​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ទទួល​បាន​ចំណាត់​ថ្នាក់​​កម្រិត​ពិ​ភព​លោកលើ​ផ្នែក​កម្ម​វិធី​សិក្សា​សហ​គ្រិន​ភាព កម្មវិធី​បណ្តុះ​តម្លៃ​សីល​ធម៌សង្គម​ និង​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ពេល​មាន​វិ​បត្តិ​​ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​ចំនួន​៥០។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​​ក្រសួង​អប់​រំ​យុវ​ជន​និង​កី​ឡា។

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ចេញ​​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ បញ្ជាក់ថា ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​​​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​សាកល​វិទ្យា​ល័យ​កម្រិត​​ពិភពលោក ដោយ​គណៈកម្មការ​សម្ព័ន្ធ​សាកល​វិទ្យា​ល័យ​ពិ​ភព​លោក​។

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា​៖ ​«ក្រសួង​អប់​រំ យុវ​ជន និង​កីឡា សូម​វាយ​តម្លៃ​ខ្ពស់ ​និង​សម្តែង​ការ​កោត​សរសើរចំពោះ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ដែល​ទទួល​ចំណាត់​ថ្នាក់​ដ៏​ប្រពៃ​នេះក្នុង​ឆាក​អន្តរ​ជាតិ»។

យោង​តាម​សេចក្តី​ប្រកាស​ខាង​លើ​នោះបន្ថែម​​ថា ​គណៈ​កម្ម​ការ​សម្ព័ន្ធ​សាកល​វិទ្យា​ល័យ​ពិ​ភព​លោក ​បាន​ផ្តល់​ចំណាត់​ថ្នាក់​សាកល​​​វិទ្យា​ល័យ​កំពូល​ជូន​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​​លើ​​ការ​សម្រេច​បាន​នាវា​នុវត្តន៍ឆ្នើម​លើ​បី​កម្ម​វិធី ​ពោល​គឺ​កម្មវិធី​សិក្សា​សហ​គ្រិន​ភាព​ទទួល​បាន​ចំណាត់​ថ្នាក់​២៦ក្នុង​ចំណោម​៥០ កម្មវិធី​បណ្តុះ​សីល​ធម៌សង្គម​ទទួលបាន​ចំណាត់​​ថ្នាក់​៣៧ក្នុង​ចំណោម​៥០ និង​កម្មវិធី​គ្រប់​គ្រង​ក្នុង​ពេល​មាន​វិបត្តិ​ទទួល​បាន​ចំណាត់​ថ្នាក់​៣៣ក្នុង​ចំណោម​៥០។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ភ្ជាប់​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​នេះ​​លើ​ទិដ្ឋភាព​សំខាន់ៗរួម​មាន ការ​ចូលរួម​កែលម្អរ​កម្មវិធី​សិក្សា​ ការ​បង្រៀន ​និង​ស្រាវ​ជ្រាវ សហប្រតិបត្តិ​ការ​ជា​ដៃគូ​ ការ​ស្រាវជ្រាវ​នៅកម្រិត​ឧត្តម​សិក្សា​ និង​បង្កើត​ឱ​កាស​នៃ​ការ​ប្រកួត​ប្រជែង​ថ្មី​ៗ​ជាដើម។

សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ជា​សាកល​វិទ្យា​ល័យ​រដ្ឋ​ដ៏ចំណាស់​មួយ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៣។ បច្ចុប្បន្ន​នេះ​ សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​បាន​ដាក់​ចេញ​នូវ​បន្ទាត់​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​ ការ​លើកកម្ពស់​គុណ​ភាព​អប់​រំ និង​ការ​ស្រាវ​ជ្រាវ​​នៅ​កម្រិត​ឧត្តម​សិក្សា​ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុង​យុគ្គសម័យ​បដិវត្ត​ឧស្សា​ហកម្ម​៤.០។ នេះ​បើ​​​តាម​សេចក្តី​​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​អប់រំ​៕