ប្រជាពលរដ្ខមួយចំនួន បានត្អូញត្អែរ និងខឹងសម្បាចំពោះការចាក់បាសច្រៀងខារ៉ាអូខេតាមផ្ទះ ដែលមានសម្លេងលឺខ្លាំងៗ រំខានដល់ការរស់នៅ ការប្រកបរបរ និងការរៀនសូត្រ នៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកស្រី សម ស្រីនាង អាយុ ៣០ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ការច្រៀងខារ៉ាអូខេបែបនេះ បានបង្កការលំបាកខ្លាំងណាស់ពេលនិយាយទូរស័ព្ទ និងពិបាកក្នុងការនិយាយជួបជុំគ្រួសារផងដែរ។

អ្នកស្រី ក៏បានលើកផងដែរថានេះក៏បានរំខានដល់សិក្សាតាមអនឡាញរបស់កូនគាត់ ដែលតម្រូវឱ្យមានភាពស្ងៀមស្ងាត់។

លោក វ៉ាន់ ម៉ៅ អាយុ ៤៦ ឆ្នាំ អាជីវករនៅផ្សារទួលពង្រ បាននិយាយថា ឲ្យតែល្ងាចឡើង សម្លេងធុងបាសលឺសឹងតែគ្រប់ផ្ទះ។

លោក វ៉ាន់ ម៉ៅ បាននិយាយដូច្នេះថា៖ «ឲតែល្ងាចៗឡើង សម្លេងធុងបាសលឺសឹងតែគ្រប់ផ្ទះ ហើយពេលខ្លះ ចាក់ចម្រៀងរហូតដល់ម៉ោង១០ ដល់ ១១ ដែលធ្វើឲ្យ ខ្ញុំពិបាកដេកពេលក្បាលព្រលប់ ព្រោះវាអស់កំលាំង លក់ដូរថ្ងៃ»។

លោកបានអះអាងថា ធ្លាប់បានទៅនិយាយជាមួយនឹងអាជ្ញាធរនៅមូលដ្ឋានរួចហើយដែរ ដើម្បីឲ្យអាជ្ញាធរចុះមកអប់រំបងប្អូនពលរដ្ឋដែលចាក់បាស់តម្លង់គេ។

អ្នកស្រី  សាក់ កន្នីការ  អាយុ ៣៣ឆ្នាំ  រស់នៅភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅ២ បាននិយាយថា ឲ្យតែថ្ងៃសៅរ៍ អាទិត្យ ឬក៏ថ្ងៃឈប់សម្រាក អ្នកជិតខាងតែងតែចាក់ធុងបាស់ច្រៀង ដោយមិនបានគិតពីម៉ោងកំណត់ណាមួយឲ្យបានជាក់លាក់ ឬក៏ពួកគាត់មិនទាន់ដឹងអំពីច្បាប់ទំលាប់មូលដ្ឋាន។

អ្នកស្រី បានបន្ថែមថា «នាងខ្ញុំធ្លាប់បានស្នើទៅអាជ្ញាធរភូមិ ឬក៏សន្តិសុខភូមិដែរហើយ ជាការពិត គាត់បានមកចុះ ឱ្យសម្រួលនៅក្នុងមូលដ្ឋានហ្នឹងពិតប្រាកដមែន ប៉ុន្តែអ្វីដែលជាសំខាន់គឺអ្នកដែលចាក់ធុងបាសហ្នឹង គឺគាត់ស្រវឹង ហើយអញ្ចឹងទៅ ធ្វើឲ្យមានកើតមានអំពើហិង្សាកើតឡើង ហើយពេលហ្នឹងហើយ ដែលអ្នកសន្តិសុខភូមិ ឬក៏អាជ្ញាធរហ្នឹង និយាយមិនស្ដាប់ ក៏រឿងហ្នឹងវានៅតែបន្តទៅដែរទៅ»។

ទាក់ទងដើម្បីសុំការបំភ្លឺ ចៅសង្កាត់ចោមចៅ២ លោក វ៉ា សារ៉ង  បាននិយាយថា នឹងឲ្យមេភូមិ ចុះទៅ មូលដ្ឋានដើម្បីអប់រំ ហើយក៏បិទទូរស័ព្ទគាត់ទៅ។

មន្ទាប់មកបុរសម្នាក់ដែលអះអាងជាមេភូមិ ហើយមិនបានប្រាប់ឈ្មោះ បាននិយាយតាមទូរស័ព្ទថា នឹងចុះទៅមូលដ្ឋានរបស់លោកដើម្បីធ្វើការអប់រំដល់គ្រួសារមួយចំនួនដែលមានការ ចាក់បាសរំខាន ដល់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា «ចាប់ពីពេលនេះទៅ ខ្ញុំនឹងរឹតបន្តឹងចំពោះបងប្អូន ប្រជាពលរដ្ឋណា ដែលមានការចាក់ធុងបាស់»៕