តារាចម្រៀង វី ឌីណែត បានឈ្នះជ័យលាភី I AM A SINGER CAMBODIA​ រដូវកាលទី២​ របស់ទូរទស្សន៏ហង្សមាស កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ជាមួយនឹងបានទឹកប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

កម្មវិធី I AM A SINGER គឺជាកម្មវិធីប្រឡងចម្រៀងដ៏ល្បីនៅបរទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ហើយកម្មវិធី I AM A SINGER CAMBODIA បានចូលមកកម្ពុជាក្នុងឆ្នាំ២០១៦ ដោយមានតារាចម្រៀង ដួង វីរៈសិទ្ធ ជាម្ចាស់ពានរដូវកាលទី១។

កញ្ញា វី ឌីណែត ដែលជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួ ឡាវី បាននិយាយតាមហ្វេសប៊ុកដូច្នេះថា​ «ជាដំបូងនាងខ្ញុំ និងលោកគ្រូ សូមអរគុណយ៉ាងខ្លាំងសំរាប់ការផ្ញើសារគាំទ្រពីសំណាក់បងប្អូន លោកតា លោកយាយ អ៊ុំ ពូ មីង ទូទាំងប្រទេស និងfansជាទីស្រលាញ់របស់នាងខ្ញុំទាំងអស់ដែលអាចធ្វើអោយក្ដីស្រម៉ៃរបស់នាងខ្ញុំក្លាយជាការពិត»។

កញ្ញា វី ឌីណែត បានបន្តថា «អ្វីដែលនាងខ្ញុំប៉ង អ្វីដែលនាងខ្ញុំខំព្យាយាមមកជាច្រើនសារហើយនោះ ពេលនេះក៏ទទួលបានហើយ នាងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ នាងខ្ញុំនឹងព្យាយាមបន្តទៅមុខទៀតនឹងអ្វីថ្មីៗជូនដល់បងប្អូនទាំងអស់ទស្សនាជាបន្តបន្ទាប់»៕