ស្ថានទូតចិន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីឆ្នាំនេះតទៅ ក្រសួងធនធានទឹករបស់ខ្លួននឹងចែករំលែកព័ត៌មានជលសាស្ត្រ ឬទិន្នន័យទឹកទន្លេឡានឆាងពេញមួយឆ្នាំជាមួយនឹងបណ្តាប្រទេសលើដងទន្លេមេគង្ដ​ចំពេលមានការព្រួយបារម្ភថាទំនប់វារីអគ្គិសនីចិនបានបណ្តាលឱ្យមានគ្រោះរាំងស្ងួតនៅផ្នែកខាងក្រោម។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយលើទំព័ហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រសួងធនធានទឹកចិនបានចាប់ផ្តើមពិគ្រោះយោបល់អំពីបច្ចេកទេសជាមួយនឹងបណ្តាប្រទេសលើដងទន្លេមេគង្គ និងបានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ស្តីអំពីភាគីចិនផ្តល់ជូនព័ត៌មានជលសាស្ត្ររបស់ទន្លេឡានឆាងពេញមួយឆ្នាំដល់ប្រទេសសមាជិកចំនួន៥ផ្សេងទៀត ដោយស្ថិតក្រោមយន្តការក្រុមការងារចម្រុះកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «យោងតាមអនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ក្រសួងធនធានទឹកផ្តល់ព័ត៌មានជលសាស្រ្តពេញមួយឆ្នាំនៃស្ថានីយ៍ជលសាស្ត្រអន្តរជាតិ ចំនួន២ ពោលគឺ Yunjinghong និង Man’an នៃទន្លេឡានឆាងជាផ្លូវការ ដល់ប្រទេសដែលមានទន្លេមេគង្គហូរកាត់ទាំងប្រាំ និងគណៈកម្មាធិការទន្លេមេគង្គដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ»។

ប្រទេសនៅលើអាងទន្លេមេគង្គក្រោមមានដូចជាប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកកាំង ឈ្មោះថា Eyes on Earth ដែលផ្សាយក្នុងខែមេសា ឆ្នាំ២០២០ បានអះអាងថាប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។

រដ្ឋាភិបាលចិនបានបដិសេធការចោទប្រកាន់់នេះ ដោយលើកឡើងថាការរាំងស្ងួតគឺ ដោយសារអាកាសធាតុ៕