សត្វរមាំងចំនួន៤ក្បាល ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។ នេះយោងតាមការប្រកាសព័ត៌មានពីអង្គការការពារសត្វព្រៃ WWF កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

មន្រ្តីពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវត្តិ រូបភាពដោយ៖ WWF

ក្រុមអ្នកអភិរក្សបានបង្ហាញនូវក្តីរំភើបរីករាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួនបីក្បាល និងជំទង់មួយក្បាល ក្នុងចំណោមរូបថតសរុបចំននួន ១.៧១០ សន្លឹកដែលបានថតបានចន្លោះខែសីហា និងកញ្ញា ឆ្នាំ២០២០នេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅតាមទីតាំងផ្សេងៗគ្នានៅតាមដែនជម្រក ដែលមានផ្ទៃដីសរុបចំននួន ៥០.០៩៣ ហិកតា។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះប្រចាំតំបន់មេគង្គនៃអង្គការ WWF បានថ្លៃងដោយញញឹមថា៖ «យើងទាំងអស់គ្នាពិតមានសេចក្តីរំភើបរីករាយខ្លាំងណាស់ដែលបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងទាំងនេះ»។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បាននិយាយថា រូបភាពដ៏កម្ររបស់សត្វរមាំងទាំងនេះជាភស្តុតាងបញ្ជាក់ពីប្រសិទ្ធិភាព និងផលនៃការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្ស ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះ ហើយបានកោតសរសើរក្រុមល្បាតផងដែរ។

លោក បានបន្ថែមទៀតថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះកត្តាចម្បងមួយដែលអាចធ្វើឲ្យជនខិលខូចមានការខ្លាចរអា និងអាចទប់ស្កាត់បទល្មើសសត្វព្រៃនិងព្រៃឈើ ដើម្បីអញ្ញាតិឲ្យសត្វព្រៃរួចផុតពីភាពភ័យខ្លាចនិង អាចរស់នៅដោយសេរីភាពក្នុងដែនជម្រកសត្វព្រៃដោយសុវត្ថិភាព»។

តាមរបាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមគំហែងដែលចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននូវរាយប៉ាយក្នុងសាកលលោក ហើយគេបានប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង៧០០ក្បាល ហើយនៅក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃការពារនានាក្នុងប្រទេសកម្ពុជា៕