ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បដិសេធ​លើ​អត្ថបទ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ ជំងឺ​កូវីដ​​១៩​មិន​មែន​ជា​​វីរុស​​​ តែ​ជា​បាក់​តេរី​​ដែល​ត្រូវ​បាន​ប៉ះ​នឹង​វិទ្យុ​សកម្ម ​និង​បញ្ចូល​ឈាម​​បណ្តាល​ឱ្យ​មនុស្ស​កក​ឈាម​ស្លាប់​ ថា​ជា​ព័ត៌មាន​មិនពិត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​ បាន​អះអាងថា ​ព័ត៌មាន​ដែល​បាន​​​ចុះ​ផ្សាយ​តាម​​​​បណ្តាញសង្គមនៅថ្ងៃ​ទី​០៩ ​និង​ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០២១  និង​ដាក់​ប្រភព​ពី​​ក្រសួង​សុខា​ភិបាល​សឹង្ហបុរី​​​ថា ជំងឺ​​កូវីដ​១៩​គឺជា​​បាក់​តេរី​​ដែលត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុសកម្ម ​​និង​​បញ្ចូល​ឈាម​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​នោះ គឺជា​​ព័ត៌មាន​ក្លែង​បន្លំ​ និងបំពុល​សង្គម។

សេចក្តីប្រកាសព័ត៌មានខាងលើ​បាន​ស្រង់​អត្ថប័យ​​ពី​ព័ត៌មាន​នោះ​ថា៖ «​ប្រទេស​សឹង្ហ​បុរី​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភព​លោក​​ បាន​ធ្វើ​កោលស្យ​វិច័យលើ​សាកសព​អ្នក​ជំងឺ​កូវីដ១៩​ ហើយ​​រក​ឃើញ​ថា​កូវីដ១៩​មិនមែន​ជា​វីរុស​ទេ វាជា​បាក់តេរី​ ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុសកម្ម​ និង​បញ្ចូល​ឈាម​ បណ្តាល​ឱ្យស្លាប់​មនុស្ស​ ព្រម​ទាំង​បណ្តាល​ឱ្យឈាម​មនុស្ស​កក មាន​កំណក​ឈាម​ បណ្តាល​ឱ្យ​មនុស្ស​ពិបាក​ដកដង្ហើម ព្រោះ​ខួរ​ក្បាល​បេះ​ដូង​ និង​សួត​មិន​អាច​ទទួល​បាន​អុកស៊ីសែន​ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ឆាប់​រហ័ស»។

​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោកស្រី​ ឱ វណ្ណឌីន នៅថ្ងៃសុក្រ​នេះបញ្ជាក់ថា​៖ «នេះ​ជា​ព័ត៌មាន​មិនពិត ក្លែងបន្លំ និង​បំពុល​សង្គម នៅក្នុង​ដំណាក់​កាល​ដែល​បណ្តា​ប្រទេស​នៅ​លើ​សកល​លោក​ បាន​និង​កំពុង​រង​គ្រោះ​ដោយការ​រាត​ត្បាត​ពី​វីរុស​កូវីដ​១៩»។

លោក​ស្រី​ ឱ វណ្ណ​ឌីន​បាន​បន្ថែម​ទៀត​ថា​៖​ «សូម្បី​តែ​អង្គការ​សុខភាព​ពិភព​លោក ក៏​នៅ​ពន្យល់​ថា​ជំងឺ​កូវីដ​១៩ ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​១៩​ (មិនមែន​ដោយ​បាក់​តេរី​នោះ​ឡើយ)​ ដែល​គេ​មិន​ទាន់​បាន​រក​ឃើញ​ឱសថ​សម្រាប់​ព្យាបាល​ជាក់​លាក់​បាន​នៅ​ឡើយ​»។

លោកស្រី ឱ វណ្ណឌីន អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ ឱ្យឈប់​ចែកចាយ​នូវអត្ថបទ​ដែល​មាន​ខ្លឹម​សារ​ដូច​ការ​ជម្រាប​ជូនខាង​លើ​នេះ​បន្តទៀត ដើម្បី​បង្ការ​ការ​ភ័ន្តច្រឡំ និង​ច្រ​បូក​ច្រ​បល់​សាធារណៈមតិ​៕​