ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩មួយករណីទៀត បន្ទាប់ពីការធ្វើតេស្តជាលើកទី២ លើស្រ្តីជនជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រ្តីជនជាតិអាមេរិកកាំងនេះមានអាយុ៣៥ឆ្នាំ ហើយស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០។

ការរកឃើញនេះ គឺក្រោយពីបានធ្វើតេស្ត​លើវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ ហើយបច្ចុប្បន្ន គាត់កំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះយោងតាមក្រសួងសុខាភិបាល៕