សកម្មជន​បរិស្ថាន​​បាន​​ស្នើសុំ​រដ្ឋាភិបាល​ ឲ្យ​​ចេញ​ផ្សាយ​​​របាយការណ៍​​ស្តី​​ពី​​ការ​​សិក្សា​ និង​​​វាយ​​តម្លៃ​​ផល​ប៉ះពាល់​​​​​បរិស្ថាន​ និង​​សង្គម​ (EIA &ESIA) ជាសាធារណៈ​​ ​នៅ​រៀងរាល់​មុនពេល​អនុញ្ញាត​​ឱ្យ​​​មានការ​ធ្វើ​​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ការ​​ទាញ​​យក​ធនធាន​ធម្មជាតិ​ ខណ:អាជីវកម្ម​រ៉ែ​មាស​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រតិបត្តិការ​នាពេល​ខាង​មុខ​។

សំណើ​​របស់​សកម្មជនបរិស្ថាន ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​អនុញ្ញាតឲ្យ​ក្រុម​ហ៊ុន​បរទេស​មួយ ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​ក្នុង​ខេត្ត​មណ្ឌល​គិរី។​

សកម្មជន​ការពារ​បរិស្ថាន លោក សាន​ ម៉ាឡា បាន​​ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា​ ការ​ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ដំណើរ​ការ​ការ​រុក​រក​រ៉ែ​មាស​ លើ​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី​ថា រាល់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​​ការប្រើ​ប្រាស់​ធនធាន​ធម្មជា​តិ​ គប្បី​ត្រូវមាន​ការ​ចេញ​ជា​សាធារណ: ស្តីពី​របាយ​ការណ៍​​នៃ​ការ​វាយ​តម្លៃ​ពី​​ផល​ប៉ះ​ពាល់​បរិស្ថាន​ និង​សង្គម ​ដែល​ហៅ​កាត់​ថា (EIA & ESIA) ដើម្បីជៀស​វាង​គ្រោះ​ថ្នាក់​ផ្សេង​ៗក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​រុក​រក​រ៉ែ​មាស​នេះ​។

លោក​ ម៉ា​​ឡា​ បញ្ជាក់​​ថា​៖ «ការ​ប្រគល់​តំបន់​រ៉ែមាស​ឱ្យ​ទៅ​ក្រុមហ៊ុន​អូស្រ្តាលី ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​នេះ​ ខ្ញុំ​គិត​ថា​ការ​ដែល​សំខាន់​បំផុត​គឺ​​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​តម្លាភាព​ដែល​គ្រប់​គ្នា​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ដំណើរ​ការ​ទាញ​យក​មួយនេះ​។ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​គ្មាន​អំពើ​ពុករលួយ​ ជាហេតុ​ធ្វើ​ឱ្យ​រដ្ឋយើង​ទាំង​មូល​ទាញ​បាន​នូវ​មូលហេតុ​ពិត​ប្រាកដ​ពី​រ៉ែមាស​ និង​​កុំ​ឱ្យ​មាន​រឿង​អាស្រូវ​កន្លង​មក​ដូច​ជា​ ធនធាន​ពី​ព្រៃឈើ​ និងធនធាន​ខ្សាច់​ជាដើម​»។

គម្រោង​ទាញ​យក​រ៉ែ​មាស ដែល​គេ​រំពឹង​ថា​អាច​ទទួល​បាន​ចំណូល​​គិត​ជា​មធ្យម​​ប្រមាណ​​​៤០​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សកម្មជន​បរិស្ថាន​រូបនេះ​បង្ហាញ​​ការ​ជឿ​ជាក់​ថា​ កម្ពុជា​ពិត​ជា​មាន​ឱកាស​​អាច​ទាញ​យក​ផល​ចំណេញ​​​ពី​ធនធាន​មាស​មួយ​នេះ​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ និង​ជួយ​ដល់​ប្រជាជន​មូលដ្ឋាន​បាន​ផង​ដែរ។ លោក​ថា ការ​អភិវឌ្ឍ និង​ជួយ​ប្រជាជន​បាន លុះ​ត្រា​មាន​ការ​រៀបចំ​បាន​ល្អ​ពី​ខាង​រាជរដ្ឋាភិបាល​ និង​ជួយ​ដោះស្រាយ​ដល់​ជីវភាព​របស់​បណ្តា​អតីត​ក្រុម​គ្រួសារ​ណា​ដែលធ្លាប់​ប្រកបរបរ​​រែង​យក​រ៉ែ​មាស​ពី​មុន​ ដោយ​មាន​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវ:ណាផ្សេង​ដល់ពួក​គាត់​ ដើម្បី​ឱ្យ​ពួកគាត់​អាច​រក​ការងារ​ផ្សេង​ធ្វើ​ជំនួស​ពី​ការ​រក​រ៉ែ​មាស​នេះ​។ ​​

​យោង​​តាម​សេចក្តី​ប្រកាស​​របស់​រាជរដ្ឋាភិបាល​​ចេញ​​​កាល​ពី​ថ្ងៃទី​១០​ ខែ​​មិថុនា​ កន្លងទៅ​បញ្ជាក់​​ រដ្ឋាភិបាល​​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​អូស្រ្តាលី​ ដែល​មានឈ្មោះ​ថា​ រ៉ីនេសង់ មីនើរ៉ល​ (ខេមបូឌា)​ លីមីតធីត​ ធ្វើ​ការ​រុក​រក​រ៉ែមាស​ក្នុង​ខេត្ត​មណ្ឌល​គិរី ដែល​អាច​ផលិត​បាន​ជា​មាស​ប្រមាណ​​៣​​តោន​ក្នុង​មួយឆ្នាំ។ សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា ការ​រុករក​រ៉ែ​មាស​នេះ​នឹង​ត្រូវ​​ ​ចំណាយ​​ពេល​ដល់​ទៅ​​​១៤​ឆ្នាំ​ ដែល​សម្រេច​បាន​ទៅ​តាម​បទដ្ឋាន​បច្ចេកវិទ្យា​មួយ​​មាន​លក្ខណ:​ស្តង់​​ដារ​​ខ្ពស់ ។

រដ្ឋាភិបាល​ក៏​បាន​​​រំឮក​​​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រកប​របរ​​រុក​រក​រ៉ែ​មាស​នេះ​ ដោយថា​​ ​វា​ទាមទារ​ឲ្យ​មាន​​​ដើម​ទុន​ច្រើន​ និង​​មាន​គ្រោះ​ថ្នាក់​ប្រសិន​បើ​គ្មាន​ការ​សិក្សា ​និង​ជំនាញ​ច្បាស់​លាស់​។

ជុំវិញ​ការ​ទាម​ទារ​របស់​សកម្មជន​បរិស្ថាន​​ឱ្យ​មា​ន​ការ​បង្ហាញ​​របាយការណ៍​វាយ​តម្លៃ​ផលប៉ះពាល់​​​បរិស្ថាន​ និង​សង្គម​ ​ជាសាធារណៈ អ្នកនាំពាក្យ​ទទួល​បន្ទុក​ខាង​ក្រសួង​ធនធានរ៉ែ​ លោក រស់​ មុន្នីរ៉ាត​ បដិសេធ​មិន​ធ្វល​ការ​អត្ថាធិប្បាយ ដោយ​លោក​បាន​រុញ​ទៅ​ឱ្យសួរ​​ក្រសួង​បរិស្ថាន​​។

​លោក​បញ្ជាក់យ៉ាងខ្លី​​ថា​៖ «ក្រុមហ៊ុន​នេះ​មុន​នឹង​គេ​ទទួល​បាន​​អាជ្ញាបណ្ណ​ចាប់​ផ្តើម​នៃ​អាជីវកម្ម​នេះ​ គេ​បានធ្វើ​រហូត​ដល់​ Fully IA ដែលមាន​ការ​អនុម័ត​ចេញ​ពី​ក្រសួង​បរិស្ថាន​ត្រឹម​ត្រូវ​»។

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​លោក នេត្រ​ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថានជាច្រើន​ថ្ងៃ តែមិនមានការ​ឆ្លើយ​តប​។​​

បើតាម​​លោក​ សាន ម៉ាឡា​ កន្លង​មក​ធ្លាប់មាន​រឿង​អាស្រូវ​ថា​ មាន​ក្រុមហ៊ុន​រ៉ែ​មួយចំនួន​បាន​បង្ហូរ​កាកសំណល់​របស់ខ្លួន​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​របស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ប្រើ​ប្រាស់​ផ្ទាល់​ និង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​​ ​ដូចជា​ រោគ​សើរស្បែក ​និងបាន​ប៉ះពាល់​ដល់​​អាយុជីវិត​ទៀត​ផង​៕​