ចៅក្រម​តុលាការកំពូល កាលព្រឹកថ្ងៃអង្គារ បាន​ច្រានចោល​ការទាមទារ​របស់​អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ី​សេរី​​ពី​រ​​រូប ដែល​​ប្ដឹង​ជំទាស់នឹ​ង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ទាក់ទង​​នឹ​ងការ​បើក​ការស៊ើបអង្កេត​ឡើងវិញ​​លើ​សំណុំ​រឿង​​របស់​ពួក​គេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យាង សុធារិន្ទ អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី។​

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានបញ្ជា​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​​នូវ​​សំណុំ​​រឿង​​របស់​​ពួកគេ ដែល​ត្រូវ​បាន​ចោទ​​ពី​បទ​​ចារកម្ម​​បម្រើ​​ឱ្យ​រ​ដ្ឋ​បរទេស​ ប៉ុន្តែ​អ្នកទាំងពីរ​បាន​​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ និងតុលាការកំពូល​ជាបន្តបន្ទាប់ ដោយ​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ។

​តុលាការកំពូលកាលពីថ្ងៃទី២២ ខែ​តុលា ​បាន​ជំនុំជម្រះ​​បណ្ដឹង​សារទុក្ខ​របស់អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរីទាំង២ ដែល​ប្ដឹង​ប្រឆាំង​នឹង​ការសម្រេច​សាលាដំបូង និង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​ដែល​បាន​ចេញ ​«សាល​ដីកា​ចាត់​របៀប»​ ឲ្យ​បន្ត​កិច្ច​ស៊ើបសួរ​ ដោយ​​មិន​កំណត់ ​រយៈពេល​ជាក់​លាក់។

លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​វិទ្យ​អាស៊ី​សេរី មួយ​រូប​ដែល​កំពុង​ត្រូវ​បាន​ចិទ​ប្រកាន់​ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះថា ប្រធាន​​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​នៃ​​តុលាការ​កំពូល លោក និល ណុន បាន​សម្រេច​​តម្កល់​​សេចក្ដី​​សម្រេច​​រប​ស់​តុលាការ​ថ្នាក់ក្រោម​ទុកជា​បានការ​ដដែល និង​ឱ្យ​បើក​ការស៊ើបអង្កេតឡើង​វិញ ក្រោម​មូល​ហេតុ​ថា ការសម្រេច​របស់​ចៅក្រម​សាលាដំ​បូង​គឺធ្វើឡើង​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ ហើយ​ដែល​តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុងការសម្រេចបែបនេះ នេះបើតាម លោក យាង សុធារិន្ទថ្លែងប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃដដែល។​ 

លោក យាង សុ​ធារិ​ន្ទ បន្ថែម​ថា ពេល​តុលាការ​កំពូល​សម្រេច​បែប​នេះ​ ធ្វើ​ឲ្យ​សំណុំ​រឿង​​លោក និង​លោក អួន ឈិន អូស​បន្លាយ​កាន់​តែយូរ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ផល​ប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ ខាតពេលវេ​លា ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការដើរហើរ និងសតិអារម្មណ៍របស់​ពួក​លោក ព្រមទាំង​ក្រុមគ្រួសារ។​

«ពេលវា​អត់​មាន​ការដាក់​កំណត់​ជាក់លាក់​ពី​ការស៊ើប​អង្កេត​អីចឹ​ង​ទៅ​ វា​ធ្វើ​ឲ្យ​សំណុំ​រឿង​ពួកខ្ញុំ​ហ្នឹង​កាន់​តែ​អូស​បន្លាយ​យូរ ដោយ​យើង​មិន​ដឹង​ភាព​ពិតប្រាកដ​ថា វា​ត្រូវ​បញ្ចប់​នៅពេ​ល​ណា»។​

លោកបន្ថែមថា៖ «នៅពេល​ដែល​យើង​រស់​នៅឋិ​ត​នៅ​ក្រោមការឃ្លាំមើល​របស់​តុលាការ ហើយ​សេរីភាព​របស់​យើង​ត្រូវ រឹតត្បិត​តាមរយៈ​​ការដក​ហូត​លិខិត​ឆ្លងដែន​មិន​ឲ្យ​យើង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស […] ហើយ​មួយទៀ​ត​វា​ប៉ះពាល់ដ​ល់ពេល​វេលា ការរស់នៅ​របស់​យើង សតិ​អារម្មណ៍​ក្រុមគ្រួសារ​កូនចៅ​រប​ស់យើង»។

ថ្លែងប្រាប់ Newsroom Cambodia នៅរសៀលថ្ងៃទី២៧ ខែតុលា នេះ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ   សម្ព័ន្ធ​អ្ន​ក​សារព័ត៌មាន​​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា  ​បាន​ចាត់​​ទុក​​ការ​សម្រេច​របស់​​តុលាការ​​កំពូល​ថា នៅ​តែជា​ការដាក់​បន្ទុក​ដល់​អ្នកទាំងពីរ និង​បាន​រិតត្បិត​សេរីភាព​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នកសារព័ត៌មាន។

លោកថា៖ «វាជាការ​បន្ត​ដាក់​បន្ទុក ហើយមាន​ន័យ​ថា ស្ថានភាព​នៃ​ការអនុវត្ត​សេរីភាព​របស់​អ្នកសារ​ព័ត៌មាន​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​កន្លង​មក​ហ្នឹង ​នៅតែ​មិនត្រូវបាន​គេលើក​កម្ពស់​ មិនត្រូវ​បាន​គេ​ផ្តល់​ការការពារ​ដដែល បាទ​ជា​ពិសេស​គឺ​រឿងទា​ក់ទ​ងនឹង​ផ្លូវ​ច្បាប់​នៃ​ប្រព័ន្ធ​តុលាការ»។

Newsroom Cambodia បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ តែទូរស័ព្ទចូលពុំមានអ្នកទទួល។​

អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីររូបគឺលោក អ៊ួន ឈិន និង​លោក យាង       សុ​ធារិ​ន្ទ ហៅ​ យាង​ សុ​ជា​មេត្តា ត្រូវ​​បាន​​សមត្ថកិច្ច​​ចាប់ ​និ​ង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ ឆ្នាំ ​២០១៧​​ ​ ដោយ​ត្រូវបា​នសា​លាដំ​បូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ​ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។​ ក្រោយ​មក តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ​គឺ​ពី​បទ ​«ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»​ និង​​បទ «ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារអស់​រយៈពេល​ជិត​ដប់​ខែមក៕