ភ្នំពេញ៖ ​រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក ​ស៊ុន​ ចាន់​ថុល បាន​ប្រកាសថា​ រក​បាន​ចំណូល​ប្រមាណ​​៦លាន​ដុល្លារ ​ចូល​ជា​ថវិការរដ្ឋក្នុងពេល​៩ខែ ​តាម​រយៈ​ការ​លក់​ស្លាកលេខ​យានយន្ដ​​ពិសេសផ្ទាល់​ខ្លួន ខណៈដែលកម្ពុជាដាក់ចេញប័ណ្ណបើកបរអន្ដរជាតិជាលើកដំបូង។

រូបភាពស្លាកលេខពិសេសលើគេហទំព័រក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន

ថ្លែង​ក្នុងពិ​ធី​សម្ពាធ​ដាក់​ឲ្យដំណើរ​ការ​ជា​ផ្លូវការប្រព័ន្ធស្វ័យ​​ប្រវត្តិ​កម្ម​ផ្ទេរកម្មសិទិ្ធយាន​ជំនិះ និង​មណ្ឌលផ្ដល់សេវា​សាធារណៈ​ថ្មី នា​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ នៅ​ផ្សារ​ទំនើបជីប​ម៉ុងណូរ៉ូម៉ល ​លោក​ ស៊ុន ចាន់ថុល​ មាន​ប្រសាសន៍ថា​ថវិកា​នេះ​គឺ​​ចាប់​រាប់ពីដើម​ខែមករា ​ដល់​ខែកញ្ញា។

លោក​ប​ន្ថែម​ថា​៖ «ក្នុង​រយៈ​ពេល​៩​ខែ​នេះ ក្រសួង​បាន​លក់​ស្លាក​លេខ​រថយន្ដ​ផ្ទាល់​ខ្លូន​ជាង ២,០០០ គ្រឿងដោយ​ប្រមូល​បាន​ជាង​ ៦លាន​ដុល្លារ។»

ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក ក៏​បាននិយាយផងដែរថា​៖ «ការ​ដាក់​លក់​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​រថយន្ដ។ ការ​ដាក់​ដំណើរ​នេះ គឺ​ជា​មធ្យោបាយ​បង្កើតនូវប្រាក់​ចំណូល​ដែលនឹង​ជួយ​ទ្រទ្រង់​​ដល់សេដ្ឋកិច្ច​ជាតិ។»

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ លោករដ្ឋមន្រ្ដី ក៏បានធ្វើ​ការ​ណែ​នាំ​ពីប័ណ្ណ​បើក​បរ​អន្ដរជាតិ​ ដោយបានប្រកាសថាវាគឺ​ជា​ថ្ងៃ​ដំបូង​ដែល​កម្ពុជាចាប់​ផ្ដើម​ដាក់​ចេញ​ប័ណ្ណបើក​បរអន្ដរជាតិ​ដែលអ្នក​បើកបរ​អាច​ប្រើ​ប្រាស់​ដើម្បី​បើក​បរ​ក្នុង​ ៩៩ប្រទេស៕