សហរដ្ឋអាមេរិក​ប្រកាស​ផ្តល់​ជំនួយ​១៥០លានដុល្លា​​ដល់​​​ប្រ​ទេស​ទន្លេ​មេគង្គ​ចំនួន​ប្រាំ​ ដែល​កំពុង​​ជួប​ប្រទះ​ការគំរាម​កំហែង​​ដោយ​គ្រោះ​រាំង​ស្ងួត ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ជំងឺ​រាតត្បាត​សកល​។  

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗ​នេះ​បាន​ប្រកាស​អំពី​គ​ម្រោង​ភាព​ជា​ដៃ​គូរវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដោយ​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​១៥០លានដុល្លា ដើម្បីគាំ​ទ្រ​ភាព​ស្វ័យ​គ្រប់គ្រង និង​ភាព​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ចំនួនប្រាំ ដែល​ស្ថិតនៅ​តាម​ដងទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ ​វៀតណាម និង​ប្រទេស​កម្ពុជា​ផងដែរ។​

បើតាមសេចក្ដីថ្លែងការណ៍របស់លោក Pompeo ​កាលពីថ្ងៃ ១៤ កញ្ញា បញ្ជាក់​ថា​៖ «ភាព​ជា​ដៃគូ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ទន្លេមេគង្គ មានកា​រតាំង​ចិត្ត​ដើម្បី​ស្វ័យភាព ឯករាជ្យ​ភាព​សេដ្ឋ​កិច្ច អភិបាល​កិច្ច​ល្អ និង ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជាមួយ​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ»។

ក្នុង​ការគាំទ្រ​នេះ សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​៥៤​លាន​ដុល្លារ​សម្រាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ៥២​លាន​ដុល្លា​រ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩  ៣៣លា​ន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ទីផ្សារ​ថាមពល និង​២​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស៕​