ក្រសួងអប់រំ​ យុវជន និង​កីឡា​​​នៅ​​​ថ្ងៃទី​​១៥​ ខែ​មិថុនា​នេះ​ ​បាន​​ប្រកាស​​ជ្រើស​រើសនិស្សិត​​អាហារូបករណ៍ថ្នាក់​ឧត្តម​សិក្សា ​ទៅសិក្សា​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ ដោយ​ចាប់​ផ្តើ​មទទួល​ពាក្យ​រហូត​ដល់​ថ្ងៃទី​១៧ ខែ​សីហា ​ឆ្នាំ​២០២១។​​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់​រំ​ យុវ​ជ​ន និង​កីឡា​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា​ ឆ្នាំ២០២១​នេះ ​បាន​ឱ្យដឹង​ថា ក្រសួង​នឹង​​ជ្រើសរើ​សនិស្សិត​​​អាហារូបករណ៍ថ្នាក់ឧត្តម​សិក្សា​ និង​ប្រឡង​ជ្រើស​រើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​​ចំនួន​១២០នាក់​​​ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម។

សេចក្តីជូនដំណឹងខាងលើ​នោះ​បាន​បញ្ជាក់ថា ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​មាន​ថ្នាក់​បណ្ឌិត​(Ph.D) និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​(Master) នឹង​ត្រូវ​បាន​ជ្រើស​រើសមាន​ចំនួន​២០​នាក់​​ដោយ​មិន​ឆ្លង​កាត់​ការ​ប្រឡង​ឡើយ ​តែត្រូវ​ឆ្លង​កាត់​ការ​ជ្រើស​រើស​ដោយ​គណៈកម្មការ​របស់​ក្រសួង​អប់​រំ​ យុវជន និងកីឡា ជាមួយនឹង​​លក្ខខណ្ឌ​ដូច​បាន​កំណត់ក្នុង​សេចក្តីជូន​ដំណឹង​។​​ ផ្ទុយទៅវិញ​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០០​នាក់​ នោះនឹង​ត្រូវ​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស​លើ​មុខ​វិជ្ជា​វប្បធម៌​ទូទៅ​និង​គណិត​វិទ្យាដែល​មាន​រយៈ​ពេល​៣ម៉ោង​។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បន្ថែម​ថា ​សម្រាប់​បេក្ខជន​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​រៀន​ថ្នាក់​បណ្ឌិត​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​តម្រូវឲ្យ​​មាន​សញ្ជាតិ​ខ្មែរ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​មកពី​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មាន​អាយុ​មិនលើស​ពី​៤០ឆ្នាំ​ និង​មាន​សុខភាព​ កាយសម្បទា​ និង​សតិបញ្ញា​ល្អ និង​ឯកសារ​តម្រូវ​មួយ​ចំនួនទៀត​។​

សេចក្តីជូនដំណឹងដដែល​បាន​បញ្ជាក់ទៀតថា សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​បេក្ខជន​ត្រូវ​មាន​អាយុ​មិនលើស​​៣០ឆ្នាំ ​និង​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬសញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ ជាពិសេស​ប្រសិន​បើ​ជា​មន្ត្រី​រាជ​ការ​ត្រូវ​មាន​សេចក្តី​បញ្ជាក់​ពីអង្គភាព​។

ការស្វែង​រក​ពាក្យ​សុំ​ប្រឡង​ និង​ការ​ដាក់​ពាក្យ​សម្រាប់​កម្មវិធី​អាហា​រូបករណ៍ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​​សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២នេះ ក្រសួង​អនុញ្ញាត​ឱ្យទាញយក​ពាក្យសុំ​ប្រឡង​និង​​បំពេញ​ រួច​ផ្ញើ​ទៅ​កាន់​ការិយាល័យ​អាហា​រូបករណ៍​ និង​កម្មសិក្សា​តាម​រយៈ​តេឡេ​ក្រាម​ ដែល​មាន​លេខទូរសព្ទ ០១២ ៦៧៧ ៤៣៣៕