លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ដល់​​​ធនាគារ​ធំៗ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ បន្ត​យោគយល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ បន្ទាប់ពី​លោក​​បាន​ស្នើ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ក្នុង​អំឡុង​បញ្ហា​ជំងឺ​កូវីដ-១៩​ ម្ដង​រួច​មក​ហើយ។

ការ​អំពាវ​នាវ​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។  លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ លើកឡើងថា​៖ «ខ្ញុំ​អំពាវនាវ​សូម​កុំ​ឱ្យ​មាន​ការរឹបអូស​ទ្រព្យសម្បត្តិ ផ្ទះស​ម្បែង ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដំណាក់កាល​កូវីដ និង​នៅ​ក្នុង​ដំណាក់កាល​នៃ​គ្រោះ​ទឹ​​កជំនន់ សម្រាប់​អ្នក​ដែល​ប៉ះពាល់»។

ទន្ទឹម​នោះ លោក​ក៏​បាន​ព្រមាន​ដល់​អ្នក​ដែល​ធ្វើ​សកម្មភាព​ផ្សេងៗដោយ​​បង្កើត​ជា​ចលនា​ដកប្រាក់​ទាំងអស់​ពី​ធនាគារ​ និង​ចលនា​ប្រកាស​កុំ​ឲ្យ​ពលរដ្ឋ​សងលុយ​ធនាគារ​ជាដើម ដែល​លោក​ថា សកម្មភាពទាំង​​នេះ​​អាច​ធ្វើឱ្យធនាគារ​ស្រុក​ខ្មែរ​ដួល​រលំ។​

អ្នកស្រី យ៉េត វណ្ណនី អ្នកធ្វើស្រែចម្ការនៅខេត្តត្បូងឃ្មុំ ​ដែល​មាន​អាយុ​៤៥​ឆ្នាំ ប្រាប់ Newsroom Cambodia ពីផលលំបាកនៃ​ការ​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ថា ​ទឹកជំនន់​ទឹក​ភ្លៀង ធ្វើឱ្យ​ខូចខាត​ស្តែ​ចម្ការ​របស់​អ្នកស្រី​​​គ្រប់មុខ។ អ្នកស្រី​បន្ត​ថា  ខណៈ​ពេល​អ្នកស្រី​កំពុង​ចាប់ផ្ដើម​សាប​កូន​ថ្នាំ ភ្ជួររាស់ដី​រួចរាល់​អស់ ទឹក​ក៏​ឡើ​ង លិច ធ្វើឱ្យ​ការប្រមូល​ផល​ត្រូវ​ពន្យារ​ពេល​ក្នុង​ការប្រមូល  ហើយ​ពេល​ដែល​ទឹកស្រក​ទៅ​វិញ​អស់ ត្រូវធ្វើឡើង​វិញ​ម្ដង​ទៀត ដែល​ត្រូវ​ចំណាយ​ទុន​២ដង​។

អ្នកស្រីបន្ថែម​​ថា ក្នុងដំណើរការធ្វើ​ស្រែ​ចម្ការ​នេះ អ្នកស្រី​បាន​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​២,០០០​ដុល្លារ​ដើម្បីធ្វើដើទុន ដោយ​ក្នុង​មួយខែ​ត្រូវ​បង់​ទាំង​ការ និង​ដើម​ទៅ​ធនាគារ​វិញ​ចំនួន​១៥០,០០០​រៀល។

អ្នកស្រី​ថា៖ «ខាង​ធនាគារ​មិនមាន​ការបន្ធូរ​បន្ថយ​ឡើយ គឺ​យក​ដូច​សព្វ​ដង»។

ចំណែក​អ្នកស្រី វណ្ណ ឌី អាយុ​៣០ឆ្នាំ ជា​អ្នក​​លក់ដូរ​​​ រស់នៅ​ផ្ទះ​បង់​រំលោះក្នុ​ង​បុរីកួរ​ស្រូវ បាន​ប្រាប់ Newsroom Cambodia ថា ខណៈ​ពេល​ដែល​មាន​ទឹកជំនន់​ទឹក​ភ្លៀង​ ធ្វើឱ្យ​ មុខរបរ​រកស៊ី​ខាត​បង់​ លក់​មិន​កើត និង​គ្មាន​អ្នក​មក​ទិញ ដោយសារ​ទឹក​លិច​ចូល​ដល់​ក្នុង​ផ្ទះ។

អ្នកស្រីបញ្ជាក់​ថា៖ «ជា​ធម្មតា​មុខ​របរ​រកស៊ី​ រក​បាន​បង្វិល​ទៅ​បង្វិល​មក​ដើម្បី​បង់​ផ្ទះ នៅ​ពេល​ដែល​ជួប​បញ្ហា​បែប​នេះ​គឺ​វា​គាំង​គ្រប់​កន្លែង»។  ​

យ៉ាងណាក្តី​អ្នកស្រីមិន​អាច​ប្រាប់​ពី​ចំនួន​លុយ​ដែល​បាន​ខ្ចី​ពី​ធនាគារ​ថា​ប៉ុន្មាន​​នោះ​ទេ  ដោយ​គ្រាន់​តែ​ប្រាប់​ថា ក្នុង​មួយ​ខែ​ត្រូវ​បង់​ចំនួន​ប្រហែល​ជា​១ពាន់​ដុល្លារអាមេរិក។

ចាប់​ពី​ដើម​ខែ​តុលា​មក​ ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិ​ពល​ព្យុះ​ពី​ប្រទេស​វៀត​ណាម បណ្តាល​ឲ្យ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹក​ជំនន់​នៅរាជធានី​​ខេត្ត​​ប្រមាណជាច្រើន​​ នៅ​ទូទាំង​ប្រទេស។

បើ​តាម​របាយការណ៍របស់​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​បញ្ជាក់​​ថា គិត​ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា ដល់​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី​-ខេត្ត​ចំនួន១៩របស់​កម្ពុជា បាន​រង​ការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​នោះមាន​អ្នក​ស្លាប់​ចំនួន៣៤នាក់ និង​ប៉ះពាល់​ជាង​មួយ​ម៉ឺន​គ្រួសារ​៕​