កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​​ជា​ស្ថាពរ​ ​កាល​ពី​​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២០​ នៅ​វិមាន​សន្តិភាព បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ចរចារ​គ្នា​ត្រឹម​រយៈពេល​ជិត​មួយ​ឆ្នាំប៉ុណ្ណោះ​​​។

​ការចុះហត្ថលេខា​នេះ​ធ្វើឡើង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក​ម្ពុជា និង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន ប៉ុន្តែ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​មិន​បាន​មក​ចុះហត្ថលេខា​នៅ​កម្ពុជា​ដោយ​ផ្ទាល់​នោះ​ទេ ដោយលោក​​ចុះហត្ថលេខា​រួមគ្នា​តាមរយៈ​វីដេអូ​ខនហ្វើរិន (សន្ទនា​តាម​រយៈ​វីដេអូ​ខល)។

យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា លោក វ៉ាង យី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​សាក្សី​ក្នុង​ការចុះ​ហត្ថ​​លេខាលើ​កិច្ច​​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ឯកសារ​សំខាន់​ចំនួន​២ទៀត។​

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​នោះ​ថា៖ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ជា​កិ​ច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​​ហើយ​វា​នឹ​ង​ឈាន​ទៅ​រឹត​បណ្តឹង​នូវ​ចំណង​មិត្តភាព ក៏​ដូចជា​កិច្ច​សហការ​ផ្នែក​សេដ្ឋកិច្ច​ដែល​នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ»។

​​​កម្ពុជា ​និង​​ចិ​ន​​បាន​​បញ្ចប់​​ការចរចារ​​កិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​​សេរី​​ទ្វេ​​ភាគី​នឹង​​​​គ្នា​​នេះ​​កាល​​ពី​​ក្នុង​​អំ​​ឡុង​​ខែ​​កក្កដា​​កន្ល​ង​​ទៅ បន្ទាប់ពី​​ចំណាយ​​ពេល​​ដើម្បី​​ចរចារ​​គ្នា​​ត្រឹម​​៧​ខែ​ប៉ុណ្ណោះ ដែល​​​ការចរចារ​​​លើក​​​ទី១ ធ្វើ​​​ឡើង​​​នៅ​​ខែ​​មករា លើក​ទី​២​នៅ​ខែ​មេ​សា និង​​លើក​​ទី៣​នៅ​ខែ​​មិថុនា ហើយ​​កម្ពុជា​​បាន​​ប្រកាស​​បញ្ចប់​​កិច្ច​​ចរចារ​​នេះ​​​ជា​​ផ្លូវ​ការ​​នៅ​​ខែ​​កក្កដា ឆ្នាំ​​២០២០​ ស្រប​ពេល​​​ដែ​ល​​សភាព​​អឺរ៉ុប​​បាន​​ដក​​ផ្នែក​​ខ្លះ​​នៃ​​ប្រព័ន្ធ​​អនុគ្រោះ​ព​ន្ធ អ្វី​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ​ ឬ​ហៅ​កាត់​ថា EBA ពី​កម្ពុជា៕​​