Newsroom Cambodia

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌សម្រាប់កុមារកម្ពុជា ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ

ផ្ទាំង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កុមារអង្គរ។ (រូបភាព៖ ទំព័រហ្វេសប៊ុក Angkor Hospital for Children)

យុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុង​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​ «តោះ​លេង​ហ្គេម#​១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា» ដែល​បង្កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​សប្បុរស​ធម៌ ទទួល​​បាន​​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​ បើ​គិតត្រឹមថ្ងៃ​សុក្រ​ម្សិលមិញ។​

យោងតាម​លិខិត​ថ្លែងអំណរគុណ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ «តោះ​លេង​ហ្គេម#១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា​​» បាន​ចាប់ផ្ដើម​កាលពី​ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី១៣ ម្សិលមិញ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧,៨០៣.៩៣​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះមា​នទឹកប្រាក់ចំនួន​២៦៦​,៤៨៥.៨៩​ដុល្លារ​អា​មេរិក បាន​មក​ពី​ការបរិច្ចាគ​​តាម​រ​យៈ​យុទ្ធនាការ «តោះលេ​ង​ហ្គេម​#១ដុល្លារ​ដើម្បី​កុមារ​កម្ពុជា»។

នៅ​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ ព្រឹត្តិការណ៍​រត់​ដើម្បីម​នុស្សធ​ម៌ជាមួយ​សាយ មាន​ការគាំទ្រ​ពី​មហាជន​ទូទៅ​យ៉ាង​ផុសផុល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​​បាន​ផុសរូប​ខ្លួន​១​សន្លឹក​ភ្ជាប់​ជាមួយ​ការថតស្រ្គីន​គណនី​ធនាគារ​​ព្រមជាមួយ​ការ​​បរិច្ចាគ​ថវិកា​១ដុល្លារ​អាមេរិក​សម្រាប់​ព្រឹត្តិការណ៍​នេះ។

លិខិតដដែល​បន្ថែម​ថា​ យុទ្ធនាការនេះ មាន​គោលបំណង​ជំរុញ និង​បំផុស​ស្មារតី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គ្នា​ប​រិច្ចាគ​ថវិកា​ចំនួន​១ដុល្លា មក​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​បន្ត​ប្រតិបត្តិការ​សេវា​ព្យាបាល និង​ថែរទាំ​​ដល់​កុមារ​កម្ពុជា​តទៅ​មុខ​ទៀត ខណៈ​ដែល​មន្ទីរពេទ្យ​កំពុ​ងតែ​ជួប​ការលំបាក​ក្នុង​ការស្វែង​រក​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​

«ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ជាមួយសាយ»  បានចាប់ផ្ដើមនៅថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២១ ហើយការរត់នេះ គឺ​តារាចម្រៀង​ឈ្មោះ​ អ៊ួន បឋម ហៅ​សាយ ​រត់តែម្នាក់​ឯង​តាម​បណ្ដាយផ្លូ​វ​ជុំវិញ​ព្រំដែន​ប្រទេស​កម្ពុជា សរុប​រយៈពេល​៩៩ថ្ងៃ។

កាលពី​ខែធ្នូ ឆ្នាំ២០១៩ ​​​លោក នឹម ឈុន្នី សហស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះ​បណ្តាល Vipassa ​ធ្លាប់​បានដាក់គោលដៅរត់ចម្ងាយ​៣១៤គីឡូម៉ែត្រ ដោយប្រើពេលវេលា​១០ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ចំនួន ១០ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប​ផង​ដែរ​៕

Exit mobile version