(ភ្នំពេញ)៖ ក្រុម​ទាហាន​មួកខៀវ​អង្គការ​សហប្រជាជាតិ​ចំនួន​បួ​ន​នាក់ ក្នុង​ចំណោម​៨០​នាក់ ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាលី​​ រក​ឃើញ​មាន​ផ្ទុក​វិជ្ជមាន​ជំងឺកូវីដ​១៩ បន្ទាប់​ពី​ពួកគេ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​១០ ខែកក្កដា និង​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។  នេះ​បើ​តាម​សេចក្តី​ជូន​​ដំណឹង​​របស់​ក្រសួង​​សុខា​ភិបាល​​កម្ពុជា។​

សេចក្តី​ជូន​​ដំណឹង​​របស់​ក្រសួង​​សុខា​ភិបាល​​កម្ពុជា​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រសួង​សុខា​ភិបាល​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ចំនួ​ន​៧​នាក់ ក្នុង​នោះ​៤​នាក់​ ​​មកពីប្រទេស​ម៉ាលី និង​៣​នាក់​ទៀត​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រសួង​បន្ថែម​ថា បុរស​៤​នាក់​ដែល​មក​ពី​ប្រទេស​ម៉ាលី គឺជា​ក្រុម​ទាហាន​មួកខៀវ​អង្គការ​សហប្រជាជាតិ​ ដែល​ទើប​ត្រឡប់​មក​ដល់​កម្ពុជាវិញ​​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ជាមួយ​ទាហានមួក​ខៀវ​ចំនួន​៧៦​នាក់​ទៀត។

ក្រសួង​បញ្ជាក់​ថា៖ «ពួកគាត់​ជា​ក្រុមមួក​ខៀវអង្គការសហប្រជាជាតិ ដែលសរុបមាន​៨០នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ក្រៅពីអ្នកជំងឺ ក្រុម​នេះ​ត្រូវ​បាន​បន្ត​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ [នៅដាច់ដោយឡែក] នៅមណ្ឌល​កង​ទ័ព​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ខេត្ត​កំពង់​ស្ពឺ»។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដដែល​បញ្ជាក់​ថា ក្រៅពី​ទាហាន​មួកខៀវ​អង្គការ​សហប្រជាជាតិ​ទាំង​៤​នាក់ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា នេះ កម្ពុជា​ក៏​បាន​​​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​៣​នាក់​ផ្សេងទៀត ដែលជា​បុរស​ខ្មែរ​​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ជាមួយ​អ្នកដំណើរ​ចំនួន​​៥៦​នាក់​ផ្សេងទៀត កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា​។  អ្នកដំណើរ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជ​មាន​​​វីរុស​កូវីដ១៩ ត្រូវ​បាន​បន្ត​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កងទ័ព​អាកាស​ រាជធានី​ភ្នំពេញ​។

គិតត្រឹមនៅថ្ងៃទី២៩ ខែកក្កដា នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប ចំនួន២២៣​នាក់ ក្នុង​នោះ​ អ្នកព្យាបាលបាន​​ជាសះស្បើយ​ចំនួន​១៥៤នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​៧៧​នាក់។

រដ្ឋាភិបាលកម្ពុជា​នៅ​សប្តាហ៍​នេះ បានសម្រេច​ផ្អាកជើង​ហោះហើរ​​ពី​ប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូ​នេស៊ី​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បន្ទាប់​ពី​រក​ឃើញអ្នកមាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ទាំង​ពីរ​នេះ​ជាបន្ត​បន្ទាប់៕​