(ខេត្តព្រះ​សីហនុ)៖ បរិស្ថាន​ក្រុង​ព្រះសីហនុ​​​បាន​និងកំពុង​ស្តារ និង​អភិវឌ្ឍន៍​​ឡើងវិញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​ការវិនិយោគ​លើ​ដី​សមុទ្រ ការ​សង់​អគារ​ខ្ពស់ៗ​ នៅ​តែ​គគ្រឹក​គគ្រេង​ដដែល។ ស្របពេល​ដែល​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​កំពុង​បន្ត  ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក្នុង​ភូមិ​១ សង្កាត់​លេខ​១  ក្រុង​ព្រះ​សីហនុ បាន​ត្អូញ​ត្អែរ​ថា ​ការធ្វើ​ទំនប់​​​​របស់​ក្រុម​ហ៊ុន​អាន​កូ ទប់​មិន​ឲ្យ​ទឹក​ស្អុយ​ហូរ​ចូល​សមុទ្រ បាន​​​ធ្វើ​​ឱ្យ​លិច​​ផ្ទះ​របស់​ពួកគេ ​​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ។

អ្នកស្រី ឈួន ផល្លី ពលរដ្ឋម្នាក់​ដែល​អះអាងថា​​ផ្ទះរបស់​អ្នកស្រី​ត្រូវ​លិច​ដោយ​សារ​ការ​បិទ​ទំនប់​​របស់​ក្រុម​ហ៊ុន​អាន​កូ ប្រាប់ Newsroom Cambodia ​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ថា​ ក្រុមហ៊ុន​អានកូបានសង់ទំនប់​ទឹកនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បី​កុំ​ឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​ប្រភព​ទឹក​ស្អាត​ កាលពីឆ្នាំ២០១៧។ អ្នកស្រី​បន្ត​ថា ក្រុមហ៊ុនអានកូ​បាន​សន្យា​ថា ពេ​​​ល​ធ្វើ​​ទំនប់​​ហើយ គឺ​​មិន​​ឱ្យ​​លិច​​ផ្ទះ​ប្រជាពលរដ្ឋ​ទេ​ ប៉ុន្តែ​អ្នកស្រី​ថា ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទឹក​កាន់​តែ​លិច​​។

«បើ​​កន្លែង​​ខ្ពស់​​លិច​​ត្រឹម​​ជង្គង់ បើ​​កន្លែង​​ទាប​​លិច​​ត្រឹម​​ចង្កេះ ទឹកនោះ​​ហូរ​​ចេញ​ពី​​រោងចក្រ បង្គន់ បើ​​ខែ​​ប្រាំង​រឹត​តែ​ខ្លាំង​ទៀត​ ទឹក​ស្អុយ​ដក់ ហើយ​ឡើង​ដង្កូវ​ទឹក​ពេញ​ហ្នឹង។ ​ពួក​ខ្ញុំរស់នៅ​ដោយ​ត្រាំ​ទឹក​ស្អុយ​រាល់​ថ្ងៃ​ហ្នឹង គាត់​អត់​គិត​ទេ​ថា ជីវិត​ពួក​ខ្ញុំ​ហ្នឹង មិនមែន​ជា​មនុស្ស​ទេ​ឬ?»។

អ្នកស្រី ផល្លី បន្ថែមថា ពលរដ្ឋ​តែង​​ដាក់​ពាក្យ​​ប្តឹង​​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ  តែ​​មិន​​ដែល​ទទួល​បាន​​ដំណោះ​ស្រាយ​​​នោះ​ទេ​ ។

«ពួកខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​សាលា​ក្រុង​ដែរ​ តែ​ពួកគា​ត់​ថាកំ​ពុង​តែ​សិក្សា ហើយ​ឥឡូវ​ហ្នឹង​រដ្ឋាភិបាល​កំពុង​តែ​អត់​លុយ ទាល់តែ​ពិភាក្សា​ជាមួយ​អានកូ និង​មន្ទីរ​បរិស្ថាន ប៉ុន្តែ​នៅ​ពេល​ដែល​ពួកខ្ញុំ​សួរ​ខាង​ខេត្ត ខេត្ត​ថា​អានកូ អានកូ​ថា​ខេត្ត»។

ពលរដ្ឋ​ម្នាក់ទៀត​ដែលអះអាង​ថា​​រងផល​ប៉ះពាល់​ពី​ទំនប់​ចម្រោះ​ទឹ​​កស្អាត​ដែរ​ អ្នកស្រី នី សុខថាច ប្រាប់ Newsroom Cambodia ថា ក្រុ​មហ៊ុនអានកូ​​បាន​សន្យា​មិន​ឱ្យ​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ថា​ ផ្ទះ​របស់​អ្នកស្រី​នៅ​តែ​លិច​ដដែល​ ដោយ​មិនមាន​ដំណោះ​ស្រា​យ ។ អ្នកស្រីបន្ថែមថា ពលរដ្ឋ​តែង​​ដាក់​ពាក្យ​​ប្តឹង​​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ  តែ​​មិន​​ដែល​ទទួល​បាន​​ដំណោះ​ស្រាយ​​​នោះ​ទេ​ ។

«ពីមុនគេធ្វើទំនប់ដែរ តែគេធ្វើនៅឆ្ងាយពីផ្ទះខ្ញុំ​ ហើយផ្ទះរបស់ខ្ញុំលិចយូរៗម្តង ប៉ុន្តែ​ឥឡូវ​គេ​ធ្វើ​ទំនប់​នៅ​ជិ​ត​ផ្ទះខ្ញុំ ហើយ​ផ្ទះខ្ញុំ​លិច​សឹង​តែ​រាល់​ថ្ងៃ។ ពេល​ភ្លៀង​ម្តងៗ​ពិបាក​ខ្លាំង​ត្រង់​ថា ឥវ៉ាន់​ក្នុង​ផ្ទះខូចច្រើនណាស់ និយាយទៅគឺខ្លាចឆក់ខ្សែភ្លើង»។

អ្នកស្រី សុខថាច បន្តថា ផ្ទះ​របស់​អ្នកស្រី​ដែល​កំពុង​សាង​សង់ ត្រូវ​​ផ្អាក​ដោយសារ​តែ​ទឹក​លិច។

ពលរដ្ឋម្នាក់ទៀត លោក យីន គីមហុង ​ប្រាប់​ថា ការ​បិទ​ទំនប់​នោះ​កើត​មាន​​រយៈពេល៣ឆ្នាំ​មក​ហើយ ហើយ​លោក​ថា លោក​បានសំណូមពរ​ជា​ច្រើន​ដង​ទៅ​ខាងសាលាខេត្ត សាលាក្រុង រហូតដល់ក្រសួងបរិស្ថាន ​ប៉ុន្តែនៅ​តែ​មិនមាន​ដំណោះស្រាយ​។

«ពួកខ្ញុំ​បាន​ប្តឹង​ទៅ​សាលា​ខេត្ត ហើយ​ប្តឹង​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពួកគេ​ដឹង​ឮ​អស់​ហើយ ហើយ​ធ្លាប់​ចុះម​ក​មើល​ដែរ ប៉ុន្តែ​នៅតែ​​​មិនទាន់​មាន​ដំណោះស្រាយ»។

បើតាម​ប្រជាពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​អានកូ គឺជា​ក្រុមហ៊ុន​ឯកជ​ន​មួយ​ដែល​វិនិយោគ​លើ​ប្រព័ន្ធ​​​ផលិតទឹក​ស្អាត ដោយ​លក់​ដុំ​ទឹក​ស្អាត​ទៅឱ្យ​ខា​​ង​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ តាំង​ពី​ឆ្នាំ​២០១៨។​

អ្នកស្រី​ ជៀប សុភារី ​មន្ដ្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​​​ខេត្ត​​ព្រះ​សីហនុ មាន​ប្រសាសន៍​​ថា​ ក្រុម​ហ៊ុន​អាន​កូ​បាន​បិទ​ទំនប់​ធ្វើ​ឱ្យ​ទឹក​ស្អុយ​​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ រយៈពេល​៣ឆ្នាំ​មក​ហើយ​ និង​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ​​ប្រមាណ​ជា​១៤០​។

អ្នកស្រី​បន្ត​ថា​ «បញ្ហា​ធ្ងន់ធ្ងរ​គឺ​ទំនប់​ទឹក​ស្អាត​អាន​កូ ដែល​ជា​ក្រុមហ៊ុនមួយ​ទទួល​ខុស​ត្រូវ​ក្នុង​ការផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ក្រុង​ព្រះសីហនុ​ហ្នឹង គាត់​បាន​បិទ​ទំនប់​ធ្វើ​ឱ្យ​ទឹក​ស្អុយ ទឹក​កខ្វក់​នឹង​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ រយៈពេល​៣ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ឥឡូវ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើ​យ»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ប​ដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ ដោយ​គ្រាន់តែ​បញ្ជាក់​ថា៖ «ខាង​ក្រសួង​របស់​ខ្ញុំ​បាន​ដឹកនាំ​ប្រជុំ​ម្តង​ហើយ ប៉ុន្តែ​ប្លង់​ដែល​យើង​កំពុង​តែ​សិក្សា​មិន​ទាន់​លម្អិត​ច្បាស់​លាស់ យើងមិ​​ន​អាច​បរិយាយ​ពី​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​លូ​បាន​ទេ»។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មានប្រ​សាសន៍​ថា បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​​ប្រព័ន្ធ​លូទឹ​ក​ភ្លៀង លូ​ទឹក​កខ្វក់ និង​អាង​ចម្រោះ​មួយ​ទៀត​នៅ​ចុង​ឆ្នេរ​អូរ​ឈើ​ទាល​។ លោក​បន្ត​ថា កន្លង​មក​ខាង​អន្តរ​ក្រសួង និង​រដ្ឋបាល​ខេត្ត​បាន​ ក៏​​បាន​ធ្វើ​អាង​ស្តុក​ទឹក​លូ ហើយ​បូម​ចេញ​ទឹ​ក​ស្អាត​ចូ​ល​សមុទ្រ ដើម្បី​ទប់​កុំ​ឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​សមុទ្រ ចំនួន​​៤​កន្លែង និង​​កំពុង​ធ្វើ​២​កន្លែង​បន្ថែម​ទៀត ។

លោក ឃាង ភារម្យ ទទួល​ស្គាល់​ថា​ ក៏នៅ​​មាន​កន្លែងខ្លះ​នៅ​មាន​ទឹក​ស្អុយ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ នៅ​មិន​ទាន់​ល្អ​មួយ​រយភាគរយ​​នៅ​ឡើយ​។

«អាង​ប្រព្រឹត្តកម្ម​ធំ​របស់​យើ​ង​នៅ​សង្កាត់​លេខ​៤ វា​អាច​ជួយ​ច្រោះ ហើយ​បង្ហូរ​ចេញ​ទៅ​សមុទ្រ ប៉ុន្តែ​អាង​ប្រព្រឹត្តកម្ម​របស់​យើង​នូវ​មិន​ទាន់​ឆ្លើយតប​នឹង​បរិមាណ​ទឹក​ស្អុយ​នៅ​ឡើយ»។

លោក ថុន រដ្ឋា​ សកម្មជន​មាតា​ធម្មជាតិ​និយាយថា ប្រសិន​បើ​​អាង​ប្រព្រឹត្តកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​​មិន​​ទាន់​​ធ្វើ​​រួ​ច​​រាល់​​ នោះ​ទឹ​​កស្អុយ​នូវ​តែ​បង្ហូរ​ទៅ​សមុទ្រ​។ លោក​បន្ថែម​ថា ទឹកស្អុយ​ដែល​ហូរ​​ចូល​ទៅ​សមុទ្រ​មាន​បាក់​តេរី​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​ជីវៈ​ចម្រុះ​ផ្សេងៗ។

«បាក់តេរី​ទាំងអស់​ហ្នឹង​ហើយ​ដែល​វា​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ត្រី និង​ជីវចម្រុះ​​នៅ​ក្រោម​​ទឹក ជា ​ពិសេស​​​បញ្ហា​​ខ្យល់​​បរិសុទ្ធ​​ហ្នឹង វា​​ក្លាយ​​​ជា​​ខ្យល់​​មិន​​ល្អ ដែល​​ប៉ះពាល់​​ដល់​​អ្នក​​ដើរ​លេង​ និង​អ្នក​ដែល​ប្រកប​របរ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ជាដើម»៕​