(ភ្នំពេញ)៖ សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់​សមាជិក​ក្រុម​ខ្មែរថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​​​ចំនួន​៣​នាក់ ដែល​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ត្រូវ​បានចោទ​ពីបទ​ ​«ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​។​

មេធាវីការពារក្តីឲ្យ​សកម្មជនទាំ​ង៥នាក់ លោក លី សុចិត្រា បានប្រាប់  Newsroom Cambodia កាលពីថ្ងៃទី២០ ខែតុលា ​ក្រោយ​តុលាការ​បញ្ចប់​សវនាការ​​អសាធារណៈ​ថា តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​នៅ​ក្រៅឃុំ​នោះទេ ដោយ​​តុលាការ​លើកឡើង​ថា ទុកឲ្យ​តុលាការបន្ត​នីតិវិធី​ស៊ើប​សួរ​បន្ត។​

សកម្មជនសិទ្ធិមនុស្ស​ និងបរិស្ថានទាំង៥នាក់ដែលក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ និង អ្នកស្រី ឈឿន ដារ៉ាវី សមាជិក​ក្រុម​ខ្មែរ​​ថាវរៈ​​ ត្រូវ​​បាន​​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធ​​នឹ​ង​​​ការ​​​ចូលរួម​បាតុកម្ម​​​ ទាមទារ​ឱ្យ​ដោះ​លែង​​​​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន។  ហើយ​នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្ម​​ជន​​មាតា​ធម្មជាតិ​​ត្រូវ​​បា​ន​ចាប់​​ខ្លួន​​បន្ទាប់ពី​​ផ្សព្វផ្សាយ​​ព័ត៌មាន​​​​លើ​បណ្ដាញ​សង្គម​​អំពី​​គម្រោង​​​ដើរ​​​​ទៅ​​​កាន់​​​ផ្ទះ​​​នា​យក​​​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​ជុំវិញ​ការអភិវឌ្ឍ​បឹង​តាមោក ក្នុង​រាជ​ធានី​ភ្នំពេញ។​

បច្ចុប្បន្នអ្នកទាំង៥កំពុងស្ថិតក្រោមការ​ឃុំខ្លួនបណ្តោះអាសន្ន ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ «ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​ តាមបញ្ញត្តិមាត្រា៤៩៤​ និងមាត្រា៤៩៥​នៃក្រមព្រហ្មទណ្ឌ ​ដែលមានចែងពី​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះពី៦ខែ​ រហូត​ដល់​២ឆ្នាំ​ និងពិន័យជាប្រាក់​រហូតដល់​៤លានរៀល​។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ (CCHR) ប្រាប់ Newsroom Cambodia នៅព្រឹកថ្ងៃពុធទី២១តុលា​នេះថា សកម្មជន​ទាំង៥នាក់​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យនៅ​ក្រៅ​ឃុំ។ អ្នកស្រីបន្ថែម​ថា អ្នកទាំង៥​មិន​គួរ​ត្រួវបានចាប់ខ្លួនតាំងពី​ដំបូង​មកម៉្លេះ ដោយ​សារ​​ពួកគេ​គ្រាន់តែ​​អនុវត្ត​​សិទ្ធិ​ស្រប​ច្បាប់រ​បស់ខ្លួន​ក្នុងកា​រ​ជួបជុំ បញ្ចេញ​មតិ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ។​

អ្នកស្រីថា៖ «​សាលាឧទ្ធរណ៍​លោក​គួរ​តែ​ពិចារណា​ទៅ​លើ​ចំណុច​ពាក់ព័ន្ធ ហើយ​និង​ជា​ពិសេស​​​ពួកគាត់​គួរតែ​ត្រូវ​បាន​មើល​ឃើញ​ថា ជា​យុវជន​សកម្ម ជា​ពលរដ្ឋ​ដែល​គ្រាន់តែ​អនុវត្ត​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការបញ្ចេញ​មតិ ហើយ​នឹង​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នេះ​ចា៎»។

Newsroom Cambodia មិនទាន់អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ថ្មី​របស់​សាលា​ឧទ្ធរណ៍​បាន​នៅ​ឡើយ៕​