ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍​នេះ​បាន​ ចេញសេចក្ដី​អនុញ្ញាត​មួយ​ ដោយ​សម្រេច​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ឈ្មោះ Sinopharm Covid-19 ដែល​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​នាំ​មក​ពីប្រទេសចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​បន្ទាន់។

ក្នុងសេចក្ដីអនុញ្ញាតរបស់ក្រសួងសុខាភិបាល ចេញ​ដោយ​​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង នភ​ថ្ងៃ​ទី០៤ ខែមករា ឆ្នាំ ២០២១នេះ បញ្ជាក់ថា​៖ «ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​វ៉ាក់​សាំង Sinopharm Covid-19 ដែល​ផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co,Ltd នៃ​សាធារណរដ្ឋប្រជាមានិត​ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization) ដោយ​អនុវត្តតាមពិធីសារ​ស្តីពី​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជ​រដ្ឋាភិបាល»។

គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភ: ឆ្នាំ២០២១ នេះ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺ​កូវីដ​១៩​ថ្មីចំនួន០១ នាក់ ដែល​ជា​អ្នក​ដំណើរមកពីប្រទេសគុយវ៉ែត និងជាសះស្បើយចំនួន​០៤​នាក់។ អ្នកឆ្លងសរុបមានចំនួន៤៦៧នាក់ ជា​សះស្បើយ​ចំនួន៤៥១នាក់ ហើយអ្នកកំពុងសម្រាក​ព្យាបាលមានចំនួន១៦នាក់៕​