លោកប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាប្រ​ជា​ធិប​តេយ្យគឺជា​​ប្រ​ព័ន្ធ​ ឬ​ក៏​របប​ន​យោ​បាយ​ដែល​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​ធំ​មាន​អំណាច​ក្នុង​ដៃ​ដើម្បី​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ ហើយលទ្ធិប្រជាធិបតេយ្យ​នេះក៏បានធ្វើ​ឱ្យកម្ពុជា​ផ្លាស់​ប្តូរ​របបនយោបាយ​សេដ្ឋកិច្ច​ផែន​ការ​មកជា​សេដ្ឋ​កិច្ច​ទីផ្សារ​សេរី ​បើកឱកាសឱ្យប្រទេស​​អាចរកស៊ីជួញ​ដូរជា​មួយ​ប្រទេស​ផ្សេងៗផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាសំណួរ ចំលើយ​ (Q&A) ជាមួយលោកញឹក ឆន្នី សិក្ខាកាមនៃ Newsroom Cambodia លោកប៉ា ចាន់រឿនបានបន្តថាស្ថានភាព​ប្រជា​ធិបតេយ្យបាន «ដាំក្បាលធ្លាក់ចុះ​គួរឱ្យព្រួយបារម្ភ»​ ក្នុងមួយរយៈពេលចុងក្រោយនេះ ជាពិសេសមកលើវិស័យសារព័ត៍មាន។

លោកញឹក ឆន្នី៖ ជម្រាបសួរលោក ប៉ា ចាន់រឿន

លោកប៉ា ចាន់រឿន៖ បាទ ជម្រាបសួរ

លោកញឹក ឆន្នីជា​ដំបូងខ្ញុំសុំសួរលោកថា តើ​អ្វី​ទៅជា​ប្រជា​ធិប​តេយ្យ​?

ប៉ា ចាន់រឿន៖ ប្រ​ជា​ធិប​តេយ្យ​វា​មាន​និយម​ន័យ​ច្រើន​ប៉ុន្តែ​បើយើង​និយាយ​ជារួម​ថា​ ​ប្រ​ជា​ធិប​តេយ្យ​ហ្នឹង​គឺ​សំ​ដៅ​ទៅ​លើ​ប្រ​ព័ន្ធ​ ឬ​ក៏​របប​ន​យោ​បាយ​ដែល​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​ធំ​​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រ​ជា​ពល​រដ្ឋ​ៗ​​រួម​គ្នា​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ទាំង​តំណាង​រាស្ត្រ​​ និង​តំ​ណាង​អ្នក​ដឹក​នាំ​កំពូល​ដើម្បី​យកមក​ធ្វើ​កិច្ច​ការ​ងារ​ចំពោះ​ពួក​គាត់​ទាំង​នៅ​ក្នុង​ការ​សម្រេច​ចិត្តទាំង​ការ​អនុ​វត្ត ​និង​ការ​ងារ​ដទៃ​នៅ​ក្នុង​សង្គម​ យើង​អាច​សង្ខេប​ជារួម​មក​ប្រ​ជា​ធិប​តេយ្យ​គឺ​ជា​ប្រ​ព័ន្ធ​នយោបាយ​ដែល​ធ្វើ​ដើម្បី​​ប្រជា​ពលរដ្ឋ​ និង​ជា​របប​នយោបាយ​ដែល​មាន​អ្នក​ដឹក​នាំដែល​ជ្រើស​តាង​ដោយ​ប្រជា​ពលរដ្ឋ​ផ្តល់​តែ​ម្តង​ ។

លោក ញឹក ឆន្នី៖ តើ​ប្រ​ជា​ធិប​តេយ្យ​ចូល​មក​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​យើង​តាំង​ពី​ពេល​ណា​ និងដោយ​របៀប​ណា​ដែរ?

លោក ប៉ា ចាន់រឿន៖ ប្រសិនបើយើងក្រឡេកមើលប្រវត្តិសាស្ត្រតែបន្តិច ​ប្រជា​ធិបតេយ្យ​បាន​កកើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩​៤០​ ជាពិសេស​គឺ​​តាម​បញ្ញ​វ័ន្ត​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេល​នោះ​សាធារណ​ជន​ទទួល​ស្គាល់​តាម​រយៈ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ យុទ្ធ​វង្ស​​​ ដែល​លោក​ក៏​បានបើក​គណបក្ស​នៅ​ក្នុង​ទសវត្ស ១៩៤០ ​គឺគណបក្ស​ប្រ​ជា​ធិ​បតេយ្យ​ ហើយ​ក៏​​មាន​ការរីក​ដុះ​ដាល់​ជា​បន្តបន្ទាប់​ជាហូហែ​​រហូត​ដល់​កម្ពុជា​យើង​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង។

​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ក៏មាន​ទម្រង់​​មាន​រូប​ភាព​កាន់​តែ​ច្បាស់​លាស់ ​​​និង​មានការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​​រហូត​ដល់​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ដែល​ប្រទេស​ធ្លាក់​ចូល​នៅ​ក្នុង​សង្គ្រាម​វៀត​ណាម ​អាមេរិក ​បាន​ទាញ​ទម្លាក់​ខ្មែរ​យើងឱ្យធ្លាក់ក្នុង​ការ​អន្តរាយ​រហូត​ដល់​មាន​សង្ក្រាម​ស៊ីវិល គឺការ​កើត​ឡើង​នៃ​របប​ខ្មែរ​ក្រហម ​ឬរបប ប៉ុល ពត។

ប្រជាធិបតេយ្យ​ទី​២ គឺ​តាម​រយៈ​កិច្ចព្រម​ព្រៀង​ទី​ក្រុង​បារីស​២៣ តុលា​ ឆ្នាំ​១៩៩១ ​​ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នៅ​តែមួយ​ទេដែល​ជាសង្គ្រាម​រវាង​ខ្មែរ​ និងខ្មែរ​ជា​សង្គ្រាមខ្ចី​ដៃ ឬ​ក៏​ជាសង្គ្រាម​អាយ៉ង​ របប​បរទេស​​នៅ​ស្រុកខ្មែរយើង ​ជា​ពិសេស​គឺ​រវាង​ចិន​ និង​វៀតណាម​សព្វថ្ងៃ​ ​ហើយ​តាម​រយៈ​កិច្ច​​ព្រម​ព្រៀង​ទី​ក្រុង​ប៉ា​រីស​ ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ​សេរីទូ​ទៅ​នៅ​ឆ្នាំ​ ១៩៩៣​​ បាន​បង្កើត​​ជា​រដ្ឋ​ធម្ម​នុញ្ញ​ ៩៣ ​រដ្ឋា​ភិបាល​បាន​បង្កើត​ឱ្យ​ព្រះ​រាជាណា​ចក្រ​ទី​ពីរ​ ហើយ​ក៏​មាន​ការ​វិវត្តិរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ។

លោកញឹក ឆន្នី៖ តើប្រ​ជា​ធិ​បតេយ្យ​បាន​រួម​ចំណែក​នៅក្នុង​វឌ្ឍនភាព​របស់​សង្គម​កម្ពុជា​ដោយ​របៀប​ណា?

លោក ប៉ា ចាន់រឿន៖ ជា​ការពិត​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ហើយថា​ប្រទេស​កម្ពុជា​យើង​ឆ្លង​កាត់​ក៏ដូចជា​សាកល្បង​នៅ​នយោ​បាយ​ជាច្រើន​ ហើយ​អតីតកាល​ក៏​បាន​បង្ហាញយើង​ដែរ​ការ​ឆ្លងកាត់​របប​នយោបាយ​ខ្លះ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​ភាព​វឹកវរ ​រហូត​ដល់​មាន​ការ​កាប់សម្លាប់​ជនជាតិឯង​ រាប់លាននាក់​ ទន្ទឹម​គ្នា​នេះ​ដែរ​ យើង​ឃើញថាមាន​តែ​របបនយោ​បាយ​បែប​ប្រជា​ធិបតេយ្យ​ទេ ​ដែល​បាន​ធ្វើ​ឱ្យ​ខ្មែរ​យើង​មាន​ភាព​សុខដុម​រម្យនា​មានសុខសន្តិភាពមានការ​អភិវឌ្ឍរីក​ចម្រើន​។

អ្នកនយោបាយ​ខ្មែរ​ អាច​រៀន​រស់​ជាមួយគ្នា​និយាយគ្នាអាចធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​សុខដុម​រម្យនា​ទោះបី​ជា​ប្រព័ន្ធ​នយោបាយ​វា​មាន​ចំណុចខ្វះខាតខ្លះ ហើយ​ភាព​អសកម្មមួយ​ចំនួន​មាន​នៅ​ក្នុង​ប្រជា​ធិបតេយ្យប៉ុន្តែវាគឺ​ជា​ប្រព័ន្ធ​មួយ​ដែល​របប​​នយោបាយ​ ដែល​មានបញ្ហា​តិ​ចជាង​គេ​ហើយ​ក៏ជា​ប្រព័ន្ធនយោបាយ​ដែល​អាចជួយផ្សះផ្សាដំបៅនយោបាយ​​អរិភាពរបស់​ខ្មែរ​យើង​រវាង​អ្នកនយោបាយ ​និង​អ្នកនយោបាយ​និងគាំទ្រ​នយោបាយ​ផ្សេងគ្នា។

លទ្ធិប្រជាធិបតេយ្យបានធ្វើឲ្យកម្ពុជាយើងផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ដែលបានបើកឱកាសឲ្យប្រទេសកម្ពុជាអាចរកស៊ីជួញដូរជាមួយប្រទេសជិតខាង។

ប្រទេសមួយ​ចំនួន​ទៀត​នៅ​ក្នុង​ពិភពលោក​ជាពិសេស​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​​ដែល​ជាទី​ផ្សារធំៗ​នៅ​ក្នុង​ពិភពលោក​ដែលធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​ទទួល​បានចំណូល​ និង​អត្ថប្រយោជន៍ជាច្រើន​ពីការ​អនុវត្តសេដ្ឋកិច្ចទីផ្សារ​ ជាលទ្ធផលស្រុកទេស​យើង ៣០ឆ្នាំក្រោម​ព្រមព្រៀង​ទី​ក្រុង​បារីស​​ មានការ​បោះឆ្នោត​ឆ្នាំ ៩៣​ដែលនាំមក​នៅ​លទ្ធិប្រជា​ធិបតេយ្យ​ឡើងវិញ។

​លទ្ធិប្រជា​ធិបតេយ្យ​បានធ្វើឱ្យ​ស្រុក​យើងមាន​ការ​រីកចម្រើន​ស្ទើរគ្រប់​វិស័យទាំង​រូបវន្ត និង​ទាំង​ស្មារតី​នៅក្នុង​សង្គម​ប្រជា​ជន យើង​បានចាក​ផុត​ពីភាព​ក្រីក្រ​ភាព សុខសន្តិភាព ចម្បាំង​រាំងជលក៏កាត់បន្ថយ​ទោះបីជា​មាន​បញ្ហា​រង្គោះរង្គើរផ្នែក​នយោ​បាយ​ខ្លះ​ក្តី ​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយខ្មែរ​នៅ​អាច​និយាយបាន​នៅ​មានឱកាស​និយាយ​គ្នាកើត​អាចរូបរួមគ្នាជាកម្លាំងនៅក្នុងការកសាងជាតិ​ទៅមុខទៀត​បាន។

លោកញឹក ឆន្នី៖ តើប្រជាធិបតេយ្យ​អាចជួយ​ប្រជា​ពលរដ្ឋបានកម្រិតណាដែរ?

លោកប៉ា ចាន់រឿន៖ បើយើង​មើល​អំពី​ប្រជា​ពល​រដ្ឋ​យើង​ឃើញ​ថា​ប្រជា​ពល​រដ្ឋខ្មែរ​ឱ្យ​តម្លៃហើយទទួល​ស្គាល់អំពី​សារ​សំខាន់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​ផ្តល់​ឱកាសឱ្យ​ពួកគាត់​មានឱកាសចូលរួម​​នៅក្នុង​កិច្ច​ការ​ងារ​សង្គម​គ្រប់វិស័យនាំមកនៅសុខ​សន្តិភាព ដូច្នេះ​យើងឃើញ​ថា​ប្រជា​ពល​របស់​យើង​​ប៉ែតសិបភាគ​រយឡើង​បានចូលរួម​បោះឆ្នោត​ដើម្បី​សម្តែង​នៅ​ឆន្ទៈរបស់ពួក​គាត់​នៅ​ក្នុង​ការ​ជ្រើសរើស​មេ​ដឹកនាំ​។

ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់​យើង​នៅ​ក្នុង​ចរន្ត​នយោបាយ​​ជាពិសេស​នៅក្រោយ​ការ​រំលាយគណបក្ស​សង្គ្រោះជាតិ​ដែលមានទំទាស់ខ្លាំង​ជាងគេ​តាងពីឆ្នាំ ២០១៧មក ដំណើរ​ប្រជា​ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង​មាន​ការ​ថយចុះ​ដែល​សហគមន៍អន្តរ​ជា​តិជាច្រើន​បានសំដែងនៅ​ការ​ព្រួយ​បារម្ភ​ មាន​ទាំងការ​ចេញសេចក្តី​ថ្លែង​ការ​​​ទាំង​របាយ​ការណ៍ ថ្លែង​សារ​ផ្ទាល់​នៅ​ក្នុង​ពិធី​ជាច្រើន​។

ដូចជា​ថ្មីៗ​នេះកម្មវិធី​គម្រប់​ខួបទី ៣០ឆ្នាំ​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ដែលសហគមអន្តរជាតិ​គេ​ឱ្យ​ឈ្មោះថា​ថ្ងៃ​កំណើត​នៃ​របប​ប្រជាធិបតេយ្យ​កម្ពុជា ហើយសហគមអន្តរជាតិជាច្រើ​ន​បាន​សម្តែង​នៅ​ការបារម្ភអំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​​ និងការ​ធ្លាក់ចុះនៃ​ដំណើរ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​អាចប៉ះពាល់សុខសន្តិភាព​និង​ការវិវត្តិដែលកម្ពុជា និងភាគីដទៃទៀត​ដែល​បាន​ជួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​អភិវឌ្ឍស្រុក​ក្នុង​រយៈពេល​ជាងម៉្ភៃឆ្នាំកន្លងមកនេះ។

លោកញឹម ឆន្នី៖ នៅប៉ុន្មានឆ្នាំខាងមុខទៀត​ តើប្រជាធិបតេយ្យនឹងមានការរីកចម្រើនហើយប្រជាពលរដ្ឋ​មាន​សិទ្ធិ​​គ្រប់គ្រាន់​ក្នុង​និយាយស្តីដែរ ឬទេ?

លោកប៉ា ចាន់រឿន៖ ស្ថានភាពប្រជា​ធិបតេយ្យ​នៅស្រុក​យើង​ វាអាស្រ័យលើស្ថានភាព​នយោបាយ​ៗប្រេះ​ឆាគ្នា ជំលោះគ្នាវាកាន់តែរីករាលដាល​ទៅ​ដល់​កម្រិតមួយ​កាន់តែ​ធ្ងន់​ធ្ងរ​ ស្ថានភាព​ប្រជា​ធិបតេយ្យយើងក៏​ដាំក្បាលធ្លាក់ចុះ​គួរឱ្យព្រួយបារម្ភ​ នៅពេល​ដែល​ប្រជា​ធិបតេយ្យ​ធ្លាក់​ចុះ ​ការរឹតត្បិត​ផ្នែកសិទ្ធិ​សេរីភាព​ ជា​ពិសេសការសារព័ត៌មានក៏នឹងត្រូវរងសំពាធ​ ការគាប​សង្កត​ទាំង​អ្នក​សារព័ត៌មាន ទាំង​ប្រជា​ពលរដ្ឋ​ទូទៅនោះ​ ពិបាក ​ឬក៏អាច​ប្រឈម​មុខ​ការ​ធ្វើទុក​​បុក​ម្នេញ​តាំងពីការ​សំឡុតគំរាម និងចាប់ដាក់​គុក​៕