ក្រុមហ៊ុន «ភូមិវប្បធម៌កម្ពុជា» នៅ​ខេត្ត​សៀម​រាប បាន​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​ទាំង​ស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិ​កា ឆ្នាំ​២០២០​នេះ​តទៅ ដោយ​អះអាងថា សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ជួប​ការ​លំបាក​​​ខ្លាំងដោយសារ​ការរីករាលដាល​ជំងឺកូវីដ-១៩។  

នេះបើ​តាមសេចក្ដី​ជូន​ដំណឹង​របស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ចេញ​នៅ​​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បញ្ជាក់​​ថា ដោយសារតែការរីករាលដាល​ជំងឺកូវីដ-១៩ បានធ្វើ​​ឱ្យ​ចំនួន​ភ្ញៀវ​​​ចូល​ទស្សនាថយចុះ​យ៉ាង​គំហុក​​ជាច្រើន​ខែ បណ្តាល​ឲ្យ​ក្រុម​ហ៊ុន​​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូត​​មិន​អាច​ផ្គត់ ផ្គង់​​លើ​ការចំណាយនានា​ជុំវិញដំណើរការអាជីវកម្ម​បន្តទៀតបាន​។

ក្នុងសេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​ថា ការ​បិទអាជីវកម្មនេះ​​នាំ​ឲ្យ​មាន​ការបញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ ដូច្នេះ​គណៈ​គ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា​នឹងទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ទាំងអស់​ស្របតាម​បទ​ប្បបញ្ញត្តិ​ស្តីពីការងារ។

កញ្ញា ស៊ិន សុគន្ធារ៉ា ​បុគ្គលិក​ក្រុមហ៊ុន​វប្បធម៌​កម្ពុជា​​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០​នេះ​ថា កញ្ញា និង​បុគ្គលិក​ទាំងអស់​​​មាន​ការភ្ញាក់ផ្អើល និង​សោកស្តាយ​​​នៅ​ពេល​​ឮ​ថា​ក្រុម​ហ៊ុន​ប្រកាស​បិទ​ទ្វារ។ កញ្ញា​បន្ថែម​ថា ក្នុង​ពេល​បច្ចុប្បន្ន កញ្ញា​​មិន​ទាន់​ដឹង​ថា​ត្រូវ​រក​ការងារ​អ្វី​ធ្វើ​បន្ត​នៅ​ឡើយ​ទេ។

កញ្ញា​ថា៖ «ខ្ញុំ​ត្រូវ​បាត់បង់​ការងារ​ក្នុង​ខណៈពេល​ដែល​ស្ថានភាព​កូវីដ​បែប​នេះ គឺ​ពិបាក​រក​ការងារ​ធ្វើ​ណាស់»​។

ចំណែក​លោក ទូច សុជាតិ ​អនុប្រធានគ្រប់គ្រងទូទៅ​ក្រុមហ៊ុនភូមិ​វប្បធម៌កម្ពុជា​ម្នាក់​ទៀត​​ ប្រាប់ Newsroom Cambodia ដែរ​ថា ពាក់ព័ន្ធ​​នឹង​​សេចក្តី​ប្រកាស​​របស់​​ក្រុមហ៊ុនភូមិ​​​វប្បធម៌​កម្ពុជា​​ដែល​​ថា​​នឹង​​​ទូទាត់​​ប្រាក់​​​សំណង​​​ជូន​​បុគ្គលិក​​ទាំងអស់​​ស្រប​តាម​​បទ​ប្បញ្ញត្ដិ​​ស្ដីពី​​ការងារ​ គឺ​ក្រុមហ៊ុន​នឹង​មាន​វា​គ្មិន​មួយ​ដើម្បីស្រាយចម្ងល់ឬក៏បង្ហាញពីបែបបទនិងលក្ខ័ណ្ឌផ្សេងៗដល់បុគ្គលិកទាក់ទិននិងបញ្ហានេះ។

លោក​ថា៖ «យើង​នឹងឲ្យខាងមន្ទីរការងារចុះទៅ​សម្របសម្រួល​ការងារ បានន័យថា​គាត់​នឹង​បង្ហាញ​អំពី​លក្ខខណ្ឌ​នៃការទូទាត់​ហ្នឹង​ទាំងអស់ គឺ​ខាង​មន្ទីរ​ជា​អ្នក​រៀបចំ។ យើង​នឹង​មាន​វាគ្មិន​ខាង​មន្ទីរ​ដើម្បី​ឲ្យ​អស់​ចម្ងល់​ដល់​បុគ្គលិក»។

ភូមិវប្បធម៌​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​ភូមិគ្រួស ឃុំ​ស្វាយ​ដង្គុំ ស្រុក​សៀមរាប។ ភូមិវប្បធម៌កម្ពុជា​គឺជា​កូន​ភូមិ​គំរូ​មួយ​ដែល​មានសំណង់ផ្ទះ និង​អគារប្រវត្តិសាស្រ្ត​ទំ​នៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំង​អស់។ កន្លែង​នេះមា​ន​ទំហំ​២១០,០០០​ម៉ែត្រ​ការ៉េ។ ក្នុង​ភូមិ​វប្បធម៌​កម្ពុជា​មាន​ភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេងៗ​គ្នា និង​ចរិត​លក្ខណៈ​របស់​ជនជាតិ​១៩។ ទីនោះ​ក៏​មាន​ការសម្តែងរបាំអប្សរា និង​របាំ​របស់​ជនជាតិ​ភាគតិច​នៅកម្ពុជា និង អាច​ទស្សនា​ការសម្តែង​អំពី​ប្រពៃណី​រៀប​អាពាហ៌​ពិពាហ៍​របស់​ជនជាតិ​ខ្មែរ ព្រមទាំង​របៀប​ឆ្លាក់​លើ​ថ្ម លើ​ឈើ ដំ​គ្រឿង​ប្រាក់ និង​ច្នៃ​ត្បូង​ជាដើម៕​