ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ​១៩​ថ្មីម្នាក់ទៀតជាជនជាតិចិន ខណៈដែលមនុស្ស ជាង១០០នាក់ ដែលរួមដំណើរជាមួយគាត់ ត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័ក និង​មិនមានករណីជាសះស្បើយថ្មីឡើយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបាននិយាយថាបុរសជនជាតិចិន វ័យ២៨ឆ្នាំ បានធ្វើដំណើរមកកម្ពុជាពីប្រទេសហ្វីលីន ដោយបន្តជើងហោះហើរនៅកូរ៉េខាងត្បូង។

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បុរសជនជាតិចិននេះបានមកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានអ្នកដំណើរដែលស្ថិតនៅលើយន្តហោះរួមជាមួយសរុប ១០២នាក់ ដែលក្នុងនោះមាន​៥២នាក់ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃនៅអនុវិទ្យាល័យ​ពោធិ៍ចិន​ និង៤៩នាក់ផ្សេងទៀតនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ។​

គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩សរុបចំនួន ២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និង​កំពុង​សម្រាក​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ចំនួន ២នាក់៕