ភ្នំពេញ៖​​​ ​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សនព្រះមេគណរាជធានីភ្នំពេញ បាន​​បញ្ជាក់ថា ​​ព្រះពុទ្ធ​សាសនា​​មិន​បាន​ហាម​ឃាត់​​​ព្រះសង្ឃ​​មិន​ឲ្យ​​​​ចូល​​​​រួម​​ស​កម្ម​​ភា​​ពនយោបាយនោះទេ ប៉ុន្ដែត្រូវស្ថិតនៅក្រោមពុទ្ធបញ្ញាត្តិ ​​និង​ច្បាប់ជាតិ ​ដែលជាដែនកំណត់។

នៅ​ក្នុង​បទ​សម្ភាស៍​កាល​ពី​ថ្ងៃ​អង្គារ ទី៨  ខែសីហា ឆ្នាំ២០២០នេះ​ សម្ដេច ឃឹម សន មានសង្ឃដីការថា ព្រះពុទ្ធសាសនា មិនបានហាមឃាត់ព្រះសង្ឃ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយនោះទេ​ ក៏ប៉ុន្តែមិនអាចចូលរួមធ្វើបាតុកម្ម និងក៏មិនអាចឈរឈ្មោះ​ក្នុងការបោះឆ្នោតបានដែរ។

ព្រះពុទ្ធជ័យមុនី​ បានពន្យល់បន្ថែមថា៖ «ត្រង់ណាច្បាប់ជាតិ គេអនុញ្ញាតធ្វើនយោបាយត្រឹមណា ហើយត្រឹមណាធម៌វិន័យអាចធ្វើបាន ដូចសង្ឃប្រកាសអញ្ចឹង បានធ្វើអនុសំវច្ឆររួមគ្នាថា បព្វជិតចូលរួមក្នុងសកម្មភាពនយោបាយ ដូចការចូលរួមបោះឆ្នោតអីបាន ប៉ុន្តែមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត ធ្វើបេក្ខភាព បេក្ខជន ធ្វើជាតំណាងរាស្ត្រ  ហើយមិនអាចចូលរួមធ្វើបាតុកម្មបានទេ»។

សម្តេចព្រះ ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក ​បានពន្យល់បន្ថែមថា៖​ «ជាធម្មតាយើងជាអ្នកបួស ដូចជាមិនមានតែព្រះពុទ្ធសាសនាទេ ដូចប្រទេសយើង គឺមានសាសនាធំៗ ដូចជាសាសនាគ្រឹស្ដ សាសនាឥស្លាម ក៏អ្នកបួសគេ  ក៏មិនបានយកសកម្មភាពមកធ្វើផ្ទុយច្បាប់រដ្ឋ និង​ វិន័យសាសនារបស់គេដែរ យ៉ាងណាម៉ិញ យើងសាកសមជាព្រះសង្ឃ ជាអ្នកបួស មុននឹងធ្វើអ្វីទាល់តែធ្វើប្រកបដោយបញ្ញា»។                   

​សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សនបានបន្តថា៖ ‌‌«ពោល​ សីល សមាធិ បញ្ញា បានសេចក្តីថាយើងដោះស្រាយក្នុងវិធីអ្វីមួយត្រូវយកបញ្ញាមកដោះស្រាយតាមទ្រឹស្តីរបស់ព្រះពុទ្ធ បានទៅរួច មិនអាចឃើញគេធ្វើខុសអីមួយ យើងយកកំហឹងមកដោះស្រាយ​ មិនអាចទៅរួចទេ»។

លោកបណ្ឌិត មាស​ នី បានលើកឡើងថា សង្គមកម្ពុជា ពីដើមមក ចលនាសង្គមសំខាន់ៗ ដែលបានកើតមានក្នុងប្រវត្តិសាស្ត្រ  ភាគច្រើនចេញពីព្រះសង្ឃ មានឈ្មោះដូចជាអាចារ្យ ហែម ជៀវ ​ពោធិកំបោរ  អាចារ្យល័ក្ខ​​​ ​ដែលសុទ្ធតែជាប្រវត្តិនៃការតស៊ូដើម្បីផ្លាស់ប្តូរ សង្គមសំខាន់ៗណាស់។​

លោក មាស​ នីបាននិយាយដូច្នេះថា៖ «បើសិនជាសាសនាមានឥទ្ធិពលទៅខាងណាមួយ  ការគាំទ្រក៏នៅតែមាន ​រាល់ថ្ងៃយើងឃើញហើយ  កាលណាមានការតវ៉ា រាលដាល​ដល់ព្រះសង្ឃអីហ្នឹង​​  ​ច្រើនតែមាន​ខាងប្រព័ន្ធរដ្ឋ តែងតែចេញវិធានការទប់ទល់ដោយខ្លាច​​​​ មានឥទ្ធិពលពីព្រះសង្ឃ»។

សូមរំលឹកផងដែរ​ថា កាលពីខែសីហាកន្លងទៅនេះ អាជ្ញាធរបានហាម និងឃាត់ព្រះ​សង្ឃខ្លះដែលនិមន្ដចូលរួមសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធាសហជីព ដែលកំពុងជាប់ពន្ធនាគារ​ដោយសាររឿងព្រំដែនជាមួយវៀតណាម៕