តំណាង​សហគមន៍​ចំនួន៣​មកពី​ខេត្តព្រះវិហារ​ និងសកម្មជន​ការពារ​ធនធម្មជាតិ ​ប្រមាណ​២០នាក់កាលពី​ចុងសប្តាហ៍មុន ​បានដាក់​ញត្ដិទៅ​ក្រសួង​បរិស្ថាន ​ដើម្បី​ស្នើសុំ​ពង្រឹង ​និងចាត់​វិធានការ​តាមផ្លូវច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ ​និងសត្វព្រៃ​ក្នុងដែន​ជម្រសត្វ​ព្រៃព្រះ​រការ ​ខេត្តព្រះ​វិហារ។

យោងតាម​ញត្តិដែលមាន​ស្នាមមេដៃ​ពលរដ្ឋ​ចំនួន១៤៤ ​ដាក់ទៅ​ក្រសួង​បានឲ្យ​ដឹងថា ​ចាប់ពី​ខែមិថុនា ឆ្នាំ២០១៩​ ដល់ខែកុម្ភៈ​ ឆ្នាំ២០២០​ ក្រុមសហគន៍​ និងសកម្មជន​ការពារ​ធនធាន​ធម្មជាតិ​បានចុះ​ល្បាត ចំនួន០៩​លើក ដោយ​ប្រទះ​ឃើញបទ​ល្មើស៩៨​ករណី។

ក្នុងញត្តិ​ដដែល​បានឲ្យ​ដឹងថា ​សហគមន៍​ប្រទះឃើញ​ ប្រភេទ​ក្ដារបន្ទះ ​អារជ្រៀក​រួចមាន ​៤១៨បន្ទះ ដែលក្នុង​នោះរួមមាន​ប្រភេទ ​ឈើទាល ​គគីរ កកោះ​ ផ្ដៀក ពពេល​ និងស្រឡៅ​ជាដើម។

អ្នកស្រី ​ស៊ឹម សេត ​អាយុ៤៩ឆ្នាំ​ជាជនជាតិ​ដើមភាគតិច​កួយ ជា​អ្នកស្ម័គ្រចិត្ត​ដើរល្បាត​ព្រៃមកពី ​ភូមិប្រមេរ៍ ​ឃុំប្រមេរ៍​ ស្រុកត្បែង​មានជ័យ ​ខេត្តព្រះវិហារ​ បានប្រាប់​ឲ្យដឹងថា​អ្នកស្រី ​និងក្រុមល្បាត​បានអង្កត​ឃើញថា​មានការ​លួចកាប់​ព្រៃឈើ​ និងដាក់​អន្ទាក់​សត្វព្រៃ​ខុសច្បាប់​នៅតែបន្ត​កើតមាន​ឡើង នៅ​ដែនជម្រក​សត្វព្រៃ​ព្រះរការ​។ ដូចនេះ​ ពួកគាត់​បានសម្រេច​ចិត្តរួម​គ្នាមកដាក់​ញត្តិដើម្បី​ឲ្យក្រសួង​ជួយចាត់​វិធានការ ​ទៅលើ​ជនល្មើស​។

អ្នកស្រី​ ស៊ឹម សេត ​បាននិ​យាយថា​៖ «មកពីខ្ញុំ​ស្ដាយព្រៃ​ឈើ ព្រោះ​ថាទៅចុះ​ ល្បាតពេល​ណាក៏​នៅតែមាន​អាណាធិប​តេយ្យកាត់​រហូត​រាល់ថ្ងៃ»​

អ្នកស្រី​បានបន្ត​ទៀតថា​ ប្រជា​សហគន៍​នៅទីនោះ​រស់នៅ​ដោយពឹង​ផ្អែកលើ​ការប្រមូល​អនុផល​ព្រៃឈើ រួមមាន​ការប្រមូល​ជ័រទឹក​ជាដើម​។ អ្នកស្រីថា​ ការកាប់​ព្រៃឈើ​ខុសច្បាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់ជីវភាព​ប្រចាំ​ថ្ងៃរបស់​ពួកគេ ​ដោយសារ​ដើមច្បោះ​ដែលធ្លាប់​ផ្ដល់ផល​ដល់អ្នកភូមិ​រស់នៅទីនោះ​មិនសូវ​មានដូច​មុននោះទេ​។

អ្នកស្រី​ ស៊ឹម សេត ​បន្ថែមថា៖ «​បញ្ហា​ប្រឈម​ខ្លាំង ទីមួយ​អាកាសធាតុ​ក៏ប្រែប្រួល​ មួយទៀត​បើអស់​ព្រៃឈើ​ភ្លៀងធ្លាក់​មិនគ្រប់គ្រាន់។​ ជីវភាព​ប្រចាំថ្ងៃ​ក៏វាថយចុះ​ព្រោះដើម​ច្បោះជ័រ​ហ្នឹងវា​ថយចុះ​ ព្រោះរាល់​ដងយកជ័រ​យកទៅ​លក់»

អ្នកនាំ​ពាក្យក្រសួង​បរិស្ថាន​ លោក ​នេត្រ សុភក្ក្រា​ បានប្រាប់​ឲ្យដឹងថា​ ក្រសួង​បានទទួល​ញត្តិពី​ក្រុមសហគមន៍​។ លោកថា ​ក្រសួង​បានបញ្ចូន​មន្រ្តីចុះ​ទៅដែន​ជម្រកសត្វ​ ព្រៃព្រះរការ​ ដើម្បី​ស៊ើបអង្កេត ​និងធ្វើរបាយ​ការណ៍​ជាក់ស្តែង​បញ្ចូនមក​ក្រសួង។ ​ប៉ុន្តែមក​ដល់ពេល​នេះ ខាង​ក្រសួង​មិនទាន់​ទទួល​របាយ​ការណ៍​ជាក់លាក់​នៅឡើយទេ​។

លោក ​នេត្រ សុភក្ក្រា ​មានប្រសាសន៍ថា៖​ «ខាងក្រសួង​បានទទួលញត្តិ​ហ្នឹងហើយ។​ ហើយក្រសួង​បានបញ្ចូន​មន្រ្តីចុះ​ទៅស៊ើប​អង្កេតហើយ​។ ហើយឥឡូវ​ខ្ញុំអត់ទាន់​ប្រាប់អី​បានទេ ​ទាល់តែ​គេឡើង​មកវិញ​ទើបមាន​របាយការណ៍​ជាក់ស្តែង ​ប្រហែល​ជាក្នុង​អាទិត្យហ្នឹង​បានដឹង»។

គួរបញ្ជាក់​ថា ដីព្រៃ​ព្រះរការ​មានទំហំ​ផ្ទៃដី​ ៩០,៣៦១ ​ហិកតា​។ រាជរដ្ឋា​ភិបាល​បានដាក់​ព្រៃព្រះ​រការជា​ដែនជម្រក​សត្វនៅ​ឆ្នាំ២០១៦​ ដើម្បីធានា​ឲ្យមានការ​ថែទាំ​ទីជម្រក​សត្វព្រៃ ​និងប្រព័ន្ធ​អេកូឡូ​ស៊ី ព្រម​ទាំងលើក​កម្ពស់ការ​ចូលរួម​របស់សហគមន៍​មូលដ្ឋាន ​និងសាធា​រណៈជន​ក្នុងការរួម​ចំណែក​ដល់ការ​គ្រប់គ្រង ​ការពារ ​និងអភិរក្ស​ជីវៈចម្រុះ​និងធនធាន​ជាតិក្នុង​តំបន់។