ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃច័ន្ទ​នេះ បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់ ជាជ​ន​ជាតិអង់​គ្លេស មាន​វ័យ​៥៤​ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ពុំ​មាន​ករណី​រក​ឃើញ​អ្នក​ឆ្លងថ្មី​នោះទេ សម្រាប់​ថ្ងៃទី២៧ កញ្ញា ម្សិលមិញ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខា​ភិបាល​ចេញ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០​​នេះ​បញ្ជាក់​ថា​ បុរស​ជនជាតិ​អង់គ្លេស​នោះ​មាន​អាសយដ្ឋាន​នៅ​អាផាតមិន (Apartment) មួយ​កន្លែង​ក្នុង​សង្កាត់​បឹងកក់២ រាជធានី​ភ្នំពេញ ជា​អ្នក​ដំណើរ​មក​ពី​ចក្រភព​អង់​គ្លេស ឆ្លង​កាត់​ប្រទេស​ហូឡង់ និង​បន្ត​ជើង​ហោះ​ហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

គួរជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជាសះស្បើយ ចំនួន​២៧៥នាក់ ដែលស្មើទៅនឹង៩៩.៦៤%។ ចំណែកនៅសល់គឺជាអ្នកជំងឺម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​សញ្ជាតិ​ហុងគ្រី៕​