​ដីធ្លី​បីករណី​​របស់​​ប្រជា​​ពល​រដ្ឋ​នៅ​ក្នុង​​ស្រុក​​ស្រែ​​អំបិល​ ​ខេត្ត​​កោះ​កុង​ ដោយក្រសួងអះអាងថា បានដោះស្រាយ​ជួនពួកគេ​រួចរាល់​ហើយ។

ការប្រកាសនេះ​បន្ទាប់ពី​​ ប្រជាពលរដ្ឋ​ទាំងបី​សហគមន៍ បានឡើង​មកតវ៉ា​នៅទី​ស្ដីការ​ក្រសួង​ កាលពីថ្ងៃទី១៤ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០ ​ដើម្បីជម្រុញ​ឲ្យក្រសួង​ដែនដី​ ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ១៥​គ្រួសារ​​ដែលបាន​ស្នើសុំ​ឲ្យចេញ​បណ្ណតាម​ភូមិសាស្ត្រ ​តាមការ​ទាមទារ​របស់ពួកគាត់។​

ហើយពីរករណី​ផ្សេងទៀត​ ក្រុម​ប្រជាពលរដ្ឋ​៧៣០គ្រួសារ​ទាមទារដី​សង្គមកិច្ច​ និងករណី​ក្រុមប្រជា​ពលរដ្ឋ​១៩៧គ្រួសារ ​ប្តឹងទាមទារ​ដីដែលមាន​ជម្លោះ​ជាមួយ ក្រុមហ៊ុន​ស្ករអំពៅ ​ហេង ហ៊ុយ​។​

អ្នក​ស្រី​​ ​ផាវ​ ​ញើង​ ​អាយុ​៤៤​ឆ្នាំ​​ ​ជា​ប្រ​ជា​ពល​រដ្ឋ​​ ​ដែល​មាន​បញ្ហា​ជំម្លោះ​ដី​ធ្លី​​ ១២ឆ្នាំ នៅ​​​ភូមិ​​​ ​ព្រែក​​ជីក​​ ​ឃុំ​​ ​ជី​ខ​​ក្រោម​​ ​ស្រុ​ក​​ស្រែ​​អំបិល​​ ​ខេត្ត​​ ​កោះ​កុង​​ ​​និងប្រជាពល​រដ្ឋសហគមន៍​ផ្សេងទៀត​ បានច្រាន​ចោល​សេចក្តីប្រកាស​​របស់ក្រសួង។​

ពួកគេ​នឹងបន្ត​ធ្វើការ​ទាមទារ ​ដោយជួប​ជុំគ្នា​នៅថ្ងៃទី១ ​ខែមិនា ខាងមុខនេះ ​ដើម្បី​ពិភាក្សា​ក្នុងការ​ប្រារព្ធ​​​ «ទិវា​សិទ្ធនារី​អន្តរជាតិ» ​ដោយជ្រើសរើស​យកថ្ងៃទី៥​ ខែមិនា ​ជំនួសឲ្យ​ថ្ងៃទី៨​ មិនា។ ​ក្នុងពិធីនោះ ​ ពួកគេ​នឹងថ្លែង​អំពីបញ្ហា​របស់​ពួកគេ​ រួមមាន​ បញ្ហា​ជម្លោះ​ដីធ្លី ​​ការរំលោភ​បំពានសិទ្ធិ​ និងជា​ពិសេសស្ត្រី។

​អ្នកស្រី ផាវ​ ​ញើង​ និយាយថា៖ «ពួកយើង​មិនព្រមទទួល​យកទេ​ ពីព្រោះ​សេចក្តី​ប្រកាសនោះ​ មិនត្រូវ​នូវអ្វី​ដែលពួកយើង​ចង់បានទេ​»

អ្នកស្រី ​បន្ថែម​ថា៖​ «ពួកយើង​នឹងបន្ត​ធ្វើការ​ទាមទារ»

អ្នក​ស្រី​​ ផាវ​ ​ញើង បាន​បន្ថែមទៀតថា ​​កាល​ពី​ឆ្នាំ​២​០០៧ ​ពួក​គាត់​ធ្លាប់​មាន​បញ្ហា​ដី​ធ្លី​ជា​មួ​យ​នឹង​លោក​ ​សុខ​ ​ហុង​​ ​និង​បាន​ប្រឈម​នឹង​បញ្ហា​រុះ​រើស​ផ្ទះ​អស់​ប្រាំ​មួយ​ខ្នង​​ តែ​បញ្ហា​ត្រូវ​បាន​បញ្ចប់​ដោយ​មាន​​ការ​តវ៉ា​​ ​ទប់​ស្កាត់​ពី​ប្រជា​ពល​រដ្ឋ​។

ក៏​ប៉ុ​ន្តែ​កំឡុង​ពេល​ឆ្នាំ​២០០៩​​ លោក​​ ហេង​ ​ហ៊ុយ​​ ​បាន​​យក​អនុ​ក្រឹត្យ​លេខ​៣៦​ ​របស់​រាជ​រដ្ឋ​ភិបាលបាន​ប្រគល់​ដី​​ ៧៧៩​​ហិ​ចតា​ ដើម្បី​អភិ​វឌ្ឍន៍​ភូមិ​​ ឃុំ​​ និ​ង​ចេញ​ប័ណ្ណ​ដី​ធ្លី​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​ ​និង​អភិវ​ឌ្ឍន៍​សហគមន៍​ ​ប៉ុន្តែ ​លោក​​ ​ហេង​ ​ហ៊ុយ​​ ​បាន​យក​អនុ​ក្រឹត្យ​ទៅ​ក្លែង​បន្លំ​ដាក់​ថា​ ​ភូមិឈូក​ ​ទៅវិញ​។ ​

អ្នកស្រីបាន​ទាមទារឲ្យ​​ក្រសួង​មហា​ផ្ទៃ​ចេញ​សេចក្តី​ប្រកាស​ថាពិត​ជាបាន​ដូរទីតាំង​មែន​ ​ឬក៏​អត់។ ​កាល​ថ្ងៃទី៨​ ​ខែតុលា​ឆ្នាំ២០១៧​​ គឺពួកគាត់​មិនបាន​ទទួល​ឯកសារ​អី្វ​បញ្ជាក់​ច្បាស់​ ​ក្រៅពី​ការធ្វើ​កំណត់​ហេតុណ៍​ដោះស្រាយ​បញ្ហា​ ​និងថតចម្លង​ស​ខ្មៅឲ្យ​ពួកគាត់​។

​អ្នកសម្រប​សម្រួល​​អង្គការ​លីកាដូ ​ប្រចាំ​ខេត្តកោះកុង ​លោក ​ហ៊ូ ​អ៊ីន ​បានប្រាប់​ឲ្យដឹង​ពីបញ្ហា​ជំម្លោះ​ដីធ្លី​របស់អ្នកស្រី ផាវ ​ញើង​​ និងប្រជា​ពលរដ្ឋ​ផ្សេងទៀត​ជាមួយ ​លោក ហេង ហ៊ុយ ក្នុងឃុំ​ជីខ​ក្រោម ​ស្រុក ស្រែអំបិល ​ខេត្ត កោះកុង បានកើត​ឡើងជា​ច្រើនឆ្នាំ ប៉ុន្តែ​មិនទាន់​មានដំ​ណោះស្រាយ​។ លោកថា​អ្នកស្រី ​ផាវ ​ញើង ​បានទាមទារ​ឲ្យអាជ្ញា​ធរចុះ​បញ្ជី​ដីធ្លី​តាមភូមិ​សាស្ត្រ​ ហើយអាជ្ញាធរ​គួរបញ្ជាក់​ជូនគាត់​ឲ្យបាន​ច្បាស់លាស់។​

លោក ហ៊ូ​ ​អ៊ីន ​បាននិយាយ​​ថា​៖ «​ក្រសួង ក៏​ដូចជា​អាជ្ញាធរ​គួរតែ​បង្ហាញ​ផែនទី​ជាក់ស្តែងថា ​ដីរបស់​អ្នកស្រី ផាវ ញើង​ ស្ថិតនៅ​ក្នុងភូមិ​ព្រែកជីក​ ឬក៏​ភូមិឈូក​»

ក្រសួង​ក៏បាន​បញ្ជាឲ្យ​អាជ្ញាធរ​ខេត្តកោះកុង​ ចុះធ្វើ​ការអប់​រំដល់​ពលរដ្ឋ​ និងស្វែ​រកអ្នក​នៅពីក្រោយ​ពួកគេ​ ដើម្បី​ចាត់វិធាន​ការផ្លូវច្បាប់។​