ក្រសួងទេសចរណ៍​​នៅ​​​ថ្ងៃទី​​១៥​ ខែ​មិថុនា​នេះ​ ​បាន​​ប្រកាស​​​​ចាប់​ផ្តើម​ទទួល​ពាក្យ​ប្រឡង​ជ្រើស​រើស​បេក្ខជន​ចូល​​បម្រើ​ការ​ងារ​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​ប្រចាំ​ឆ្នាំ​​២០២១​​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ ​ រហូត​ដល់​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២១​​​។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​ចេញដោយ​គណ:កម្មធិការ​ប្រឡង​​នៃ​ក្រសួង​ទេសចរណ៍​ លោក​ ទិត​ ចន្ថា បាន​បញ្ជាក់​​អំពី​គោល​ការណ៍​ចំបាច់​៦​​យ៉ាង​ដែល​បេក្ខជន​ ឬបេក្ខនារី​ដែល​មាន​បំណង​ចង់​ធ្វើ​ការងារ​ក្នុង​ក្រសួង​ទេសចរណ៍។​​

​​​លក្ខខណ្ឌ​ទាំង​៦​នោះ​រួមមាន​ ទី​១​ បេក្ខជន​អាច​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​ក្រសួង​ទេសចរណ៍​ និង​​មន្ទីរ​​ទេសចរណ៍​​រាជ​ធានី​​ខេត្ត​​ដែល​​បាន​​ជ្រើស​​រើស​​ ឬ​​​ដាក់​​ពាក្យ​​តាម​​អនឡាញ​ (Online)​ តាម​រយ:​  QR-Code។ ​ទី​២ ត្រូវ​ធានា​ថា ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ទាំង​ពីរ​លើក​រួច​ហើយ​។ ទី​៣ ត្រូវ​យក​កាត​ឬ​ លិខិត​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់​សាំង​មក​ជាមួយ​នៅ​ថ្ងៃ​ប្រឡង​។​ ទី​៤​ ត្រូវ​មាន​លិខិត​បញ្ជាក់​ចេញ​ពី​ក្រសួង​សុខា​ភិបាល​ ចំពោះ​បេក្ខជន​ដែល​មែន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ ទី​៥ ចំពោះ​បេក្ខជន​ណា​ដែល​មិន​មាន​លិខិត​បញ្ជាក់​​សុខភាព​ពី​ក្រសួង​សុខាភិបាល​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​ឡើយ​។​ ទី​៦ កាលបរិច្ឆេទ​ និង​មណ្ឌល​ប្រឡង​នឹង​បញ្ជាក់់​នៅ​ពេល​ក្រោយ​។​

គួរ​បញ្ជាក់​​​ថា នេះ​ជា​ការ​ប្រកាស​ជ្រើសរើស​​ឲ្យ​ចូល​ប្រឡង​ជាលើកទី​ពីរ បន្ទាប់​ពី​ក្រសួង​ទេសចរណ៍​បាន​ពន្យាពេល​ទទួល​ពាក្យ​សុំសិទ្ធិចូល​រួម​ប្រឡង​ជ្រើស​រើស​បេក្ខជន​ សម្រាប់ឆ្នាំ​២០២១​នេះ​ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​​៕​