សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ហៅកាត់ថា ខេមបូចា នៅថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានថ្កោលទោស​​ និងបង្ហាញការព្រួយបារម្ភ ចំពោះការប្រើអំពើហឹង្សាលើអ្នកសារព័ត៌មាន៤នាក់ នៅខេត្តត្បូងឃ្មុំ។

តាមរយៈសេចក្តីថ្លែងការណ៍ ខេមបូចា បានឲ្យដឹងថា អ្នកសារព័ត៌មានអនឡាញចំនួន៤នាក់ ត្រូវបានជនមិនស្គាល់មុខ មានគ្នាពី៥ ទៅ៧នាក់ប្រដាប់ដោយ ដំបង កាំបិត និងពូថៅ ធ្វើការវាយប្រហារ ខណៈកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញតាមរថយន្ត កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២០ នៅត្រង់ចំណុចប៉ុស្តីទិសផ្លូវបំបែកចូលច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អ្នកសារព័ត៌មានម្នាក់ ត្រូវបានរងរបូសធ្ងន់ត្រង់ឆ្អឹងជំនី និងម្នាក់ទៀតរងរបូសស្រាល។ នេះយោងតាមខេមបូចា។​

នាយកប្រតិបត្តិខេមបូចា លោក ណុប វី មានប្រសាសន៍តាមរយៈសេចក្តីថ្លៃងការណ័នោះថាជនល្មើស បានចាត់ទុកអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ពីបទល្មើសព្រៃឈើ ថាជាសត្រូវ រួមមានការគម្រាមកំហែងប្តឹង និងសម្លាប់ដោយមិនញញើតដៃ​។

លោក ណុប វី បាននិយាយដូច្នេះថា «អាជ្ញាធរត្រូវតែចាត់វិធានការដែលមានប្រសិទ្ធភាពដើម្បីធានាថាជនដៃដល់ត្រូវបាននាំយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយក្រុមគ្រួសាររបស់ពួកគេទទួលបានយុត្តិធម៌»។

គួរបញ្ជាក់ផងដែរថាចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ខេមបូចាបានអះអាងថា បានរកឃើញថា មានអ្នកសារព័ត៌មានសរុប១៥នាក់ ក្នុង៨ខេត្ត-ក្រុង រួមមានខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ព្រះសីហនុ មណ្ឌលគីរី សៀមរាប ក្រចេះ និងភ្នំពេញ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗរួមមានការប្រើអំពើហិង្សាការចាប់ខ្លួន និងពាក្យបណ្តឹងពីតុលាការនេះ។

ខេមបូចា បានអំពាវនាវដល់រដ្ឋាភិបាលឱ្យធានាសុវត្ថិភាពនិងសន្តិសុខ ដល់អ្នកសារព័ត៌មានគ្រប់រូបដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិសេរីភាពចូលរួមរាយការណ៍ពីបទល្មើស នានាដែលកំពុងកើតមានឡើងនៅក្នុងសង្គមដោយមិនមានភាពភ័យខ្លាច។​

ឆ្លើយតបទៅនឹងសេចក្តីថ្លៃងការណ៍នេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះថា ការចេញសេចក្តីថ្លែងការណ៍នេះជាសិទ្ធិសេរីភាព និងជាមតិយោលបល់របស់សង្គមស៊ីវិល ហើយអ្នកសារព័ត៌មាននៅកម្ពុជាដែលបំពេញតាមវិជ្ជាជីវៈរបស់ខ្លួនត្រូវបានការពារដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន។

លោកបាននិយាយថា៖ «នៅកម្ពុជាបច្ចុប្បន្នការបំពេញវិជ្ជាជីវៈរបស់គាត់ចំពោះអ្នកសារព័ត៌មានស្របច្បាប់ហ្នឹងគឺត្រូវបានធានានិងការពារដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន»៕